ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​២០២៥ របស់​សហព័ន្ធ​សន្តិ​ភាព​សកល (UPF) នៅ​សាធារណរដ្ឋ​កូរ៉េ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រាត្រី​ថ្ងៃ​ទី​៩ ខែមេសា​ឆ្នាំ​២០២៥ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​២០២៥ របស់​សហព័ន្ធ​សន្តិភាព​សកល…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រាត្រី​ថ្ងៃ​ទី​៩ ខែមេសា​ឆ្នាំ​២០២៥ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​២០២៥ របស់​សហព័ន្ធ​សន្តិភាព​សកល (Universal Peace Federation World Summit 2025) នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៥​។

អញ្ជើញ​ជូន​ដំណើរ​គណៈប្រតិភូ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន ឯកឧត្តម លោក​ជំទាវ សមាជិក​សមាជិកា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា អម​ដោយ ឯកឧត្តម លោក​ជំទាវ សមាជិក​សមាជិការ​រដ្ឋសភា ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ជា​ច្រើន​រូប​ទៀត​។

គណៈប្រតិភូ​អមដំណើរ​សម្តេច​ប្រធានរដ្ឋសភា ក្នុង​បេសកកម្ម​ការទូត​សភា​នៅ​លើ​ឆាក​អន្តរជាតិ​នេះ​មាន ឯកឧត្តម សរ ចំរុង ប្រធាន​គណៈកម្មការ​ទី​១ រដ្ឋសភា ឯកឧត្តម សួ​ស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​ទី​៥ រដ្ឋសភា ឯកឧត្តម ប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈកម្មការ​ទី​៧ រដ្ឋសភា លោក​ជំទាវ ឡោក ខេ​ង ប្រធាន​គណៈកម្មការ​ទី​៨ រដ្ឋសភា លោក​ជំទាវ និ​ន សុ​ផុ​ន ប្រធាន​គណៈកម្មការ​ទី​៩ រដ្ឋសភា ឯកឧត្តម ទី សុគន្ធ លេខាធិការ​គណៈកម្មការ​ទី​៥ រដ្ឋសភា ព្រមទាំង​ឯកឧត្តម លោក​ជំទាវ ជា​ថ្នាក់ដឹកនាំ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា និង​ទីប្រឹក្សា​សម្តេច​ប្រធានរដ្ឋសភា​មួយ​ចំនួន​ទៀត មាន​ដូច​ជា ឯកឧត្តម​បណ្ឌិត កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្តេច​ប្រធានរដ្ឋសភា ឯកឧត្តម ឃួ​ន ដា​វិត អគ្គលេខាធិការ​រង​រដ្ឋសភា ឯកឧត្តម​បណ្ឌិត ឈាង វ​ណ្ណា​រិ​ទ្ធ ប្រធាន​ក្រុម​ទីប្រឹក្សា​សម្តេច​ប្រធានរដ្ឋសភា ជាដើម​។

សហព័ន្ធ​សន្តិភាព​សកល (UPF) គឺជា​បណ្តាញ​នៃ​គ្រួសារ ស្ថាប័ន​អន្តរជាតិ និង​អន្តរ​សាសនា ដែល​មាន​អ្នកតំណាង​មក​ពី​គ្រប់​សាសនា រដ្ឋាភិបាល សង្គម​ស៊ី​វិល និង​វិស័យ​ឯកជន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ដើម្បី​រួបរួម​គ្នា​លើកកម្ពស់​សន្តិភាព និង​វិបុលភាព​រួម​។ សហព័ន្ធ​សន្តិភាព​សកល​មាន ឋានៈ​ជា​ស្ថាប័ន​ពិគ្រោះ​យោបល់ ហើយ​បាន​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយនឹង​ស្ថាប័ន​អង្គការសហប្រជាជាតិ​គឺ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ (ECOSOC) និង​មាន​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​ជាង ១២០​ប្រទេស រួម​ទាំង​នៅ​កម្ពុជា ផង​ដែរ​។

នៅ​ក្នុង​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០២៥ នៃ​សហព័ន្ធ​សន្តិភាព​សកល​នេះ សម្តេច​ប្រធានរដ្ឋសភា​នឹង​ឣ​ញ្ជើ​ញ​ចូលរួម​ពិធី​បើកផ្លូវ​ការ​, បន្ទាប់​មក​ត្រូវ​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​សម័យប្រជុំ​លើក​ទី​១, អញ្ជើញ​ដឹកនាំ​សម័យប្រជុំ​លើក​ទី​២ វិបត្តិ​សាកល និង​អនាគត​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។

ជាមួយ​គ្នា​នេះ សមាជិក​គណៈប្រតិភូ ដែល​មាន​ដូច​ជា ឯកឧត្តម សួ​ស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន លោក​ជំទាវ ឡោក ខេ​ង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នីតិសម្បទា ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា ក៏​នឹង​ត្រូវ​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ផង​ដែរ​។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​ប្រធានរដ្ឋសភា​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ Hanyang Cyber University ដែល​ជា​សាកលវិទ្យាល័យ​ល្បី​មួយ នៅ​ទីក្រុង​សេ​អ៊ូ​ល​។

សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​សាកលវិទ្យាល័យ Hanyang Cyber និង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា នៅ​ក្នុង​ការ​គាំទ្រ​ដល់​ការ​កសាង​សមត្ថភាព​និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់​សមាជិក សមាជិការ​រដ្ឋសភា និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដែល​នឹង​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ណ្ឌិ​ត កែវ ពិសិដ្ឋ និង​ថ្នាក់ដឹកនាំ​សកល​វិទ្យាល័យ​។ សម្តេច​រដ្ឋសភាធិបតី និង​គណ​:​ប្រតិភូ នឹង​ឣ​ញ្ជើ​ញ​ចូលរួម​ពិធី​សម្ពោធ​វិមាន ឈុ​ន វ៉ុ​ន ជុង​(Cheon Won Gung ) នៅ​ក្នុង​ខេត្ត​ខ្យ​ង់​គី ផង​ដែរ​។

ក្រៅពី​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​២០២៥ របស់​សហព័ន្ធ​សន្តិភាព​សកល​នេះ សម្តេច​ប្រធានរដ្ឋសភា គ្រោង​មាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​បរទេស​មួយ​ចំនួន ដែល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នេះ ក្នុង​គោលបំណង​ពង្រឹង ពង្រីក​ចំណងមិត្តភាព ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​និង​ពហុភាគី ដើម្បី​នាំ​នូវ​ផលប្រយោជន៍​ជូន​ជាតិ​មាតុភូមិ ជា​ពិសេស​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រជា​ជ​និង​ប្រជាជន ការ​វិនិយោគ ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និង​កសិកម្ម ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ