ខេត្តបាត់ដំបង៖ បន្ទាប់ពីកម្ពុជា-ថៃ បានអនុវត្តបទឈប់បាញ់ជាផ្លូវការ គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋភៀសសឹកដែលធ្លាប់ស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងខេត្តបាត់ដំបង បានវិលត្រឡប់ទៅកាន់លំនៅឋានវិញជាបន្តបន្ទាប់ ជាមួយទឹកមុខសប្បាយរីករាយ និងបានចាប់ផ្ដើមអាជីវកម្មឡើងវិញជាប្រក្រតី។ នេះបើយោងតាមការផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង។
ទន្ទឹមនឹងការវិលត្រឡប់នេះ រដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន បានសម្រុកជួយជួសជុលផ្ទះប្រជាពលរដ្ឋបានចំនួន ៣៥ខ្នងហើយ ក្នុងនោះមាន ៨ខ្នងនៅស្រុកភ្នំព្រឹក និង ២៧ខ្នងនៅស្រុកសំពៅលូន។
ក្រៅពីការជួសជុលលំនៅឋាន អាជ្ញាធរក៏កំពុងសហការយ៉ាងស្អិតល្មួតជាមួយក្រុមការងារបោសសម្អាតមីន ដើម្បីកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមភូមិករ សំដៅធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងស្រុង។
គួររំលឹកថា ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាង ២០ថ្ងៃ កាលពីចុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ការបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជា បានបណ្ដាលឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងពលរដ្ឋជាង ៤០ខ្នង ព្រមទាំងសាលារៀន និងអគារសាធារណៈមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
បច្ចុប្បន្ន ស្ថានភាពនៅតាមបណ្ដាស្រុកជាប់ព្រំដែនបានវិលមករកភាពល្អប្រសើរឡើងវិញ ហើយការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏កំពុងដំណើរការយ៉ាងសកម្ម ដើម្បីជួយឱ្យជីវភាពរបស់បងប្អូនវិលទៅរកភាពប្រក្រតីបានឆាប់រហ័សបំផុត៕
ចែករំលែកព័តមាននេះ