ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃា.ត់ខ្លួន​មន្ត្រី​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​ម្នាក់ ក្រោយ​ស្រវឹង​បើកឡាន​ដេញ​បំ​បុ.ក​យុវជន​ម្នាក់ ផ្ទ.ប់​​ជញ្ជាំង​ផ្ទះ​គេ​

3 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មន្ត្រី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី…

ខេត្តកណ្តាល ៖ មន្ត្រី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី ប៉ុនប៉ង​មនុស្សឃាត ក្រោយ​ស្រវឹង​បើករថយន្ត​ដេញ​បំ​បុក​យុវជន​ម្នាក់ ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៥០​នាទី ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៥ ខាង​មុខ​ផ្ទះ លក់​ភេសជ្ជៈ សុនី​តា នៅ​លើ​កំណាត់​ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ផល វុ​ទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ត្រូវ​របួស​ចំ​ក្បាល និង​ជើង​ខាង​ធ្វេ​ង​។

ចំណែក​ជនសង្ស័យ​មានឈ្មោះ សែ​ម វិច​ទ័​រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន មាន​កម្រិត​ជាតិ​អាល់កុល​ក្នុង​ខ្លួន​ចំនួន ០,47 mg/L​។

វត្ថុ​តាង​ចាប់​យក​÷
-​រថយន្ត​មួយ​គ្រឿង​ម៉ាក FORD RANGER ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2AY-6536 ខូចខាត​ផ្នែក​ខាង​មុខ​(​របស់​ជនសង្ស័យ​)​។
-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Honda c125​សេរី​២០២៤​ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​១ks៤១១៧ ខូចខាត​មួយ​ចំនួន​(​របស់​ជន​រង​គ្រោះ​)​។

យោង​តាម​កាំ​មេ​រ៉ា​សុវត្ថិភាព​នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​២១​និង​៥០​នាទី​(​ម៉ោង​កាំ​មេ​រ៉ា​សុវត្ថិភាព​) មាន​ជនសង្ស័យ​ឈ្មោះ សែ​ម វិច​ទ័​រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក Ford Ranger ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-6536 បាន​ជិះ​ដេញ​តាម​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA DREAM 125 បើកបរ​ដោយ​ឈ្មោះ ផល វុ​ទ្ធី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ចាប់ពី​ចំណុច​ស្តុ​ប​តា​លន់ ( កាកបាទក្រហម ) លុះ​មក​ដល់​ផ្លូវបំបែក​ជា​៣ ដោយសារ​ខ្លួន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ក៏​បាន​រេ​ចង្កូត​ដួល​នៅ​មុខ​ផ្ទះ​លក់​ភេសជ្ជៈ ពេល​នោះ​រថយន្ត​ខាងលើ​បាន​បើក​មក​តាម​បុក​ពីក្រោយ ក៏​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បណ្តាល​ឲ្យ​ខូចខាត​អស់​មួយ​ចំនួន ហើយ​ម្ចាស់​រថយន្ត​ខាងលើ​ក៏​បាន​បើករថយន្ត​ថយក្រោយ​ក្នុង​គោង​បំណង ជិះ​មក​បុក​ខ្លួន​បន្ត​ទៀត​ប៉ុន្តែ​រថយន្ត​នោះ​ខូច​ទៅ​មុខ​មិន​រួច ស្រាប់តែ​អ្នកបើកបរ​រថយន្ត​នោះ ចុះ​ពីលើ​វាយ​ខ្លួន ជា​ច្រើន​ដៃ​បន្ថែម​ទៀត ពេល​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​មក​ជួយ​ឃាត់​។

តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​ឈ្មោះ ផល វុ​ទ្ធី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda dream ពាក់​ស្លាក​លេខ 1KS-4177 ពណ៌​ក្រហម បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៥ មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Ford Ranger ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-6536 បាន​ស៊ី​ផ្លេ និង​គៀ​ម៉ូតូ​ខ្លួន​នៅ​ចំណុច​មុខ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​កំពឹស ពេល​នោះ​ខ្លួន​ក៏​បាន​ជិះ​តាម​ពីក្រោយ​រហូត​ដល់​ចំណុច​ស្តុ​ប​តា​លន់​(​ស្តុ​ប​កាកបាទក្រហម​) រថយន្ត​ខាងលើ​ក៏​បាន​ឈប់​ចាំ​ភ្លើងស្តុប ពេល​នោះ​ខ្លួន​ក៏​បាន​ឈប់​ម៉ូតូ​ក្បែរ​រថយន្ត​នោះ ហើយ​ធ្វើការ​គោះ​កញ្ចក់​ទ្វា​ខាងស្តាំ ចំនួន​០២​ដង បន្ទាប់ខ្លួន​ក៏​បាន​ជិះ​ម៉ូតូ​បត់​ស្តាំ​តាម​បណ្តោយ​ផ្លូវ​២១A រថយន្ត​ខាងលើ​បាន​ជិះ​ដេញ​តាម​ពីក្រោយ​រហូត​ដល់​កា​រ៉ា​ស់​សាំង​កាល់​តិច រួច​បត់​ឆ្វេង​ចូល​ទៅ​ផ្លូវ​បេតុង លុះដល់​ផ្លូវបំបែក​ជា​៣ បើក​មក​តាម​បុក​ពីក្រោយ​ក៏​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បណ្តាល​ឲ្យ​ខូចខាត​អស់​មួយ​ចំនួន ។ បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​អ្នក​បើករថយន្ត យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ចំណែក​ខ្លួន​ក៏​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ជ័យ​ជំនះ​។

តាម​ការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​ថា​គាត់ ពិតជា​ជិះ​រថយន្ត​បុក​ម៉ូតូ​ជន​រង​គ្រោះ​ប្រាកដ​មែន ព្រោះ​ខឹង ជន​រង​គ្រោះ​បាន​វាយ​កញ្ចក់​រថយន្ត​របស់​គាត់​។

បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ