រាជធានីភ្នំពេញ ៖ សម្រាប់រាត្រីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែមេសានេះនៅលើផ្លូវថ្មើរជើង(Walk Street) មានរៀបចំឱ្យមានរបាំបុរាណនារីកម្ពុជា ការសម្ដែងក្បាច់គុនល្បុក្កតោ ។ បន្ថែមពីនេះ ដោយសារនៅសល់ចំហាយពីបុណ្យចូលឆ្នាំថ្មី នាថ្ងៃសៅរ៍ទី១៩ មេសានេះដែរ ក៏មានប្អូនៗយុវវ័យបានបន្តលែងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street)យ៉ាងច្រើនកកកុញផងដែរ។

នេះបើតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី២០ មេសានេះ ។
លោកស្រីបន្តថា ៖ នៅថ្ងៃអាទិត្យនេះ ម៉ោង៧យប់មានសម្ដែងល្បុក្កតោ ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ នៅថ្ងៃសៅរ៍នេះដែរ មានបងប្អូនប្រជាពលរដ្ឋ ពិសេសយុវវ័យ នៅតែបន្តលែងល្បែងប្រជាប្រិយរបស់យើងដូចជា លោតកៅស៊ូ លាក់កន្សែង និងរាំលេងកម្សាន្ត នៅផ្លូវថ្មើរជើង (Walk Street) មុខបរមរាជវាំងដដែល ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ ។

គួររំលឹកថា ៖ តាមការចង្អុលបង្ហាញពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍, បណ្ណាល័យចល័ត ។ល។ ពោល គឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះការលក់ដូរម្ហូបអាហារក៏មានការផ្លាស់ប្តូរ និងកើនឡើងផងដែរ ។

គួរបញ្ជាក់ថា ៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការ២ថ្ងៃ ក្នុង១សប្ដាហ៍ គឺថ្ងៃសៅ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ៕






ចែករំលែកព័តមាននេះ