ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​ការ​ទម្លាក់​គ្រា.ប់​បែ.ក​លើ​អ៊ី​រ៉​ង់​មិន​មែន​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​សន្តិ​ភាព​ទេ

1 អាទិត្យ មុន

ទីក្រុង​ម៉ូស្គូ៖ ​​​រុស្ស៊ី​ថ្លែង​ថា​ពិភព​លោក​​​មាន​អារម្មណ៍នឿយ​ណាយ​នឹង​ការ​ស្ដាប់​ឮ​ភាសា​គំរាម​កំហែង​អ៊ីរ៉ង់​ជា​ហូរ​ហែ​។ ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​ភាព​តាន​តឹង​នៅ​ក្នុង​បញ្ហា​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​បន្ត​កើត​ឡើង​យ៉ាង​ក្ដៅ​គគុក​។ ទាំង​អា​មេរិក​ និង​អ៊ីស្រាអែល​កំពុង​សម្រួច​មាត់​ថា​នឹង​វាយ​ប្រហារ​អ៊ីរ៉ង់​បើ​​អ៊ីរ៉ង់​​ផលិត​នុយ​ក្លេអ៊ែរ​ដោយ​លួច​លាក់​។ អាមេរិក​កំពុង​ប្រើ​ប្រាស់​វិធី​ចរ​ចា​គ្នា​ឱ្យ​អស់​លទ្ធ​ភាព​សិន។​​ បើ​ថា​មិន​កើត​ទេ​មុខ​តែ​វាយ​ហើយ។​ គណ​បក្ស​សា​ធារណ​រដ្ឋ​មិន​​និយាយ​ច្រើន​ទេ​ បើ​ត្រូវ​វាយ​គឺ​វាយ​ប្រាវ​តែ​ម្ដង​។ ​​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ធំ​១​របស់​អ៊ីរ៉ង់​…

ទីក្រុង​ម៉ូស្គូ៖ ​​​រុស្ស៊ី​ថ្លែង​ថា​ពិភព​លោក​​​មាន​អារម្មណ៍នឿយ​ណាយ​នឹង​ការ​ស្ដាប់​ឮ​ភាសា​គំរាម​កំហែង​អ៊ីរ៉ង់​ជា​ហូរ​ហែ​។ ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​ភាព​តាន​តឹង​នៅ​ក្នុង​បញ្ហា​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​បន្ត​កើត​ឡើង​យ៉ាង​ក្ដៅ​គគុក​។ ទាំង​អា​មេរិក​ និង​អ៊ីស្រាអែល​កំពុង​សម្រួច​មាត់​ថា​នឹង​វាយ​ប្រហារ​អ៊ីរ៉ង់​បើ​​អ៊ីរ៉ង់​​ផលិត​នុយ​ក្លេអ៊ែរ​ដោយ​លួច​លាក់​។ អាមេរិក​កំពុង​ប្រើ​ប្រាស់​វិធី​ចរ​ចា​គ្នា​ឱ្យ​អស់​លទ្ធ​ភាព​សិន។​​ បើ​ថា​មិន​កើត​ទេ​មុខ​តែ​វាយ​ហើយ។​ គណ​បក្ស​សា​ធារណ​រដ្ឋ​មិន​​និយាយ​ច្រើន​ទេ​ បើ​ត្រូវ​វាយ​គឺ​វាយ​ប្រាវ​តែ​ម្ដង​។

​​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ធំ​១​របស់​អ៊ីរ៉ង់​ រុស្ស៊ី​មិ​នចង់​ឃើញ​ជម្លោះ​នេះ​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​ទេ​។ រុស្ស៊ី​ព្រមាន​ថា​ការ​ទម្លាក់​គ្រាប់​បែក​ទៅ​​លើ​​​អ៊ីរ៉ង់​មិន​អាច​នាំ​មក​នូវ​សន្តិ​ភាព​បាន​ឡើយ​។ រុស្ស៊ី​ថា​អ៊ីរ៉ង់​ក៏​កំពុង​ត្រៀម​ខ្លួន​ទប់​ទល់​ជា​បណ្ដើរ​ៗ​ផង​ដែរ​។ អ៊ីរ៉ង់​កំពុង​វាយ​​តម្លៃ​គម្រោង​ចរ​ចា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ។ ប៉ុន្តែ​អ៊ីរ៉ង់​​មាន​ទំនុក​ចិត្ត​តិច​តួច​ និង​មាន​ចំណុច​សង្ស័យ​ជា​ច្រើន​។ អ៊ីរ៉ង់​មិន​ទាន់​ដឹង​ថា​តើ​អាមេរិក​ចង់​បាន​​អ្វី​ពិត​ប្រាកដ​។​ ​នេះ​បើ​​​តាម​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។​

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ប៉ូស្កូស ថ្លែង​ថា​រុស្ស៊ី​បាន​ដឹង​ខ្លះ​ៗ​ហើយ​អំពី​ការ​គំរាម​វាយ​ប្រហារ​អ៊ីរ៉ង់ និងដឹង​ថា​អ៊ីរ៉ង់​ក៏​​បាន​រៀប​ជើង​ព្រួល​ជា​បណ្ដើរ​ៗ​ផង​ដែរ​។ ប៉ុន្តែ​លោក​យល់​ថា​ភាគី​ទាំង​២​គួរ​ណាស់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​និយាយ​គ្នា​តាម​សម្រួល​ជា​ជាង​ប្រឈម​មុខ​ដាក់​គ្នា​។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​ លោក​ស្រី​ម៉ារីយ៉ា​ សា​កា​រ៉ូវ៉ា (Maria Zakharova) ​ថ្លែង​ថា​ជា​ការ​ពិត​ណាស់​ ពិភព​លោក​ចាប់​ផ្ដើម​នឿយ​ណាយ​ចិត្ត​នឹង​ការ​ស្ដាប់​ឮ​ភាសា​គំរាម​កំហែង​អ៊ីរ៉ង់​។ ​លោក​ស្រី​យល់​ថា​គេ​គ្រប់​គ្នា​យល់​ច្បាស់​ណាស់​ថា​ការ​ទម្លាក់​គ្រាប់​បែក​ (លើ​អ៊ីរ៉ង់) មិន​មែន​ជា​មាគ៌ា​រំលត់​ទុក្ខ​ឆ្ពោះ​ទៅ​រក​សន្តិ​ភាព​នោះ​ឡើយ​។ លោក​ស្រី​ថ្លែង​ដូច្នេះ​​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ចង់​​ដឹង​អំពី​​ជំហរ​របស់​រុស្ស៊ី​​។​ ​

កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​​ចាប់​ផ្ដើម​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​។ ពោល​គឺ​ចាប់​ផ្ដើម​តាំង​ពី​ទស​វត្ស​ទី​៥០​មក​ម៉្លេះ។ កាល​ណោះ​អ៊ីរ៉ង់ និង​អាមេរិក​ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា​ ដូច្នេះ អាមេរិក​គាំទ្រ​កម្ម​វិធី​នេះ​​។ ប៉ុន្តែ​ក្រោយមក កម្ម​វិធី​នេះក្លាយ​ជា​បញ្ហា​ដ៏​ចម្រូង​ចម្រាស​សម្រាប់​ក្រុ​មប្រទេស​មហា​អំណាច​។ ជា​ពិសេស បន្ទាប់​ពី​អ៊ីរ៉ង់​ធ្វើ​បដិវត្ត​ផ្ដួល​រំលំ​របប​រាជា​និយម​កាល​ពី​ឆ្នាំ​១៩៧៩​ ហើយ​បង្កើត​សាធារណ​រដ្ឋ​បែប​សាសនា​និយម​។ ក្រុម​បដិវត្ត​​បា​ន​​សម្រុក​ចូល​ស្ថាន​ទូត​អាមេរិក​នៅ​តេអេ​រ៉ង់ និ​ង​ចាប់​បុគ្គ​លិក​ស្ថាន​ទូត​ជា​ច្រើន​នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំង​។ អ៊ីរ៉ង់​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ធ្វើ​ឱ្យ​អាមេរិក​មាន​កំហឹង​យ៉ាង​ខ្លាំង​ និង​តាម​រក​រឿង​អ៊ីរ៉ង់​រហូត​ដល់​សព្វ​ថ្ងៃ​។​

ទោះ​បី​អ៊ីរ៉ង់​អះ​អាង​ថា​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​បម្រើ​ឱ្យ​វិស័យ​ស៊ីវិល និង​ធ្វើ​ឡើង​នៅ​​ក្នុង​បុព្វ​ហេតុ​សន្តិ​ភាព ប៉ុន្តែ​អាមេរិក អ៊ីស្រាអែល​ និង​អឺរ៉ុប​មិន​គិត​ដូច្នេះ​ទេ​។ ពួក​គេ​យល់​ថា​អ៊ីរ៉ង់​លួច​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ៊ីរ៉ង់​ពង្រឹង​កិច្ច​សហ​ការ​គ្នា​យ៉ាង​សម្បើម​ជា​មួយ​រុស្ស៊ី​ក្នុង​នាម​ជា​មហា​អំណាច​នុយ​ក្លេអ៊ែរ​ធំ​បំផុត​នៅ​លើ​លោក។ នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន រុស្ស៊ី​ទទួល​បាន​យន្ត​​ហោះ​ដ្រូន​អត្ត​ឃាត​ម៉ាក​សាហ៊ីត​មិន​តិច​គ្រឿង​ទេ​ពី​អ៊ីរ៉ង់​។ រុស្ស៊ី​ក៏​ទិញ​អាវុធ​អ៊ីរ៉ង់​ច្រើនសម្បើម​ណាស់​ដែរ​។ ថ្មី​ៗ​នេះ រុស្ស៊ី និង​អ៊ីរ៉ង់​បាន​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​មិត្ត​ភាព​-​សហ​ការ​រយៈ​ពេល​២០​ឆ្នាំ​។ ដូច្នេះ​ បើ​សិន​អា​មេរិក និង​អ៊ីស្រា​អែល​ពិត​ជា​វាយ​​ប្រហារ​អ៊ីរ៉ង់​មែន​ រុស្ស៊ី​អាច​នឹង​មិន​នៅ​ស្ងៀម​ទេ​។ នេះ​បើ​យោង​តាម​ការ​ដក​ស្រង់​ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ