រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់លួចម៉ូតូពលរដ្ឋបានសម្រេចជិះគេចខ្លួនបាន២ថ្ងៃ លុះយប់ឡើងស្រាប់តែម្ចាស់ម៉ូតូ ប្រទះឃើញជនសង្ស័យ ក៏ជិះតាមដេញពីក្រោយបុកបណ្ដាលឲ្យដួលរងរបួសហើយជនសង្ស័យរត់លោតចូលក្នុងទឹកស្រះត្រូវបានកម្លាំងសមត្ថកិច្ចសហការឃាត់ខ្លួនបានភ្លាមៗ ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងជិតប្រលានយន្តហោះអន្តរជាតិភ្នំពេញ ចំណុចភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ម៉ូតូឈ្មោះ រើង ចាន់រ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរដឹកអីវ៉ាន់គ្រឿងសង្ហារឹម ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ សុខ ទី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។ ម៉ូតូម៉ាកហុងដាឌ្រីមសេរី២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KQ-3432 ។
តាមការបញ្ជាក់ពីម្ចាស់ម៉ូតូរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូត្រឡប់មកពីស្រុកកំណើតវិញនៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២៥មកដល់ផ្ទះជួលនៅភូមិព្រៃទាបានទុកម៉ូតូនៅជាន់ក្រោមរួចចាក់សោត្រឹមត្រូវហើយឡើងទៅសំរាកកនៅបន្ទប់ជួលជាន់ទី២ស្រាប់តែពេលភ្លឺឡើងបានចុះមកក្រោមវិញឃើញសោត្រូវបានជនសង្ស័យកាត់ផ្ដាច់រួចលួចយកម៉ូតូទៅបាត់ក៏រត់ទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅភ្លាមៗដើម្បីឲ្យខាងសមត្ថកិច្ចជួយអន្តរាគមន៍ធ្វើការស្រាវជ្រាវរកម៉ូតូដែលបាត់នោះ ។
លុះវេលាម៉ោងកើតហេតុខាងលើ ខណៈជនរងគ្រោះជិះម៉ូតូមកប្រទះឃើញជនសង្ស័យកំពុងតែជិះម៉ូតូរបស់ខ្លួនកាត់ពីមុខនៅទល់មុខប៉ុស្តិ៍សង្កាត់ចោមចៅ៣តាមបណ្ដោយជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតឃើញភ្លាមម្ចាស់ម៉ូតូបានព្យាយាមប្រដេញតាមពីក្រោយស្រែកថាចោរៗលួចម៉ូតូពេលនោះជនសង្ស័យភ័យបានជិះរត់គេចខ្លួនឡើងទៅផ្លូវសហព័ន្ធរុស្ស៊ី ។
ស្របពេលកម្លាំងសមត្ថកិច្ចកំពុងតែល្បាតក្នុងភូមិសាស្ត្រឃើញក៏ជួយដេញតាមស្ទាក់រហូតមកដល់ចំណុចភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនចូលតាមផ្លូវបេតុងក្នុងភូមិត្រូវបានម្ចាស់ម៉ូតូរងគ្រោះជិះបំបុកបណ្ដាលឲ្យដួលរងរបួសបែកថ្ងាសរត់ចោលម៉ូតូទៅលោតចូលក្នុងទឹកស្រះមួយកន្លែងហែលទៅកណ្តាលសង្ងំមិនព្រមឡើងគោកវិញទាល់តែសោះ បន្ទាប់កមកម្លាំងសមត្ថកិច្ចបានសហការជាមួយពលរដ្ឋយកក្បូនជិះទៅឃាត់ខ្លួនជនសង្ស័យនាំមកគោកវ៉ៃខ្នោះដៃដាក់លើរថយន្តសារ៉ែនដឹកយកមកប៉ុស្តិ៍ធ្វើការសួរនាំ។
ជនសង្ស័យខាងលើបន្ទាប់ពីសមត្ថកិច្ចសួរចម្លើយ បានសារភាពថាខ្លួនលួចម៉ូតូពិតប្រាកដមែន ។សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌអធិការខណ្ឌពោធិសែនជ័យចាត់ការតាមផ្លូវច្បាប់ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់រងគ្រោះយកត្រឡប់ទៅវិញ ៕











ចែករំលែកព័តមាននេះ