ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថៃ​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​២​ថ្ងៃ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ស្វាមី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ ៖ លោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ស្វាមី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ ។ ការ​អញ្ជើញ​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ​តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ាណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា លោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រ និង​ស្វាមី នឹង​មាន​ព្រះរាជ​សវនាការ​ជា​មួយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នៅ​ព្រះ​បរមរាជវាំង​។

លោកស្រី​នាយក​រដ្ឋមន្ត្រី នឹង​មាន​ជំនួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហារដ្ឋ​សភា ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​។

លោកស្រី នាយក​រដ្ឋមន្ត្រី​ថៃ និង​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​មាន​ជំនួប​ទ្វេភាគី ដើម្បី​ពិភាក្សា​ពី​ការ​កំណត់​ទិស​ដៅ​សកម្មភាព ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ។

នៅ​ចុងបញ្ចប់​នៃ​ជំនួប​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​នឹង​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​ផ្សេង​ៗ​មួយ​ចំនួន​ផង​ដែរ ។

សូម​បញ្ជាក់​ថា ទស្សនកិច្ច​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ កើត​មាន​ឡើង​ស្រប​ពេល ដែល​ព្រះ​រាជាណាចក្រ ទាំង​ពីរ​ប្រារព្ធ​ខួប​ទី​៧៥​នៃ​ទំនាក់ទំនង​ការទូត ដែល​នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ជាប្រពៃណី​រវាង​ប្រជាជន​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ