ខេត្តបាត់ដំបង ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីសាខា (ក.ប.ប) ខេត្តបាត់ដំបង និងមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញ គ្រឿងឧបភោគបរិភោគ និងទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះ និងតូបលក់ទំនិញនៅផ្សារមោងឫស្សី ស្ថិតក្មុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ប្រភពបានលើកឡើងថា កម្លាំងជំនាញចុះពិនិត្យទំនិញនេះ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់បានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ក្នុងនោះមន្ត្រីជំនាញ បានត្រួតពិនិត្យទំនិញបាន ចំនួន១០តូបក្នុងផ្សារ និងផ្ទះលក់ទំនិញជុំវិញផ្សារបាន០៥ផ្ទះ ជាលទ្ធផល បានសម្រេចដកហូតមុខទំនិញ ដែលប៉ះពាល់សុខភាពរួមមាន ៖
-មឹកដៃធំទម្ងន់ ១៩,៥គីឡូក្រាម មានសារធាតុគីមី Formalin
-មឹកបំពង់ធំទម្ងន់ ៥,៥គីឡូក្រាម មានសារធាតុគីមី Formalin
-ដៃមឹក ទម្ងន់ ១៩គីឡូក្រាម មានសារធាតុគីមី Formalin
(សរុប៖ ៤៤គីឡូក្រាម) ។
បន្ទាប់រកឃើញសាធាតុនេះ មន្ត្រីជំនាញក៏បានធ្វើការអប់រំណែនាំផ្សព្វផ្សាយ នូវនីតិវិធីឯកសារគតិយុត្ត ដែលពាក់ព័ន្ធទំនិញ ព្រមទាំងបិទ និងចែកផ្ទាំង POSTER បានចំនួន១៥ផ្ទាំង ជូនដល់អាជីវករលក់ដូរផងដែរ ។
សូមជម្រាបជូនថា ប្រសិនបើគ្រឿងឧបភោគបរិភោគ ឬទំនិញ ដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ឬមានសារធាតុគីមីហាមឃាត់ ហើយត្រូវបានដាក់លក់នៅលើទីផ្សារ ពិតជាធ្វើឱ្យអ្នកប្រើប្រាស់មានផលប៉ះពាល់ដល់សុខភាព ។ ទាំងនេះ គឺជាកត្តាតម្រូវឱ្យមានការចូលរួមពីអ្នកលក់ នូវសុច្ចរិតភាពហើយក៏ត្រូវ មានការត្រួតពិ និត្យពីមន្ត្រីជំនាញជាប់ជាប្រចាំផង ដែរដើម្បីរួមចំណែកថែរក្សាបាន នូវសុខមាលភាពអ្នកប្រើប្រាស់ទាំងអស់គ្នា ៕



ចែករំលែកព័តមាននេះ