រាជធានីភ្នំពេញ ៖ សំណុំរឿងវិវាទដីធ្លីដ៏រសើបមួយកន្លែង មានទំហំប្រមាណជិត១០០ហិកតា ស្ថិតនៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទំនាស់រ៉ាំរ៉ៃយូរឆ្នាំមកហើយដោះស្រាយមិនទាន់ចប់ ហើយបានប្តឹងផ្តល់គ្នាតាំងពីតុលាការថ្នាក់ក្រោមរហូតដល់តុលាការកំពូល ដែលភាគីដើមបណ្តឹងគឺលោក ខុង ស៊ាងហ៊ី បានចំណាយប្រាក់អស់រាប់សិបម៉ឺនដុល្លារអាមេរិកទិញដីពីអ្នកស្រី ប៉ុក សៅខាន យ៉ាងត្រឹមត្រូវ។ ចុងក្រោយ បែរជាអ្នកស្រី ប៉ុក សៅខាន យកដីនោះទៅលក់ឲ្យអ្នកដទៃបង្កើតរឿងដ៏ក្តៅគគុកដល់សព្វថ្ងៃ ។

តែទោះជាយ៉ាងណាក្តី ពេលនេះសំណុំរឿងត្រូវបានតុលាការកំពូលកំពុងមានចំណាត់ការតាមនីតិវិធី ដើម្បីស្វែងរកភាពយុត្តិធម៌ឲ្យលោក ខុង ស៊ាងហ៊ី ដែលជាជនរងគ្រោះ និងក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ ។

ពាក់ព័ន្ធសំណុំរឿងវិវាទដីធ្លីខាងលើនេះ លោក ខុង ស៊ាងហ៊ី ជាដើមបណ្តឹងព្រហ្មទណ្ឌអះអាងថា រូបលោកបានប្តឹងអ្នកស្រី ប៉ុក សៅខាន លោក គឹម ហួត និងអ្នកស្រី ពៅ សុគន្ធ ឃុបឃិតគ្នាយកស្នាមមេដៃប្រជាពលរដ្ឋប្រមាណ២៨គ្រួសារ ដែលពួកគាត់បានផ្តិតបញ្ចប់រឿងក្នុងការបែងចែកទំនាស់ដីធ្លី៦០ និង៤០ភាគរយ ជាមួយអ្នកស្រី ប៉ុក សៅខាន មកបន្លំធ្វើជាស្នាមមេដៃលក់ផ្តាច់ ។

ដើមបណ្តឹងបានបញ្ជាក់ថា ស្នាមមេដៃទាំងអស់នោះត្រូវបានយកទៅធ្វើកោសល្យវិច្ច័យ ប្រជាពលរដ្ឋទទួលស្គាល់ពិតជាស្នាមមេដៃរបស់ពួកគាត់ ប៉ុន្តែជាស្នាមមេដៃផ្តិតបញ្ចប់រឿងវិវាទដីធ្លីផ្សេងទេ មិនមែនជាស្នាមមេដៃប្រជាពលរដ្ឋផ្តិតលក់ដីឲ្យទៅលោក គឹម ហួត និង ពៅ សុគន្ធ ទេ ហើយប្រជាពលរដ្ឋក៏គ្មានដីលក់ឲ្យទៅ គឹម ហួត ដែរ ។

ដីនោះគឺជាដីរបស់អ្នកស្រី ប៉ុក សៅខាន សូម្បីមេឃុំខ្ទុំក្រាំងក៏អំណះអំណាង និងបញ្ជាក់ទៅលើអង្គហេតុទាំងអស់នោះដែរ ។ នេះហើយជាល្បិចឆបោករបស់អ្នកស្រី ប៉ុក សៅខាន ដែលបានយកដីប្រមាណជាង៥០ហិកតារបស់លោក ខុង ស៊ាងហ៊ី ដែលកាន់កាប់ដោយស្របច្បាប់តាំងពីឆ្នាំ២០១៦ ទៅលក់ឲ្យលោក គឹម ហួត និងអ្នកស្រី ពៅ សុគន្ធ នោះ ។

ខាងក្រោមនេះ ជាភស្តុតាងដ៏រឹងមាំរបស់លោក ខុង ស៊ាងហ៊ី ជាដើមបណ្តឹងដែលរងគ្រោះក្នុងអំពើឆបោកពីអ្នកស្រី ប៉ុក សៅខាន បានដល់ដៃតុលាការកំពូលកំពុងចាត់ការយ៉ាងក្តៅគគុក ។

កោះសន្តិភាពសុំមិនធ្វើអត្ថាធិប្បាយវែងឆ្ងាយទេ បានត្រឹមប្រើសិទ្ធិដាក់ជូននូវឯកសារ និងភស្តុតាងនានា របស់ភាគីដើមបណ្តឹងទុកឲ្យតុលាការវិនិច្ឆ័យទៅតាមផ្លូវច្បាប់ ។ ក្រោយពេលតុលាការសម្រេចហើយ ទើបកោះសន្តិភាពយកមកចុះផ្សាយបន្តទៀតនៅពេលក្រោយ ។

ចែករំលែកព័តមាននេះ