ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​​​កំពុង​​កាយ​ដី​​ភ្នំ​មួយ​​ដឹក​លក់​យ៉ាង​កក្រើក

7 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដី​ថ្មី បាន​រាយការណ៍​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៥​ថា ក្រុម​ឈ្មួញ​បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ចំនួន​២​គ្រឿង និង​រថយន្ត​ដឹក​ដី​ចង្កូត​ស្តាំ​ជិត​១០​គ្រឿង ទៅ​សម្ងំ​ជីក​កកាយ​ដី​កូនភ្នំ​មួយ​កន្លែង ស្ថិត​នៅ​ត្រង់​ចំណុច​អូរ​កប់​អង្ករ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដី​ថ្មី បាន​រាយការណ៍​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៥​ថា ក្រុម​ឈ្មួញ​បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ចំនួន​២​គ្រឿង និង​រថយន្ត​ដឹក​ដី​ចង្កូត​ស្តាំ​ជិត​១០​គ្រឿង ទៅ​សម្ងំ​ជីក​កកាយ​ដី​កូនភ្នំ​មួយ​កន្លែង ស្ថិត​នៅ​ត្រង់​ចំណុច​អូរ​កប់​អង្ករ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង​តាំងពី​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឈប់​នៅឡើយ ខណៈ​ដែល​គេ​សង្ស័យ​ថា មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​…​ហេ ! ហេ !

ប្រជាពលរដ្ឋ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ពោល​គឺ​ចាប់តាំងពី​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ពួក​ឈ្មួញ​ដែល​គិតតែ​ផលប្រយោជន៍​របស់​ខ្លួន​បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ រួម​ជាមួយនឹង​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង នាំ​គ្នា​ជីក​កកាយ​ដី​ជើង​កូនភ្នំ​មួយ​កន្លែង ដឹក​លក់​នៅ​តាម​ភូមិ​នានា​ក្បែរ​ព្រំដែន យ៉ាង​គគ្រឹកគគ្រេង បណ្តាល​ឱ្យ​ហុយ​ដី​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ បង្ក​ជា​បញ្ហា​ជំងឺ​ផ្លូវដង្ហើម និង​រលាក​បំពង់ក ដល់​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​អាចម៍ដី​ខ្លះ​បាន​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្លូវ បណ្តាល​ឱ្យ​រអិល​នៅ​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ និង​ហុយ​ទ្រលោម​ពេល​ដែល​ក្តៅ​ខ្លាំង ធ្វើ​ឱ្យ​ផ្លូវ​ក្រាល​កៅស៊ូ​ចង់​ក្លាយជា​ផ្លូវលំ ។

ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ថា ការ​ដឹក​ដី​របស់​ក្រុម​ឈ្មួញ​ខាងលើ​នេះ បណ្តាល​ឱ្យ​ទទួល​រង​ការ​ខូច​ផ្លូវ​បេតុង​ក្លាយទៅជា​ជង្ហុក​តូច​ធំ នៅ​ក្បែរ​មណ្ឌល​សុខភាព​ផ្សារ​ព្រំ នាំ​ឱ្យ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ម៉ូតូ និង​រថយន្ត​ថែម​ទៀត ជា​ពិសេស​ធ្វើ​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ដួល​ម៉ូតូ​ជា​រឿយ​ៗ បណ្តាល​ឱ្យ​រង​របួស ដល់​អ្នក​រស់នៅ​ក្នុងភូមិ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ព្រោះ​ក្លាយជា​ដី​ល្បប់​ភក់​អស់ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក សៀ សុខុម អភិបាលស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី​ទាំងអស់​ខាងលើ ខាង​លោក​អត់​បាន​ចេញ​ច្បាប់​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ជីក​កកាយ​ដី​ដឹក​លក់​នោះ​ទេ ដោយ​ពួក​គេ​ឆ្លៀតឱកាស​ពេល​បុណ្យចូលឆ្នាំ​ថ្មី ខណៈ​ដែល​មន្ត្រី​កំពុង​តែ​រវល់​នឹង​អបអរសាទរ​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី ក៏​ត្រូវ​ពួក​គេ​លួច​នាំ​គ្នា​ជីក​កកាយ​ដោយ​ឥត​មានច្បាប់ ខាង​លោក​នឹង​ចុះ​ទៅ​ពិនិត្យ ។

ចំណែក​លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ខាង​លោក បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ត្រង់​កន្លែង​ជីក​កកាយ​ដី​ខាងលើ តែ​ក្រុម​ឈ្មួញ​បាន​នាំ​គ្នា​យក​គ្រឿងចក្រ និង​រថយន្ត​បើក​រត់គេច​ខ្លួន​អស់រលីង​ហើយ ដោយនៅ​សល់​តែ​ស្នាម​ជីក​កកាយ​ដី​ក្បែរ​ជើងភ្នំ​ប៉ុណ្ណោះ ។ គិត​ទៅ​ឈ្មួញ​ដឹង​ក្លិន​មែនទែន​! រថយន្ត​មួយ​ហ្វូង​ចាប់​បាន ខ្យល់​…​ហេ ! ហេ !

ទោះបីជា​យ៉ាងណា ខាង​លោក​នឹង​ស្រាវជ្រាវ​រក​ឈ្មួញ​ទាំងនោះ ដើម្បី​ធ្វើការ​ណែនាំ​ឱ្យ​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់ទម្លាប់ ចៀសវាង​មាន​បញ្ហា​នៅ​ថ្ងៃ​ខាង​មុខ ។ មានការ​កត់សម្គាល់​បញ្ហា​ជីក​កកាយ​ដី​ភ្នំ​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​ហាក់​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​កន្លង​មក តែ​ក៏​មិន​ដែល​ឃើញ​មាន​ចំណាត់ការ​ណាមួយ​ពី​សំណាក់​អាជ្ញាធរ ចំពោះ​ក្រុម​ឈ្មួញ​ជីក​កកាយ​ដី​ភ្នំ​ម្តងណា​ឡើយ ។

ទោះបីជា​បែប​ណា ចាំ​មើល​លើក​នេះ តើ​ក្រុម​ឈ្មួញ​ទាំងនោះ​ជួប​វាសនា​បែប​ណា បើ​រក​ឃើញ​ថា​ធ្វើការ​ជីក​បំផ្លាញ​ដី​ភ្នំ​ដោយ​ខុសច្បាប់ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ