ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន CCCC បង្ហាញ​សុទិដ្ឋិនិយម​លើ​ការ​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

18 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយលោក វ៉ាង តុង​ចូ​វ…

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយលោក វ៉ាង តុង​ចូ​វ (Wang Tongzhou) ប្រធាន​ក្រុមហ៊ុន China Communications Construction Company (CCCC) នា​ថ្ងៃ​ទី​១៨​ខែមេសា​ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព​ ។

ក្នុង​ជំនួប​នោះ លោក វ៉ាង តុង​ចូ​វ បាន​សម្ដែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ដោត​អាទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការ​សាងសង់ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត និង​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធានា​នូវ​បរិយាកាស​វិនិយោគ​ល្អ​ ។
លោក​ប្រធាន​បាន​គោរព​រាយការណ៍​ជូន​សម្ដេច​បវរ​ធិ​បតី អំពី​ប្រតិបត្តិការ​អា​ជី​កម្ម​របស់​ក្រុមហ៊ុន CCCC ដែល​ជា​ក្រុមហ៊ុន​វិស្វកម្ម​ចិន​ឈានមុខ​គេ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ការ​ជីក​ស្តារ​ព្រែកជីក ក៏​ដូច​ជា​ប្រព័ន្ធ​ស្រោចស្រព​ធំ​ៗ ជា​ដើម​ ។ បច្ចុប្បន្ន ក្រុមហ៊ុន មាន​ប្រតិបត្តិការ​អាជីវកម្ម នៅ​ក្នុង ១៥៨ប្រទេស ជុំវិញ​ពិភពលោក ​។

លោក​បាន​បន្ត​ថា ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន CCCC ជា​អ្នក​ទទួល​បន្ទុក​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ​។

លោក វ៉ាង តុង​ចូ​វ ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិ​បតី អំពី​វឌ្ឍនភាព​ នៃ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​បាន​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​លើ​ឯកសារ​សំខាន់​ៗ​ សម្រាប់​ការ​អនុវត្ត​គម្រោង​នេះ ស្រប​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង នៅ​កម្ពុជា ព្រមទាំង​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​របស់​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង នា​ពេល​នេះ នឹង​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ​ឱ្យ​កាន់តែ​រឹង​មាំ ថែម​ទៀត​ ។

លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​រដ្ឋាភិបាល​ចិន ដែល​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញលេញ​លើ​គម្រោង​នេះ​ ។

លោក​ប្រធាន ក៏​បាន​គូសបញ្ជាក់​ពី​សុទិដ្ឋិនិយម នៃ​ការ​អនុវត្ត​គម្រោង និង​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ក្រុមហ៊ុន ក្នុង​ការ​សាងសង់​ព្រែកជីក​នេះ ឱ្យ​សម្រេច​បាន​ជោគជ័យ តាម​ផែនការ​ដែល​បាន​កំណត់ ប្រកបដោយ​គុណភាព​ខ្ពស់ និង​ជា​គំរូ​មួយ ​។

ជា​ការ​ឆ្លើយ​តប​សម្ដេច​បវរ​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន និង​សម្ដែង​ការ​រីករាយ​ចំពោះ​ក្រុមហ៊ុន CRBC ដែល​បាន​ដើ​រ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​នៅ​កម្ពុជា ជា​ពិសេស​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ​។
សម្ដេច​បវរ​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់ រាជរដ្ឋាភិបាល និង​សារៈសំខាន់​នៃ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា​គម្រោង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​នឹង​បើក​សក្ដានុពល​ក្នុង​កា​រត​ភ្ជាប់​ផ្លូវទឹក ពី​ទន្លេ​ទៅ​កាន់​សមុទ្រ និង​ពង្រីក​សក្ដានុពល​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម ឡូ​ជី​ស្ទីក និង​អចលនទ្រព្យ ដែល​នឹង​ជំរុញ​សន្ទុះ​កំណើន​សេដ្ឋកិច្ចជាតិ ថែម​ទៀត ​។

មុន​បញ្ចប់​, សម្ដេច​បវរ​ធិ​បតី បាន​អបអរសាទរ​ចំពោះ​ការ​ឯកភាព​លើ​ឯកសារ​កិច្ចព្រមព្រៀង​សំខាន់​ៗ​សម្រាប់​ការ​អនុវត្ត​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ និង​ជឿជាក់​ថា គម្រោង​នេះ​នឹង​បញ្ចប់​ការ​សាងសង់​ដោយ​ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ