ទីក្រុងរ៉ូម៖ ក្រុមការងារអាមេរិក និងអ៊ីរ៉ង់ចាប់ផ្ដើមចរចាគ្នានៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីនៅថ្ងៃនេះដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរដែលនៅជាប់គាំងមួយទសវត្សមកហើយ។ ការជួបគ្នានេះធ្វើឡើងនៅក្រោមគំនាបពីលោកត្រាំដែលត្រៀមវាយប្រហារអ៊ីរ៉ង់បើការចរចាបរាជ័យ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងប្រេសិតពិសេសរបស់លោកត្រាំនឹងចរចាគ្នាដោយប្រយោលដោយមានមន្ត្រីរដ្ឋាភិបាលប្រទេសអូម៉ង់ម្នាក់ធ្វើជាអន្តរការី។ លោកនឹងធ្វើជាអ្នកពាំនាំពាក្យពេចន៍ទៅមករវាងភាគីទាំង២។
នៅក្នុងកិច្ចជំនួបជាមួយសមភាគីអ៊ីតាលីថ្ងៃនេះ ប្រមុខការទូតអ៊ីរ៉ង់បញ្ជាក់ថារដ្ឋាភិបាលរបស់លោកចង់ដោះស្រាយបញ្ហាតាមមធ្យោបាយការទូត។ លោកសូមអំពាវនាវទៅភាគីទាំងអស់ដែលពាក់ព័ន្ធនឹងការចរចាគ្នានេះសូមឆ្លៀតឱកាសនេះដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រកបដោយភាពសមហេតុផល និងតក្កភាព។ លោកយល់ថារាល់កិច្ចព្រមព្រៀងណា១គួរណាស់គិតជាសំខាន់ចំពោះសិទ្ធិអធិបតេយ្យរបស់អ៊ីរ៉ង់ និងគួរដកចេញនូវទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ទៅលើអ៊ីរ៉ង់។
នៅក្នុងកិច្ចជំនួបជាមួយសមភាគីរុស្ស៊ីនៅម៉ូស្គូកាលពីម្សិលមិញ រដ្ឋមន្ត្រីអ៊ីរ៉ង់ជឿជាក់អ៊ីរ៉ង់ និងអាមេរិកអាចនឹងសម្រេចបានកិច្ចព្រមព្រៀងនេះជាមួយគ្នា។ ប៉ុន្តែលោកយល់ថាកិច្ចព្រមព្រៀងប្រហែលជាមិនទាន់អាចទៅរួចនៅក្នុងពេលឆាប់ៗនេះទេ។ អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ថ្លែងថាកាលពីសប្ដាហ៍មុនថាលោកមិនមានសុទិដ្ឋិនិយមខ្លាំងពេកទេ ហើយក៏មិនមានទុទិដ្ឋិនិយមដែរ។
កាលពីយប់មិញ លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកកំពុងព្យាយាមទប់ស្កាត់អ៊ីរ៉ង់មិនឱ្យផលិតអាវុធនុយក្លេអ៊ែរ។ លោកថាអ៊ីរ៉ង់មិនត្រូវមានអាវុធនេះជាដាច់ខាត។ លោកចង់ឃើញអ៊ីរ៉ង់អភិវឌ្ឍខ្លួនជាប្រទេសដ៏អស្ចារ្យ និងរស់នៅដោយសុខដុមរមនានឹងគ្នា។ លោកមិនចង់ឃើញប្រទេសនេះពលីអាយុជីវិតរបស់មនុស្សទេ។ ប្រភពខ្លះថាអ៊ីស្រាអែលរៀបផែនការវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប៉ុន្តែលោកត្រាំបានផ្អឹបទុកសំណើនេះសិន។
នៅពេលអ្នកសារព័ត៌មានសួរនាំអំពីបញ្ហានេះ លោកត្រាំហាក់ដូចជាមិនបដិសេធព័ត៌មាននោះទាំងស្រុងទេ។ លោកថាលោកមិនប្រើពាក្យច្រានចោលផែនការរបស់អ៊ីស្រាអែលទេ។ គ្រាន់តែថាលោកមិនទាន់ចង់វាយប្រហារអ៊ីរ៉ង់ទាំងប្រញាប់ប្រញាល់តែប៉ុណ្ណោះ។ លោកចង់ប្រើប្រាស់ការចរចាគ្នាឱ្យអស់លទ្ធភាពជាមុនសិន។ លោកចង់បានកិច្ចព្រមព្រៀងជាមួយគ្នា៕
ចែករំលែកព័តមាននេះ