រាជធានីភ្នំពេញ ៖ ក្រុមព្រះខ័នរាជស្វាយរៀង នៅម៉ោង៧យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមន៍ក្រុមខ្លាំងពីឥណ្ឌូនេស៊ី Madura United សម្រាប់ការប្រកួតជើងទី១ វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់កម្រិតទី៣អាស៊ី AFC Challenge League រដូវកាល ២០២៤-២៥។
លោក Pep Munoz គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង ដែលត្រូវអវត្តមានកីឡាករ Matheus Moresche និង Cristian Rogue សម្រាប់ជំនួបជើងទី១ ទល់នឹង Madura United បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ដោយចាត់ទុកជំនួបយប់នេះ គឺជាការប្រកួតដ៏សំខាន់ និងតានតឹងបំផុតមួយសម្រាប់ក្រុមលោក ព្រោះ Madura ជាក្រុមខ្លាំងមានគុណភាពកីឡាករល្អ។ ហើយបើទោះជាមានកីឡាកររបួសក៏ដោយ ក៏លោកបានត្រៀមយុទ្ធសាស្ត្រសម្រាប់កូនក្រុម ហើយប្រសិនបើលេងតាមផែនការ លោកជឿថាក្រុមរបស់លោកនឹងទទួលបានលទ្ធផលល្អ។
ដោយឡែក លោក Angel Afredo Vera គ្រូបង្វឹកក្រុម Madura United លើកឡើងថា ក្រុមលោកនឹងលេងដោយភាពវ័យឆ្លាតបំផុតទល់នឹងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ហើយលោកចង់នាំយកលទ្ធផលល្អត្រឡប់ទៅទឹកដីឥណ្ឌូណេស៊ីវិញ សម្រាប់ជើងទី២។
សូមជម្រាបថា AFC Challenge League រដូវកាល ២០២៤-២៥ ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC បែងចែកជា២តំបន់ តំបន់ខាងកើត និងតំបន់ខាងលិច ដោយប្រកួតវគ្គចែកពូលទៅតាមតំបន់រៀងខ្លួន ដើម្បីចម្រាញ់យកក្រុមបន្តទៅកាន់វគ្គ៨ក្រុមចុងក្រោយ រហូតដល់ទាល់តែរកឃើញមួយក្រុមពីតំបន់ខាងកើត និងមួយក្រុមពីតំបន់ខាងលិច ដើម្បីទូទាត់គ្នា នៅវគ្គផ្ដាច់ព្រ័ត្រ៕ រូបភាព ៖ Preah Khan Reach Svay Rieng FC និង Madura United FC
ចែករំលែកព័តមាននេះ