ទីក្រុងឡុង៖ ឆ្លៀតឱកាសដែលលោកពូទីនទើបតែប្រកាសថ្មីៗនេះថារុស្ស៊ីសូមផ្អាកបាញ់គ្នាដើម្បីអបអរសាទរទិវាបុណ្យអ៊ីសស្ទើដេ (Easter Day) ឬទិវាព្រះយេស៊ូរស់ពីសុគតតាមនិកាយអ័រតូដុក (Orthordox) ប៉ែកខាងអឺរ៉ុបខាងកើត។ ដូច្នេះ សហភាពអឺរ៉ុប និងអង់គ្លេសបានបញ្ចេញប្រតិកម្មចំពោះបទឈប់បាញ់រយៈពេលខ្លី និងជាឯកតោភាគីនេះដោយប្រុងប្រយ័ត្ន។
អឺរ៉ុបយល់ថារុស្ស៊ីមិនចាំបាច់នៅច្រិមច្រុមតទៅទៀតទេ។ បើរុស្ស៊ីមានឆន្ទៈចង់បញ្ចប់សង្គ្រាមនេះអាចបញ្ចប់បានភ្លាម។ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោកស្រីអនីតា ហ៊ីបផឺ (Anitta Hipper) ថ្លែងថារុស្ស៊ីមានប្រវត្តិជាប្រទេសឈ្លានពានគេ។ ហេតុនេះជាដំបូងយើងចង់សង្កេតមើលសិនថាតើរុស្ស៊ីពិតជាផ្អាកសកម្មភាពឈ្លានពានរបស់ពួកគេ និងអនុវត្តបទឈប់បាញ់ជាអចិន្ត្រៃយ៍ដែរឬទេ។
ដោយឡែក អង់គ្លេសសូមយកឱកាសនេះជំរុញឱ្យរុស្ស៊ីមិនចាំបាច់ផ្អាកផ្ទុះអាវុធត្រឹមតែប៉ុន្មានម៉ោងហ្នឹងទេ។ រុស្ស៊ីគួរតែទទួលយកបទឈប់បាញ់ដ៏ពេញលេញតែម្ដងទៅ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអង់គ្លេស។ អ្នកនាំពាក្យអង់គ្លេសថ្លែងថាអ៊ុយក្រែនបង្ហាញឆន្ទៈគាំទ្របទឈប់បាញ់ដ៏ពេញលេញរួចហើយ។
ដូចនេះ យើងសូមជំរុញឱ្យរុស្ស៊ីទទួលយកបទឈប់បាញ់ដូចអ៊ុយក្រែនដែរ។ អង់គ្លេសយល់ថាបើសិនភាគីទាំង២ផ្អាកបាញ់គ្នាទាំងស្រុងអាចនឹងជួយពន្លឿនការចរចាគ្នាឆ្ពោះទៅរកសន្តិភាពដ៏យូរអង្វែងប្រកបដោយយុត្តិធម៌។ («សន្តិភាពដោយយុត្តិធម៌» ចង់មានន័យថាមិនមែនជាសន្តិភាពដែលធ្វើឡើងទាំងបង្ខំចិត្ត ដោយចាញ់ប្រៀបគេ ដោយការដាក់សម្ពាធ ឬដោយការបាត់បង់ផលប្រយោជន៍ជាតិខ្លួនឯង ឧទាហរណ៍បាត់បង់ទឹកដីដើម្បីជាថ្នូរនឹងសន្តិភាពនោះទេ។ ប៉ុន្តែជាសន្តិភាពដែលស្មើមុខស្មើមាត់គ្នា)។
អង់គ្លេសយល់ថាលោកពូទីនគួរឆ្លៀតឱកាសនេះបង្ហាញប្រាប់ពិភពលោកថាលោកពិតជាមានឆន្ទៈមោះមុតដើម្បីបិទបញ្ចប់អំពើឈ្លានពានរបស់គាត់ និងនាំយកសន្តិភាពដ៏ពិតប្រាកដ។ សូមរំលឹកថាលោកពូទីនបានប្រកាសផ្អាកវាយប្រហារអ៊ុយក្រែនរយៈពេល៣០ម៉ោងដើម្បីអបអរសាទរបុណ្យអ៊ីសស្ទើ។ ប្រភពខ្លះថារុស្ស៊ីចង់ស្អំចិត្តទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីរដ្ឋាភិបាលអាមេរិកតាមរយៈរដ្ឋមន្ត្រីការបរទេសផង និងក្រោយមកទៀត លោកត្រាំនិយាយដោយផ្ទាល់មាត់ផងថាលោកនឹងពិចារណាដកខ្លួនថយពីការដោះស្រាយបញ្ហាអ៊ុយក្រែនព្រោះមើលទៅភាគីទាំង២ហាក់ដូចជាពិបាកនិយាយគ្នាខ្លាំងពេក៕
ចែករំលែកព័តមាននេះ