ទីក្រុងប៉េកាំង៖ បន្ទាប់ពីលោកត្រាំផ្ទុះកំហឹងខ្លាំង និងដំឡើងពន្ធរហូតដល់១២៥%ទៅលើទំនិញរបស់ប្រទេសចិន នៅល្ងាចថ្ងៃព្រហស្បតិ៍ ប្រទេសចិន តាមរយៈក្រសួងពាណិជ្ជកម្មរបស់ខ្លួន បានប្រកាសថាខ្លួនបើកទ្វារចំហជានិច្ចដើម្បីត្រៀមជួបសន្ទនាគ្នាដោះស្រាយបញ្ហាដំឡើងពន្ធ។ ការប្រកាសនេះធ្វើឡើងនៅពេលសង្គ្រាមពាណិជ្ជកម្មបន្តផ្ទុះឡើងយ៉ាងក្ដៅគគុក។ គ្រាន់តែថាកាលពីយប់មិញ ត្រាំប្រកាសព្យួរទុកការដំឡើងពន្ធទៅលើប្រទេសនានាដូចដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុន។
ប៉ុន្តែសម្រាប់ប្រទេសចិន១ ត្រាំដំឡើងពន្ធកាន់តែខ្ពស់។ ប្រទេសដទៃទៀតមិនសូវហ៊ានធ្វើខ្លាំងដាក់អាមេរិកទេព្រោះពួកគេដឹងច្បាស់ថាខាតច្រើនជាងចំណេញ។ ផ្ទុយទៅវិញ ចិនប្រកាសដំឡើងពន្ធទៅលើទំនិញរបស់អាមេរិកដើម្បីជាការឆ្លើយតប។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប្រទេសចិនតាមរយៈក្រសួងការបរទេសរបស់ខ្លួនថ្លែងថាមិនព្រឺក្បាលនឹងការដំឡើងពន្ធទេ។
ទន្ទឹមនឹងការមិនដកថយនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ចិនក៏ត្រៀមខ្លួនដោះស្រាយបញ្ហាដោយសន្តិវិធីផងដែរ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រីហឺយ៉ុងឈាន (He Yongqian) បញ្ជាក់ត្រង់ចំណុចចង់បោះដៃទៅរកការសន្ទនាគ្នាថា «រាល់ការសន្ទនាគ្នាណាមួយត្រូវតែធ្វើឡើងដោយផ្អែកទៅលើគោលការណ៍សមភាព និងការគោរពគ្នាទៅវិញទៅមក»។ លោកស្រីថ្លែងបន្តទៀតថា «ការដាក់សម្ពាធ, ការសម្លុតគំរាមកំហែង និងការជំរិតបង្ខំ មិនមែនជាមាគ៌ាត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាជាមួយចិនទេ»។
លោកស្រីថ្លែងដូច្នេះតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលស្នើសុំឱ្យលោកស្រីធ្វើអត្ថាធិប្បាយបន្ទាប់ពីលោកត្រាំអះអាងថា «រដ្ឋាភិបាលចិនចង់ចរចាគ្នាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ប៉ុន្តែពួកគេមិនដឹងថាត្រូវចាប់ផ្ដើមដោយវិធីណា»។ អ្នកនាំពាក្យសេតវិមានក៏បានប្រកាសដូច្នេះដែរកាលពីម្សិលមិញ។ សេតវិមានថានៅទីបញ្ចប់ ចិនត្រូវតែចូលតុចរចាគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀង។ រហូតមកដល់ពេលនេះ ប្រទេសប្រហែល៧០បានទាក់ទងទៅសេតវិមានដើម្បីស្នើសុំចរចាគ្នា។
លោកត្រាំកំពុងប្រើប្រាស់យុទ្ធសាស្ត្រនយោបាយ «ដំបង និងការ៉ុត» ដើម្បីដោះស្រាយគ្រប់បញ្ហាទាំងអស់ មានន័យថាប្រើធម៌ក្ដៅផង និងធម៌ត្រជាក់ផង។ ត្រាំបន្តដាក់សម្ពាមហាអំណាចសេដ្ឋកិច្ចលេខ២នៅលើលោកដើម្បីបង្ខំឱ្យបន្ទន់ឥរិយាបថ។ ប៉ុន្តែប្រទេសចិនមិនទាន់បង្ហាញសញ្ញាដកថយនៅក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មនៅឡើយទេ។
លោកត្រាំថ្លែងថាការចរចាគ្នាដើម្បីឱ្យមានដំណោះស្រាយពាណិជ្ជកម្មជាមួយប្រទេសចិនអាចទៅរួច អត់មានបញ្ហាអ្វីទេ។
គ្រាន់តែថាបើយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិក គម្រោងចរចាគ្នាជាមួយប្រទេសចិនចាំទុកនៅពេលក្រោយចុះ។ ឥឡូវនេះ អាមេរិកកំពុងតែខ្វារកសម្បើមណាស់នៅពេលប្រទេសកាន់តែច្រើនឡើងៗតម្រង់ជួរគ្នាសូមចរចាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ប្រភពខ្លះថាអាមេរិកចង់ផ្ដល់អាទិភាពទៅលើការចរចាជាមួយវៀតណាម ជប៉ុន កូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀត។ អ្នកណាឆាប់បោះដៃទៅមុន ចរចាបានមុន។ នៅទីបញ្ចប់ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រីហឺយ៉ុងឈាន (He Yongqian) សង្ឃឹមថា «អាមេរិកនឹងដោះស្រាយបញ្ហាជាមួយចិនតាមរយៈការសន្ទនាគ្នា និងការផ្ដោះប្ដូរយោបល់គ្នា»។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ