ខេត្តបាត់ដំបង ៖ លំនៅឋានដែលសាងសង់ពីឈើប្រក់ស័ង្កសីរបស់ស្ត្រីមេម៉ាយត្រូវបានភ្លើងឆេះអស់ស្ទើរទាំងស្រុង ដោយសារទុស្សេខ្សែចរន្តអគ្គិសនី កាលពីម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែមេសា នៅភូមិកណ្ដាល ឃីស៊ុង ស្រុកសំឡូត តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។

របាយការណ៍ មន្ត្រីជំនាញបានឲ្យដឹងថា លំនៅឋានដែលរងគ្រោះដោយអគ្គិភ័យ សាងសង់អំពីឈើប្រក់ស័ង្កសី មានទំហំ៦ម៉x៧ម៉ របស់ឈ្មោះ គុល ដារិទ្ធ ហៅ ឌឹម ស្រី អាយុ៦៧ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិ ឃុំកើតហេតុ ។
បើតាមសមត្ថកិច្ចបាននិយាយថា អគ្គិភ័យនេះ បានឆាបឆេះលឿន ដែលរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចមិនអាចចេញជួយអន្តរាគមន៍ទាន់ពេលឡើយ ។

ជុំវិញអគ្គិភ័យនេះ បើតាមម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា កើតឡើងដោយសារទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆាបឆេះយ៉ាងខ្លាំងក្លា ។ អ្នកភូមិបាននាំគ្នាជួយពន្លត់ តែមិនអាចទប់ទល់បានឡើយ សូម្បីរថយន្តពន្លត់អគ្គិភ័យក៏មិនអាចជួយអន្តរាគមន៍ទាន់ដែរ រហូតអគ្គិភ័យលេបយកអស់ស្ទើរទាំងស្រុងតែម្ដង ។

យោងតាមរបាយការណ៍ ក្រៅពីអស់ផ្ទះមួយខ្នង ទ្រព្យសម្បត្តិ និង សម្ភារ:ប្រើប្រាស់ទាំងអស់របស់ស្ត្រីមេម៉ាយទុរគតរូបនេះបានក្លាយជាផេះទាំងស្រុងតែម្ដង៕


ចែករំលែកព័តមាននេះ