ទីក្រុងកៀវ៖ កាលពីយប់មិញ រុស្ស៊ី និងអ៊ុយក្រែនពន្លះគ្នាយ៉ាងខ្លាំងក្លានៅពេលការចរចាគ្នាហាក់ដូចជាមិនសូវរីកចម្រើនទៅមុខ។ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីអាចចាប់បានរូបភាពយន្តហោះដ្រូនរបស់អ៊ុយក្រែន៧១គ្រឿងដែលហោះទៅវាយប្រហារទីតាំងជាង៦កន្លែងទូទាំងប្រទេសរុស្ស៊ី។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៊ី។
ក្រសួងថ្លែងបន្តទៀតថាដ្រូនយ៉ាងតិច៤១គ្រឿងត្រូវរុស្ស៊ីបាញ់ទម្លាក់នៅតំបន់ខឺស (Kursk), អូរីយ៉ូល (Oryol), រីយ៉ាហ្សាន់ (Ryazan), ប្រ៊ីយ៉ង់ (Bryansk), វ៉្លាឌីមៀ (Vladimir) និងទូឡា (Tula)។ តាមរយៈសេចក្ដីប្រកាសរបស់ខ្លួននៅលើបណ្ដាញតេឡេក្រាម អាជ្ញាធររុស្ស៊ីប្រចាំតំបន់អ៊ីវ៉ាណូវ៉ូ (Ivanovo) ដែលស្ថិតនៅភាគខាងកើតម៉ូស្គូថ្លែងថាដ្រូនរបស់អ៊ុយក្រែនវាយប្រហារទីក្រុងស៊ូយ៉ា។ ប៉ុន្តែមិនបានបណ្ដាលឱ្យស្លាប់ ឬរបួសមនុស្ស ឬខូចខាតអគារទេ។
គិតទាំងយប់មិញនេះទៀតឈានចូលដល់យប់ទី២ហើយដែលទីក្រុងស៊ូយ៉ារងការវាយប្រហារ។ ទីនេះស្ថិតនៅចម្ងាយ១១៥០គីឡូម៉ែត្រ។ អ៊ុយក្រែនអះអាងថាទីនេះជាកន្លែងបញ្ជាការបាញ់មីស៊ីលចូលទីក្រុងស៊ូមី របស់អ៊ុយក្រែន កាលពីយប់ថ្ងៃអាទិត្យបណ្ដាលឱ្យស្លាប់មនុស្ស៣៥នាក់។ បណ្ដាញតេឡេក្រាមរបស់រុស្ស៊ីបង្ហាញរូបវីឌីអូវាយប្រហារមូលដ្ឋាននោះ និងបង្ហាញរូបឆេះបរិវេណនៃបញ្ជាការដ្ឋាននោះ៕
ចែករំលែកព័តមាននេះ