រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានប្រកាសព័ត៌ មានស្តីពីការចោទប្រកាន់ទៅលើអ្នកបើកបររថយន្តម្នាក់ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្នាប់ម្នាក់ស្លាប់ និងរបួស៥នាក់នៅខណ្ឌឬស្សីកែវ តំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការ និងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនបង្កដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបើកសវនាការផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខក្រុមហ៊ុនខេហ្វ័រ លើផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បង្កឡើងដោយឈ្មោះ ថូ មករា ភេទស្រី អាយុ២៧ ឆ្នាំ ដែលបានបើកបររថយន្តមួយគ្រឿងម៉ាក LEXUS ND 200t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS.3393 ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពភាពស្រវឹងមានកម្រិតជាតិអាល់កុល ០.៧៣Mg/Lខ្យល់ បានបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កម៉ាក YAMAHA SIRIUS ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលបើកបរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កឈ្មោះ ឡេង ប៊ុនហេង ភេទប្រុស អាយុ៤៥ ឆ្នាំ ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។ ចំណែកអ្នករួមដំណើរលើម៉ូតូសណ្តោងរ៉ឺម៉ក ចំបួន៥ នាក់ទៀតរងរបួស ។
ករណីនេះសមត្តកិច្ចបានឃាត់ខ្លួនជនបង្ក និងកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយពីសាកសួរ និងពិនិត្យលើភស្តុតាងនានា តំណាងអយ្យការបានសម្រចធ្វើការចោទប្រកាន់ លោអ្នកបើកបររថយន្តឈ្មោះ ថូ មករា ភេទស្រី អាយុ២៧ ឆ្នាំ (ឃាត់ខ្លួន) ពីបទ.បើកបរបង្កគ្រោះថ្នាក់ចរចារណ៌បណ្តាលឲ្យអ្នកដទែស្លាប់.របួស និងបទ.បើកបរស្ថិតក្នុងស្ថានភាពស្រវឹង (មានអត្រាជាតិអាល់កុល០.៧៣Mg/Lខ្យល់) តាមមត្រា៨៣ មាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៧៧ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ