ខេត្តស្ទឹងត្រែង ៖ ជនរងគ្រោះ២នាក់ដែលជាម្ដាយនិងកូនស្រីបានស្លាប់យ៉ាងអាណោចអាធ័មនៅក្រោមកង់រថយន្តធុនធំ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ វេលាម៉ោងប្រមាណ៣និង៥៤នាទីរសៀល នៅភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលារសៀលថ្ងៃនោះ មានរថយន្តធុនធំមួយគ្រឿងបើកបរក្នុងទិសដៅពីខាងលិចទៅខាងកើត បានបុកម៉ូតូ២គ្រឿងពីក្រោយ បណ្ដាលឲ្យស្លាប់២នាក់ស្លាប់នៅនឹងកន្លែង និង៣នាក់ទៀតរងរបួសធ្ងន់និងស្រាល ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និយាយថា អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ ៣A-៣៥០៧ ។ តាមការពិនិត្យរបស់សមត្ថកិច្ច គឺរថយន្តបើកបរដោយការធ្វេសប្រហែស ដោយរថយន្តដាច់ហ្វ្រាំង ហើយបើកបរក្នុងល្បឿនលឿន ក៏ទៅបុកម៉ូតូទាំង២គ្រឿងបណ្ដាលឱ្យមានអ្នកស្លាប់និងរបួសតែម្ដង ។
ពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបាននាំយកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។ ចំណែកសពជនរងគ្រោះ យកទៅតម្កល់នៅសាលរក្សាសពនៃមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែក រថយន្តនិងម៉ូតូ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយនៅពេលក្រោយ ។ នគរបាលនិយាយថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់ ម្ដាយជាគ្រូបង្រៀននិងកូនស្រីមានទីលំនៅក្នុងភូមិដំរីផុង ឃុំស្រែក្រសាំងស្រុកសៀមបូកង ។ ចំណែកអ្នកបើកបររថយន្តដែលគេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីនាយកមកចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ