ទីក្រុងប៉េកាំង៖ បន្ទាប់ពីលោកត្រាំដំឡើងពន្ធបន្ថែមទៀតដើម្បីដេញជើងគ្នាជាមួយប្រទេសចិន នៅល្ងាចថ្ងៃព្រហស្បតិ៍ ប្រទេសចិនបង្ហាញការមិនទាន់ចុះញ៉មចំពោះយុទ្ធសាស្ត្រនេះឡើយ។ ចិនថាខ្លួនគ្មានព្រឺក្បាលប៉ុនសរសៃសក់នៅចំពោះមុខនៃការគំរាមដំឡើងពន្ធ។ មានន័យថាទោះបីដំឡើងទៅដំឡើងមកឱ្យកាន់តែខ្ពស់ជាងនេះក៏ចិននៅតែវាយបកវិញជានិច្ច។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកលីនចៀន ថ្លែងថារដ្ឋាភិបាលរបស់លោកមិនចង់ឃើញសង្គ្រាមពាណិជ្ជកម្មកើតឡើងទេ។ ប៉ុន្តែចិនក៏មិនខ្លាចអាមេរិកដែរបើនៅតែបន្តប្រើវិធីគំរាមកំហែងដោយដំឡើងពន្ធ។ លោកថ្លែងបន្តទៀតថាប្រទេសចិននឹងមិនដកថយនៅក្នុងរឿងនេះទេ ហើយនឹងមិនបណ្ដោយឱ្យបាត់បង់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួននោះដែរ។
អ្នកនាំពាក្យចិនថ្លែងថាទង្វើរបស់អាមេរិកមិនអាចឈ្នះទឹកចិត្តគាំទ្រពីសំណាក់ប្រជាជនបានឡើយ។ អ្នកនាំពាក្យរូបនេះយល់ថាផែនការនេះនឹងទទួលបរាជ័យនៅទីបញ្ចប់។ ការថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំចាប់ផ្ដើមដូរយុទ្ធសាស្ត្រនៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់លោកហើយ។ កាលពីយប់មិញ លោកប្រកាសផ្អាករយៈពេល៩០ថ្ងៃនូវការដំឡើងពន្ធទៅលើប្រទេសនានា។ សេតវិមានថ្លែងថានេះជាផ្នែក១នៃសិល្បៈនយោបាយរបស់លោកត្រាំដើម្បីបង្កើតកិច្ចព្រមព្រៀង។
ផ្ទុយទៅវិញ ប្រទេសចិនមិនមានសំណាងទទួលបានការព្យួរទុកការដំឡើងពន្ធនេះទេ។ លោកត្រាំប្រកាសដំឡើងពន្ធរហូតដល់១២៥%។ នេះជាការវាយបកទៅប្រទេសចិនដែលដំឡើងពន្ធអាមេរិក៨៤% និងអនុវត្តចាប់ពីថ្ងៃទី១០ ខែមេសាតទៅ។ ក្រឡេកទៅមើលស្ថានភាពនៅទីផ្សារមូលប័ត្រវិញម្ដង។ ទីផ្សារមូលប័ត្រនៅទ្វីបអាស៊ីចាប់ផ្ដើមរើបឡើងវិញកាលពីព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់លោកត្រាំព្យួរទុកការដំឡើងពន្ធ។ តម្លៃភាគហ៊ុននីកេរបស់ជប៉ុនស្ទុះឡើង៨%មួយរំពេច, ហ៊ុនកូរ៉េខាងត្បូងស្ទុះឡើងជាង៥% និងហ៊ុនអូស្ត្រាលីស្ទុះឡើង៥%។
ឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោកត្រាំ ពិភពលោកបែកខ្ញែកគ្នាជាមតិសំខាន់ៗ២។ ប្រទេសខ្លះប្រកាន់ជំហរមិនតបតដោយអវិជ្ជមានទេព្រោះពួកគេមិនចង់យកកំហឹងទល់កំហល់។ ពួកគេប្រើវិធីសម្របសម្រួលដោយការស្នើសុំចរចាគ្នាដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម, ការជួយទិញទំនិញរបស់អាមេរិកឱ្យបានច្រើន និងការបញ្ចុះពន្ធទៅលើទំនិញអាមេរិកដែលនាំចូលប្រទេសទាំងនោះ។ ប្រទេសដែលអនុវត្តវិធីនេះមានដូចជាឥណ្ឌា, ថៃ, កូរ៉េខាងត្បូង, ជប៉ុន។ល។ និង។ល។
ផ្ទុយពីជំហរនេះ ប្រទេសចិន និងសហភាពអឺរ៉ុបមិនចង់ប្រើទ្រឹស្ដីចាញ់ជាព្រះឈ្នះជាមារទេ។ ពួកគេចង់ដំឡើងពន្ធទៅលើទំនិញរបស់អាមេរិកវិញដើម្បីជាការវាយបក។ គ្រាន់តែថានៅដំណាក់កាលចុងក្រោយនេះ អឺរ៉ុបចាប់ផ្ដើមបន្ទន់ឥរិយាបថបន្តិចវិញ។ អឺរ៉ុបបែកខ្ញែកមតិគ្នាពាក់ព័ន្ធនឹងការប្រើប្រាស់វិធានការក្ដៅដើម្បីតបតវិញ។ ជាក់ស្ដែង បារាំងប្រកាសហើយថាខ្លួនមិនចង់ប្រើវិធីដំឡើងពន្ធគ្នាបែបនេះទេវានាំឱ្យខាតផលប្រយោជន៍ទាំងសងខាង។ អឺរ៉ុបចង់ចរចាគ្នាឱ្យអស់លទ្ធភាពជាមុនសិន។ នេះបើយោងតាមប្រភពពីរ៉យទ័រ (Reuters), ថាមស៍អូសឥណ្ឌា (Times Of India) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ