រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ជាសំណួរថាតើអាចការពារទឹកដីរបស់កម្ពុជា ដោយនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេស បានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព ឬប្រជាជនរស់នៅការពារតាមព្រំដែនដោយផ្ទាល់នោះ គឺពិតជាមិនអាចទៅរួចនោះទេ ។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគាសុខាភ្នំពេញ សម្តេចបវរធិបតី ហ៊ុន
ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលចង់ឱ្យ «មនុស្ស» ទៅរស់នៅ ប៉ុន្តែប្រជាជនដែលទៅនៅមិនអាចនៅយូរអង្វែងបានដោយសារគ្មាន «ចរន្តសេដ្ឋកិច្ច» ហើយនៅពេលដែលចង់ជំរុញឱ្យមាន «ចរន្តសេដ្ឋកិច្ច» វិនិយោគិន ក៏នឹងត្អូញថា លំបាកលើភាពតភ្ជាប់ ទៅនឹងទីផ្សារជាដើម ដែលជាភាពប្រទាក់ក្រឡានៃទិដ្ឋភាពទាំង៣ ។ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ ។
សម្តេចបវរធិបតីបានលើកឡើងថា ការគិតគូរពីការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការងារដែលធ្វើឡើងឥតដាច់បន្តពីមួយអាណត្តិទៅមួយអាណត្តិ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានទាំងថវិកាជាតិ ហិរញ្ញប្បទានគាំទ្រពីដៃគូអភិវឌ្ឍ និងការចូលរួមចំណែកពីប្រជាជន និងវិស័យឯកជន ។
សម្តេចបវរធិបតីបានបញ្ជាក់ថា៖ «នៅពេលដែលនិយាយពីការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី យើងត្រូវសួរដែរថា តើយើងការពារជាតិដូចម្តេច នៅពេលដែលយើងគ្មានទាំងផ្លូវទៅតំបន់ដែល នៅក្រោមដែនអធិបតេយ្យរបស់យើងផងនោះ? តើយើងអាចការពារទឹកដីរបស់យើងដោយនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព ឬប្រជាជន រស់នៅការពារ តាមព្រំដែនដោយផ្ទាល់នោះ? ពិតជាមិនអាចទៅរួចទេ »។
សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីបន្ថែមទៀតថា កិច្ចការការពារព្រំដែនដែល មានប្រសិទ្ធភាព និងចីរភាពមិនមែនត្រឹមផ្តោតលើការកសាងលេណដ្ឋានរឹងមាំនោះទេ ប៉ុន្តែគឺការជំរុញការកសាងខឿនការពារជាតិរបស់ប្រជាជនតាមរយៈការកសាង និងអភិវឌ្ឍន៍ តាមបណ្ដោយព្រំដែន ដោយរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវក្រវ៉ាត់ព្រំដែន ដែលបង្កលក្ខណៈសម្រាប់ការរីកចម្រើននៅតំបន់នោះផងដែរ៕
ចែករំលែកព័តមាននេះ