ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឱ្យ​ដំណើរការ​ឆ្លងកាត់​ស្ពានខ្ពស់ជាងគេ​ជាបណ្ដោះអាសន្ន​បុណ្យ​ចូលឆ្នាំ​រយៈពេល​៧​ថ្ងៃ

4 ថ្ងៃ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល អនុ​ប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា…

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល អនុ​ប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចាក់​បេតុង​ភ្ជាប់​មុខតំណ​ស្ពាន​ខ្ពស់​​ជាងគេ​នៅ​កម្ពុជា ផ្លូវជាតិ​លេខ​១០ ស្ថិត​នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់ ដើម្បី​បើក​ឲ្យ​ដំណើរការ​ជា​បណ្ដោះអាសន្ន ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។

ពិធី​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ព្រមទាំង​អភិបាលខេត្ត​ពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តកោះកុង​ផង​ដែរ ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ឲ្យ​ដឹង​ថា ស្ពាន​ខ្ពស់​ជាងគេ​នេះ ជា​ស្ពាន​ទី​២៨​នៃ​ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​ខេត្តកោះកុង ពោធិ៍សាត់ និង​បាត់ដំបង មាន​កម្ពស់​៩០​ម៉ែត្រ ប្រវែង ៥៣៧​ម៉ែត្រ ។


នៅ​ពេល​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ផ្លូវជាតិ​លេខ​១០​នេះ នឹង​ជួយ​កាត់​បន្ថយ​ពេលវេលា កាត់​បន្ថយ​ការ​ចំណាយ​ថវិកា ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ ទៅ​កាន់​កំពង់​ផែ​ទឹក​ជ្រៅ​ខេត្តកោះកុង បញ្ជូន​ទៅ​កំពង់​ផែ​ក្រុងព្រះសីហនុ បន្ត​ទៅ​ក្រៅប្រទេស ។ នេះ​គឺជា​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ ។

ឯកឧត្តម​បញ្ជាក់​ថា ពី​មុន​យើង​ធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបង​ទៅ​ខេត្តកោះកុង ត្រូវ​ឆ្លងកាត់​ភ្នំពេញ​សិន តែ​ឥឡូវនេះ យើង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១០ ចំណេញ​បាន ៣០៦​គីឡូម៉ែត្រ ។ ពី​ខេត្ត​ប៉ៃលិន​ទៅ​ខេត្តកោះកុង ចំណេញ​បាន ៣៧២​គម និង​ពី​ខេត្តពោធិ៍សាត់​ទៅ​កោះកុង ចំណេញ​បាន​២៣០​គីឡូម៉ែត្រ ។ នេះ​បើ​ប្រៀបធៀប​កាលពី​មិន​ទាន់​មាន​ផ្លូវជាតិ​លេខ​១០ ។

រយៈពេល​៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ ដែល​បើក​ឲ្យ​ដំណើរការ​ជា​បណ្ដោះអាសន្ន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នឹង​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​ក្ដី​សប្បាយ​រីករាយ​លើ​ផ្លូវជាតិ​លេខ​១០ ដើម្បី​ចង់​ឃើញ​ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា និង​ទស្សនា​ទេសភាព​ដ៏​សែន​ត្រជាក់​ភ្នែក​តាម​ដងផ្លូវ ហើយ​សង្ឃឹមថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់ បើកបរ​ដោយ​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​ចេះ​អនាម័យ​បរិស្ថាន​ទាំងអស់​គ្នា ដោយ​មិន​ចោល​សំរាម​ពាស​វាល​ពាស​កាល តាម​ទី​សាធារណៈ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ