ទីក្រុងម៉ូស្គូ៖ ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបញ្ជាក់ថាវាជាការពិតដែលថារុស្ស៊ីបន្តវាយប្រហារទីក្រុងស៊ូមី (Sumy) របស់អ៊ុយក្រែនដូចការអះអាងរបស់ក្រសួងការពារជាតិ និងវិមានក្រឹមឡាំងដែលធ្លាប់ប្រកាសកាលពីមុននេះ។ រុស្ស៊ីថ្លែងថាខ្លួនបាញ់មីស៊ីល២គ្រាប់ចូលទៅក្នុងទីតាំងជួបគ្នាសម្ងាត់នៃមន្ត្រីយោធារបស់អ៊ុយក្រែន។ រដ្ឋាភិបាលទីក្រុងកៀវអះអាងថាព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុននោះបានសម្លាប់មនុស្សយ៉ាងតិច៣៤នាក់ និងរបួស១១៧នាក់។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានរុស្ស៊ីកុងម៊ែសង់ (Kommersant) ប្រមុខការទូតរុស្ស៊ី លោកឡាវរ៉ូស (Lavrov) ប្រាប់ថាគោលដៅធំដែលរុស្ស៊ីវាយប្រហារនៅពេលនោះគឺដោយសារមានកិច្ចជំនួបសម្ងាត់រវាងមន្ត្រីយោធាអ៊ុយក្រែន និងបស្ចិមប្រទេសនៅស៊ូមី។ លោកថានោះជាកិច្ចជំនួបលួចលាក់ដើម្បីឃុបឃិតគ្នាប្រព្រឹត្តអំពើទុច្ចរិតរបៀបដូចជាក្រុមជើងកាង ឬក្រុមម៉ាស់ផ្ចា (mafia)។
រដ្ឋមន្ត្រីរូបនេះអះអាងថាពួកបស្ចិមប្រទេសបានបញ្ជូនមន្ត្រីយោធារបស់ខ្លួនទៅបំពេញបេសកម្មលួចលាក់នៅអ៊ុយក្រែនតាំងពីយូរមកហើយ។ ពួកគេបន្លំខ្លួនពីសម្បកក្រៅជាទាហានស៊ីឈ្នួល។ លោកថ្លែងដូចខាងលើនេះដោយមិនបង្ហាញភស្តុតាងលម្អិតពេកទេ។ ក្រសួងការពារជាតិរុស្ស៊ីចោទប្រកាន់ថាអ៊ុយក្រែនប្រើប្រាស់ជនស៊ីវិលធ្វើជាខែល។ មានន័យថាពួកគេ (អ៊ុយក្រែន) បន្លំដាក់គ្រឿងសព្វាវុធនៅក្នុងទីតាំងស៊ីវិល និងបើកកិច្ចប្រជុំសម្ងាត់នៃមន្ត្រីយោធានៅទីនោះស្មានថារុស្ស៊ីមិនហ៊ានវាយប្រហារ។
ក្រោយការធ្វើអត្ថាធិប្បាយរបស់ប្រមុខការទូតរុស្ស៊ីដូចខាងលើនេះ គេមិនទាន់ឃើញការបញ្ចេញប្រតិកម្មពីអ៊ុយក្រែនទេ។ ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាមីស៊ីល២គ្រាប់ដែលបាញ់ចូលទីក្រុងស៊ូមីនោះជាប្រភេទមីស៊ីលអ៊ីស្កាន់ដឺ (Iskander)។ រុស្ស៊ីអះអាងថានៅក្នុងប្រតិបត្តិការវាយប្រហារនោះ ទាហានអ៊ុយក្រែនមិនតិចជាង៦០នាក់ទេបានពលីជីវិត។
នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត ដោយសារមើលឃើញថាដំណើរការចរចាគ្នាហាក់ដូចជាតឹងតែងខ្លាំងដូចអូសឫស្សីបញ្ច្រាសចុង ថ្មីៗនេះរដ្ឋាភិបាលរបស់លោកត្រាំសម្រេចគ្នាហើយថានឹងទទួលស្គាល់ជាផ្លូវការនូវតំបន់គ្រីម៉េ (Crimea) ជាទឹកដីរុស្ស៊ីដោយស្របច្បាប់។ ការទទួលស្គាល់នេះជាផ្នែក១នៃកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យរុស្ស៊ីទទួលយកកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រប៊្លូមបឺក (Bloomberg)៕
ចែករំលែកព័តមាននេះ