ខេត្តស្ទឹងត្រែង ៖ បុរសវ័យចំណាស់២ នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបានមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងធ្វើការឃាត់ខ្លួន ខណៈជនសង្ស័យទាំង២ នាក់ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រមា ណជិត៥០ គីឡូក្រាមឆ្លងដែនពីឡាវ ចូលមកភូមិសាស្ត្រខេត្តស្ទឹងត្រែង ។
យោងតាមគេហទំព័រហ្វេសប៊ុក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហោះនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នេះថា ដោយនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
កាលពីថ្ងៃ០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០ និង៤៨នាទី កម្លាំងជំនាញក៧ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារងនៃអយ្យការអម្ម សាលាដំបូងខេត្តស្ទឹងត្រែង បានស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសដឹកជញ្ជូនគ្រឿងញៀននៅចំណុចស្ពានលើមេគង្គស្ថិតនៅភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមានឈ្មោះ ធុជ វណ្ណៈ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ យូ គ្រី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងរឹបអូសបានសារធាតុញៀន ជាប្រភេទជ័រអាភៀន ទម្ងន់៤៧ គីឡូ ២៣២ក្រាម ។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង តាមនីតិវិធី ៕

ចែករំលែកព័តមាននេះ