រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលបានក្លែងខ្លួនបន្លំជាមន្ត្រីនគរបាលជាតិ ហើយកន្លងមកក្រុមនេះក៏ធ្លាប់បានវាយប្លន់យកទូរស័ព្ទអ្នកដទៃថែមទៀតផង ។ នៅក្រោយពេលឃាត់ខ្លួនជនក្លែងជានគរបាលនេះ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានដកហូតនូវវត្ថុតាងមួយចំនួនដូចជាវិទ្យុទាក់ទង ឯកសណ្ឋាននគរបាល ទូរស័ព្ទ ម៉ូតូ ប័ណ្ណសម្គាល់ខ្លួនមន្ត្រីនគរបាល និងចម្ពាមកៅស៊ូជាដើម ។
ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១២យប់ពាក់កណ្ដាលអាធ្រាត្រថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅតាមផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនក្លែងជានគរបាលទាំង០៦នាក់ខាងលើនោះរួមមាន១, ឈ្មោះ បាន ភ័ត្ដ្រា មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៤២ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ២,ឈ្មោះ គង់ យ៉ងជូរ ភេទប្រុស ជាសិស្ស ស្នាក់នៅខណ្ឌសែនសុខ ។ ៣,ឈ្មោះ ពុង ម៉េងហ៊ួរ ភេទប្រុស ជាសិស្ស ស្នាក់នៅផ្ទះលេខ៤៣D ភូមិ បុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ៤,ឈ្មោះ ឈុន ដារីញ៉ែល ភេទប្រុស ជាសិស្ស ស្នាក់នៅ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ៥,ឈ្មោះ ម៉ៅ ផាន់នីម័រ ភេទប្រុស មុខរបរកម្មករ ស្នាក់នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៦,ឈ្មោះ តាំង ភក្ដី ភេទប្រុស មុខរបរ ជាងម៉ាសុីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
បើតាមនគរបាលប៉ុស្តិ៍នគរបាលប៉ុស្តិ៍សំរោងក្រោមបានប្រាប់ឲ្យដឹងថា ក្រុមនេះក៏ជាមុខសញ្ញាប្លន់ផងដែរ ដោយកន្លងមកធ្លាប់បានធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទពីអ្នកដទៃបានសម្រេចផងដែរ ។ ដោយឡែកនៅវេលាយប់ថ្ងៃទី០៩ ខែមេសា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដាក់កម្លាំងល្បាតនៅទីតាំងខាងលើនិងធ្វើការស្រាវជ្រាវ ។
នគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយមកក៏បានឃើញជនសង្ស័យទាំង៦នាក់នោះជិះម៉ូតូ៣គ្រឿង ដោយក្នុងចំណោមនោះមានម្នាក់ស្លៀកឯកសណ្ឋាននគរបាលជាតិផង ហើយកម្លាំងក៏បានឃាត់សួរនាំទើបដឹងថាជាជនក្លែងបន្លំជានគរបាលជាតិ ។ នៅពេលធ្វើការត្រួតពិនិត្យ បានឃើញជន៥នាក់ទៀតដែលស្លៀកពាក់សុីវិល សុទ្ធតែមានប័ណ្ណសម្គសល់ខ្លួនជាមន្ត្រីនគរបាលព្រមទាំងសម្ភារៈមួយចំនួនទៀតនៅជាប់ខ្លួនផងដែរ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា កម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួនពីជនសង្ស័យមានដូចជាទូរស័ព្ទចំនួន០៧គ្រឿង, ម៉ូតូម៉ាកHond Dream ពណ៌ខ្មៅ១គ្រឿង ,ម៉ាកHonda Wave ពណ៌ខ្មៅ ១គ្រឿង,ម៉ាក Honda Scoopy ពណ៌ក្រហម១គ្រឿង , វិទ្យុទាក់ទង ឯកសណ្ឋាននគរបាល ប័ណ្ណសម្គាល់ខ្លួនមន្ត្រីនគរបាល និងចម្ពាមកៅស៊ូផងដែរ ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍និងខណ្ឌ ក៏បានសម្រេចធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕



ចែករំលែកព័តមាននេះ