ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកយាយម្នាក់ទៅ​ទិញ​ម្ហូប ​ស្រាប់តែ​វង្វេង​ រក​ផ្លូវ​ទៅ​ផ្ទះអត់​ឃើញ ត្រូវអ្នកភូមិប្រទះឃើញនាំទៅប៉ុស្តិ៍នគរបាល

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖​ ស្ត្រី​ចំណាស់​ជា​អ្នក​រស់នៅ​ខេត្តព្រៃវែង​ម្នាក់ បាន​មក​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​កូនប្រុស​ពៅ​ដែល​ជា​កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ បាន​រយៈពេល​ជាង​១​ខែ​ហើយ ប៉ុន្តែ​គាត់​មិន​បាន​ស្គាល់​ពី​តំបន់​ផ្ទះ​ជួល​នោះ​ច្បាស់​ទេ ។ ខណៈ​ដែល​កូន​ចេញ​ទៅ​ធ្វើការ​បាត់​គាត់​ចេញ​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ ដើម្បី​ទុក​ឲ្យ​កូន​បរិភោគ​នៅ​ពេល​កូន​ចេញពី​ធ្វើការ​វិញ ប៉ុន្តែ​ក្រោយ​ពេល​ទិញ​ម្ហូប​រួចរាល់…

រាជធានីភ្នំពេញ​ ៖​ ស្ត្រី​ចំណាស់​ជា​អ្នក​រស់នៅ​ខេត្តព្រៃវែង​ម្នាក់ បាន​មក​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​កូនប្រុស​ពៅ​ដែល​ជា​កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ បាន​រយៈពេល​ជាង​១​ខែ​ហើយ ប៉ុន្តែ​គាត់​មិន​បាន​ស្គាល់​ពី​តំបន់​ផ្ទះ​ជួល​នោះ​ច្បាស់​ទេ ។ ខណៈ​ដែល​កូន​ចេញ​ទៅ​ធ្វើការ​បាត់​គាត់​ចេញ​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ ដើម្បី​ទុក​ឲ្យ​កូន​បរិភោគ​នៅ​ពេល​កូន​ចេញពី​ធ្វើការ​វិញ ប៉ុន្តែ​ក្រោយ​ពេល​ទិញ​ម្ហូប​រួចរាល់ ស្រាប់តែ​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​ជួល​នោះ​វិញ​អត់​ឃើញ​សោះ ។ ពេល​នោះ​គាត់​បាន​ដើរ​រក តាំងពី​វេលា​ល្ងាច​រហូត​ដល់​វេលា​យប់​ពាក់កណ្ដាល​អធ្រាត្រ​តែ​មិនឃើញ​សោះ ក្រោយមក​អ្នក​ភូមិ​បាន​ឃាត់​ឲ្យ​គាត់​នៅ​មួយ​កន្លែង បន្ទាប់​មក​បាន​ដឹក​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល ហើយដោយ​យប់​ជ្រៅ​ទៅ​ហើយ​ទើប​នគរបាល​ក៏​បាន​នាំ​បន្ត​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​ទី​២​ដើម្បី​ឲ្យ​គាត់​សម្រាក​នៅ​ទីនោះ​១​យប់​សិន ដើម្បី​ស្រាវជ្រាវរ​កកូន​ឲ្យ​ទៅ​ទទួលយក​វិញ ។

គាត់​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដើរ​តាម​ផ្លូវ​កាលពី​វេលា​ម៉ោង​១២​យប់​ពាក់កណ្ដាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន រាជធានី​ភ្នំពេញ ។

ស្ត្រី​ខាងលើ​បាន​ប្រាប់​ថា គាត់​ឈ្មោះ​កែម សៀន អាយុ​៧៦​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​ពូន ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង គាត់​មានកូន​ចំនួន​៧​នាក់​ក្នុង​នោះ​កូនប្រុស​ចំនួន​៣​នាក់ និង​កូនស្រី​ចំនួន​៤​នាក់ ។ គាត់​បាន​ចាក​ចេញពី​ស្រុក​កំណើត​រយៈពេល​ជាង​១​ខែ​កន្លង​មក​ហើយ គឺ​មក​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ជាមួយ​កូនប្រុស​ពៅ​របស់​គាត់​ម្នាក់​ឈ្មោះ​លី ឡឹ​ង អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្ថិត​នៅ​នៅ​ខាងលិច​ផ្សារ​ទួល​ពង្រ ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ។

គាត់​បាន​ប្រាប់​ទៀត​ថា ពេល​ស្នាក់​នៅ​ជាមួយ​កូនប្រុស​ពៅ​ខាងលើ​រយៈពេល​ជាង​១​ខែ​មកនេះ គាត់​មិន​បាន​ស្គាល់​តំបន់​នោះ​ច្បាស់​ឡើយ ព្រោះ​ភាគច្រើន​ស្ថិត​នៅ​តែ​ក្នុង​បន្ទប់​ជួល​ប៉ុណ្ណោះ មិនសូវ​បាន​ចេញ​ក្រៅ​ទេ​ដោយ​ខ្លាច​វង្វេងផ្លូវ ។ ដោយឡែក​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៥ គាត់​បាន​ដាច់​ចិត្ត​ប្រថុយ​ចេញ​ទៅ​ផ្សារ​ទួល​ពង្រ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ដើម្បី​រក​ទិញ​ម្ហូប​ទុក​សម្រាប់​ឲ្យ​កូនប្រុស​ពៅ​បរិភោគ​ពេល​ចេញពី​ធ្វើការ​វិញ ។

លោកយាយ​កែម សៀន​បាន​និយាយ​បន្ត​ថា ក្រោយ​ពេល​ទិញ​ម្ហូប​បាន​ហើយ ស្រាប់តែ​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​ជួល​នោះ​វិញ​អត់​ឃើញ​សោះ មិនដឹង​ថា​ត្រូវ​ទៅ​តាម​ផ្លូវ​ណា​ផ្លូវ​ណី​ឡើយ គាត់​ក៏​បាន​ព្យាយាម​ខំ​ដើរ​រក ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​រក​មិនឃើញ​ដែរ កាន់តែ​រក​គឺ​កាន់តែ​វង្វេង ។ គាត់​ហាក់​អស់សង្ឃឹម​ខ្លាំង​ណាស់ គាត់​ដើរ​រក​រហូត​ដល់​យប់​ពាក់កណ្ដាល​អា​ធ្រា​ត្រ ក៏​ត្រូវ​បាន​អ្នក​ភូមិ​ឃាត់​សួរនាំ​ដឹង​រឿង​រួច​បាន​ដឹក​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ដើម្បី​ជួយ​ស្រាវជ្រាវ​រក​ផ្ទះ​ជួល​និង​រក​កូនប្រុស​គាត់​ផង​ដែរ ។

លោកយាយ​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា​ក្រោយមក​ដោយ​យប់​ជ្រៅ​ទៅ​ហើយ​នោះ​នគរបាល​ក៏​បាន​ដឹក​គាត់​ទៅ​ឲ្យ​សម្រាក​នៅ​ឯ​សាលាសង្កាត់​ចោម​ចៅ​ទី​២ ១​យប់​សិន គាត់​ក៏​បាន​សម្រាក​នៅ​ទីនោះ​១​យប់ និង​រង់ចាំ​កូនប្រុស​ពៅ​ឈ្មោះ​លី ឡឹ​ង​ ទៅ​យក​ត្រលប់​ទៅ​ផ្ទះ​វិញ ។ គាត់​ថា នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​គាត់​វង្វេង​ផ្ទះ​បែប​នេះ ដោយ​កាលពី​ប៉ុន្មាន​ខែ​មុន​ពេល​មក​លេង​កូន​នៅផ្ទះ​ជួល​ខាងលើ​នេះ​គាត់​បាន​ចេញ​ទិញ​ម្ហូប​ដែរ ហើយ​ក៏​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​វិញ​អត់​ឃើញ​ម្ដង​រួច​មក​ហើយពេល​នោះ​គាត់​បាន​ដើរ​រហូត​ដល់​ស្ទឹង​ព្រែក​ត្នោត​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ផ្ទះ​ជួល ។

ក្រោយមក​ត្រូវ​បាន​អ្នក​ភូមិ​នាំ​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល ហើយ​នគរបាល​ធ្វើការ​ស្រាវជ្រាវ​និង​ទំនាក់​ទំ​ង​មក​កាន់​កូនប្រុស​គាត់ ឲ្យ​ទៅ​យក​ត្រលប់​ទៅ​ផ្ទះ​ជួល​វិញ ស្រាប់តែ​ពេល​នេះ​ក៏​វង្វេង​ជា​លើក​ទី​២​បែប​នេះ​ម្ដងទៀត ។

អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​២​បាន​ប្រាប់​ថា រហូត​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៥ នៅ​មិន​ទាន់​ស្វែងរក​ផ្ទះ​ជួល​ដែល​ស្ត្រី​ខាងលើ​ស្នាក់​នៅ​ឃើញ​ទេ ហើយ​ក៏​មិន​ទាន់​ឃើញ​កូនប្រុស​របស់​គាត់​មក​ទទួលយក​ម្ដាយ​ត្រលប់​ទៅ​វិញ​នៅឡើយ ។ ពេល​នេះ​នគរបាល​និង​អាជ្ញាធរ​សង្កាត់​បាន​ទិញ​បាយ​ឲ្យ​គាត់​ហូប​និង​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ផ្ទះ​ជួល​ដែល​គាត់​ស្នាក់​នៅ​នោះ​ហើយ ប្រសិនបើ​លោក​លី ឡឹ​ង បាន​ទទួល​ដំណឹង​នេះ​ហើយ​សូម​ទៅ​ទទួលយក​លោកយាយ​កែម សៀន ដែល​ជា​ម្ដាយ​ត្រលប់​ទៅ​ផ្ទះ​វិញ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ