ខេត្តកណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាចេញពីពន្ធនាគារម្នាក់ត្រូវបាននគរបាលស្រុកស្អាងចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាព លួចម៉ូទ័របូមទឹក និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានចំនួន០៧លើក ។

ហេតុការណ៍នេះដែរ កាលពីវេលាម៉ោង០៦និង០០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ែន សុថា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានឈ្មោះ មិន សាន់ ហៅ(ស៊ឺ) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀ.ន) មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

និងធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាល ចំនួន០២លើក ទី០១ រយៈពេល០១ឆ្នាំ ០៦ខែ ករណីអំពើលួច(មាន់) ។ ទី០២ រយៈពេល០៨ខែ ករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀ.ន ។
បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យខាងលើជាមនុស្សប្រើប្រាស់គ្រឿងញៀ.នជាប្រចាំ ហើយតែងតែលួចរបស់របរ និងផលដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ជាញឹកញាប់ផងដែរ ។
លុះរហូតមកដល់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៦ និង០០នាទីយប់ ជនរងគ្រោះបានទៅដីចម្ការរបស់ខ្លួន ស្រាប់តែមិនឃើញម៉ូទ័របូមទឹក(បាត់) ក៏បានដើរទៅសាកសួរអ្នកភូមិ ដែលនៅជិតចម្ការជាមួយគ្នា ក៏គេប្រាប់ថា «មានជនសង្ស័យឈ្មោះ មិន សាន់ ហៅស៊ឺ បានធ្វើសកម្មភាពលួចយកម៉ូទ័របូមទឹករបស់ខ្លួនយកទៅបាត់ហើយ» ទើបប្រញាប់ប្រញាល់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ដើម្បីឱ្យជួយអន្តរាគមន៍ ពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយសហការជាមួយកម្លាំងនគរបាលស្រុកស្អាង ចុះធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា បន្ទាប់ពីខ្លួនចេញពីពន្ធនាគារវិញបានធ្វើសកម្មភាពលួចម៉ូទ័របូមទឹកចំនួន០១គ្រឿង និងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានចំនួន០៧លើកមកហើយ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកស្អាង កំពុងកសាងសំណុំរឿងបញ្ចូលទៅតុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ