ទីក្រុងវ៉ាស៊ីនតោន៖ ប្រជាប្រិយភាពរបស់លោកត្រាំនៅក្នុងដួងចិត្តប្រជាជនអាមេរិកបន្តធ្លាក់ចុះ។ នេះបើតាមការស្ទង់មតិដែលរៀបចំឡើងដោយក្រុមហ៊ុនដ៏គួរឱ្យជឿទុកចិត្តបំផុតនៅអាមេរិក។ ការស្ទង់មតិនៅខែមេសាបង្ហាញថាក្នុងចំណោមអ្នកចូលរួមស្ទង់មតិទាំងនោះ, ៥២%ប្រាប់ថាពួកគេមិនគាំទ្រការដឹកនាំរបស់លោកត្រាំទេ និង៤៦%ប្រាប់ថាពួកគេពេញចិត្តនឹងការដឹកនាំរបៀបនេះ។ ដូច្នេះ បើគេប្រៀបធៀបរវាងការគាំទ្រ និងការជំទាស់ពីសំណាក់ប្រជាជនអាមេរិកគឺល្អៀងគ្នា៦%។
កាលពីស្ទង់ខែមីនា លោកត្រាំទទួលបានសំឡេងគាំទ្រ៥២%ទល់នឹង៤៧%។ ដូច្នេះគំលាតរវាងគាំទ្រ និងប្រឆាំងល្អៀងគ្នា៥%។ កាលពីខែកុម្ភៈ ដោយសារលោកទើបតែឡើងកាន់អំណាចថ្មីៗ លទ្ធផលស្ទង់មតិបង្ហាញថាមតិស្រប និងមតិប្រឆាំងល្អៀងគ្នាត្រឹមតែ០,៦%តែប៉ុណ្ណោះ។ ការស្ទង់មតិចុងក្រោយធ្វើឡើងចាប់ពីថ្ងៃទី១០-១៤ ខែមេសា និងសាកសួរមនុស្សពេញវ័យចំនួន២៣៤៧នាក់។ លទ្ធផលវិភាគអាចមានចំណុចល្អៀងត្រឹមតែ០,២%ប៉ុណ្ណោះ។
លទ្ធផលនេះបង្ហាញថាប្រជាជនអាមេរិកភាគច្រើនមិនពេញចិត្តនឹងរបៀបចាត់ចែងកិច្ចការរដ្ឋរបស់លោកត្រាំទេជាពិសេសពាក់ព័ន្ធនឹងបញ្ហាធំៗដូចជាបញ្ហាអន្តោប្រវេសន៍ និងសេដ្ឋកិច្ចជាដើម។ វិស័យទាំងនេះធ្លាប់ត្រូវគេរំពឹងទុកថាជាចំណុចខ្លាំងរបស់គាត់។ គិតទៅត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ ប្រជាប្រិយភាពរបស់ត្រាំធ្លាក់ចុះ៦%។ ប្រជាជនអាមេរិកភាគច្រើនគិតថាត្រាំបំពេញការងារមិនបានល្អទាល់តែសោះក្នុងនាមជាប្រធានាធិបតីប្រទេសមហាអំណាច។
លទ្ធផលស្ទង់មតិបង្ហាញថាពលរដ្ឋអាមេរិកាំង៥២%យល់ថាការបំពេញការងាររបស់ត្រាំអន់ ឬអន់មែនទែន។ ចំណែក៤៣%ទៀតយល់ថាត្រាំបំពេញការងារបានល្អ ឬល្អប្រសើរ។ ប្រភពខ្លះថានយោបាយដំឡើងពន្ធរបស់ត្រាំដែលក្រុមអ្នកវិភាគគិតថាអាចនឹងរុញច្រានប្រទេសជាតិឱ្យធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចនោះទំនងជាកត្តាធំដែលធ្វើឱ្យគាត់ធ្លាក់ប្រជាប្រិយភាព៕
ចែករំលែកព័តមាននេះ