ទីក្រុងកៀវ៖ ថ្ងៃនេះ ក្រុមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនសន្យាផ្ដល់ជំនួយជាថ្មីដែលគិតជាទឹកប្រាក់ជាង២៣ពាន់លានដុល្លារ។ខាងលើនេះជាអ្វីដែលរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោកចនហ៊ីលី (John Healey) បានប្រកាសប្រាប់ឱ្យដឹងបន្ទាប់ពីលោកចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូអ៊ុយក្រែននៅទីស្នាក់ការធំរបស់អង្គការណាតូប្រចាំទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិច។
លោកហាលីយល់ថាកិច្ចជំនួបលើកនេះមានសារៈសំខាន់ខ្លាំងជាងពេលណាៗទាំងអស់ព្រោះ២០២៥ជាឆ្នាំសំខាន់ជាអាយុជីវិតនៅក្នុងសង្គ្រាមអ៊ុយក្រែន។ ដំណាក់កាលសំខាន់ខ្លាំងនៃសង្គ្រាមអ៊ុយក្រែនគឺនៅពេលនេះហើយ។ លោកបានជំរុញឱ្យក្រុមសម្ព័ន្ធមិត្តគាំទ្រអ៊ុយក្រែនឱ្យបានស្រុះដៃគ្នាជាបន្តទៀត។ លោកថាកិច្ចការរបស់យើងនៅចំពោះមុខក្នុងនាមជាប្រមុខការពារជាតិគឺខិតខំបញ្ជូនជំនួយជាបន្ទាន់ទៅដល់ដៃរបស់អ្នកចម្បាំងអ៊ុយក្រែន។
នៅក្នុងចំណោមជំនួយយោធាលើកនេះ អង់គ្លេស និងន័រវេជួយលុយ៤៥០លានផោន (៥៨៨លានដុល្លារ) សម្រាប់ទិញប្រព័ន្ធរ៉ាដា, មីនប្រឆាំងរថក្រោះ, គ្រឿងបន្លាស់យានជំនិះ និងយន្តហោះដ្រូនរាប់សែនគ្រឿង។ ដ្រូនបានក្លាយជាយុទ្ធោបករណ៍កាន់តែសំខាន់ខ្លាំងឡើងៗនៅក្នុងសង្គ្រាមអ៊ុយក្រែន។ លោកហ៊ីលីថ្លែងថាដ្រូនមានចំណែកពី៧០-៨០%ក្នុងការធ្វើឱ្យស្លាប់ ឬរបួសនៅក្នុងសមរភូមិ។ ពោលគឺច្រើនជាងស្លាប់ និងរបួសដោយសារគ្រាប់កាំភ្លើងធំឆ្ងាយណាស់។
រដ្ឋមន្ត្រីការពារជាតិអាមេរិកមិនបានចូលរួមប្រជុំដោយផ្ទាល់នៅប្រ៊ុចសែលទេ លោកចូលរួមពីចម្ងាយ។ ទោះជាចូលរួមបែបណាក៏ដោយ អ៊ុយក្រែននៅតែទទួលយកជានិច្ច។ អ៊ុយក្រែនយល់ថានេះជាសញ្ញាបង្ហាញថាអាមេរិកនៅតែបន្តជួយជ្រោមជ្រែងអ៊ុយក្រែន និងឈរនៅខាងភាគីអ៊ុយក្រែនជានិច្ច។ កាលពីមុននេះប៉ុន្មានថ្ងៃ អង់គ្លេសបានបើកកិច្ចប្រជុំដាច់ដោយឡែកមួយទៀតជាមួយ «ក្រុមប្រទេសស្ម័គ្រចិត្ត» ដើម្បីពិភាក្សាគ្នាអំពីគម្រោងបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពទៅអ៊ុយក្រែន។
ប្រសិតពិសេសរបស់លោកត្រាំ គឺលោកស្ទីវវីតខូស បានធ្វើដំណើរទៅប្រទេសរុស្ស៊ីនៅថ្ងៃនេះដើម្បីជំរុញឱ្យទីក្រុងម៉ូស្គូទទួលយកបទឈប់បាញ់។ ជំហររបស់អាមេរិកយ៉ាងណាជារឿងផ្សេង ប៉ុន្តែពួកអឺរ៉ុបហាក់ដូចជាមានជំនឿតិចតួចបំផុតថាបទឈប់បាញ់នឹងកើតមានឆាប់ៗនេះ។ មូលហេតុដោយសារពួកគេអាចមើលឃើញយ៉ាងច្បាស់ថារុស្ស៊ីមិនទាន់ទទួលយកលក្ខខណ្ឌនៃបទឈប់បាញ់ទេ។ សំណើនៃបទឈប់បាញ់ត្រូវរុស្ស៊ីច្រានចោលម្ដងជាពីរដងរួចហើយក្រោមហេតុផលផ្សេងៗ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ