ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ កន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋបានប្រទះឃើញត្រីផ្សោតសមុទ្រចំនួន៩ក្បាល បានបណ្តែតខ្លួន នៅលើឆ្នេព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

បើតាម លោក រាជ សុវណ្ណ អភិបាលស្តីទីក្រុងកោះរ៉ុង បានឪ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ ត្រូវនឹងថ្ងៃចូលឆ្នាំទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានត្រីផ្សោតចំនួន៩ក្បាលបានបណ្តែតខ្លួនហែលលេងនៅឆ្នេរព្រែកស្វាយ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុងរបស់យើង ហើយប្រជាពលរដ្ឋក៏បាននាំគ្នាទៅលេងជាមួយត្រីផ្សោតនោះទៀតផង ។

លោក អភិបាលស្តីទី ក្រុងកោះរ៉ុងបានបញ្ជាក់ថា ត្រីផ្សោតទាំង ៩ក្បាលនេះ មួយក្បាលៗមានបណ្តោយចាប់ពី២ម៉ែត្រ ទៅពីរម៉ែត្រជាងក៏មានដែរ ។
បច្ចុប្បន្ននេះ មន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរក្រុងកោះរ៉ុង កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះត្រីផ្សោតទាំង ៩ក្បាលនេះ ហើយមន្ត្រីរបស់យើងក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទចូលរួមថែរក្សា និងចូលរួមអភិរក្សត្រីផ្សោតសមុទ្រដ៏កម្រនេះសម្រាប់បំរើឪ្យវិស័យទេសចរណ៍ក្រុងកោះរ៉ុងផងដែរ ។

ទន្ទឹមនោះមន្ត្រីបច្ចេកទេសក៏បានធ្វើការទាក់ទងទៅអ្នកអភិរក្សសត្វសមុទ្រផងដែរ ដើម្បីធ្វើយ៉ាងណានាំយកត្រីទាំងនេះទៅកាន់ទឹកជ្រៅវិញ ។
លោកអភិបាលក្រុងស្តីទីក៏បានបញ្ជាក់បន្ថែមថា មកដល់ថ្ងៃត្រង់ថ្ងៃដដែល ត្រីផ្សោតទាំងនេះ ហាក់បីដូចជា ពួកវាមានការខ្លាចមនុស្សចូលទៅលេងជាមួយពួកវាមិនដូចពេលព្រឹកប្រជាពលរដ្ឋបានទៅប៉ះលេងជាមួយវាបាន ៕
ចែករំលែកព័តមាននេះ