ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រី​កម្ពុជា​ត្រៀម​ចរចា​ជាមួយ​ភាគីអាមេរិក​ ជុំវិញ​ការយកពន្ធ​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា អត្រាពន្ធ​អា​មេ​រិ​ក​ដាក់​លើ​ទំនិញ​កម្ពុជា​ថា ៩៧​ភាគរយ ដែល​អាម​រិ​ក​គណនា​ចេញ​មក​នោះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា អត្រាពន្ធ​អា​មេ​រិ​ក​ដាក់​លើ​ទំនិញ​កម្ពុជា​ថា ៩៧​ភាគរយ ដែល​អាម​រិ​ក​គណនា​ចេញ​មក​នោះ មិនមែន​ជា​អត្រាពន្ធ​ដែល​កម្ពុជា​យក​លើ​ទំនិញ​អា​មេ​រិ​ក ដែល​នាំ​ចូល​កម្ពុជា​នោះ​ទេ ។ ៩៧​ភាគរយ គឺជា​ឱនភាព ឬ​កម្រិត​លម្អៀង​នៃ​ជញ្ជីងពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ។​សម្តេច​បវរ​ធិ​បតី បាន​ថ្លែង​បែប​នេះ ព្រោះ​ចង់​ផ្តល់​នូវ​ចំណេះដឹង​ទៅ​អ្នកនយោបាយ​ចាស់វស្សា គឺ​លោក សម រ​ង្ស៊ី ដែល​អួតខ្លួន​ថា ជា​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច តែ​បែរជា​មិនដឹង​អី​នោះ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​ទៀត​ថា អនុលោម​តាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​កម្ពុជា ការ​យកពន្ធ​លើ​ទំនិញ​ពី​គ្រប់​ប្រទេស​ទាំងអស់​មិន​ឱ្យ​លើស​ពី ៣៥​ភាគរយ​នោះ​ឡើយ ហើយ​សម្រាប់​សហរដ្ឋអាមេរិក​កម្ពុជា​គិត​ជា​មធ្យម​គឺ ២៩,៤​ភាគរយ ហើយ​ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក​វិញ គឺ​អា​មេ​រិ​ក​គិត​ពន្ធ​ប្រមាណ ១១​ភាគរយ ។​សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ពី​ករណី​ខាងលើ​នេះ នៅ​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​អាកាស​មរតក​តេ​ជោ តម្លៃ​ជិត​៣៧​លាន​ដុល្លារ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៥​កន្លង​ទៅ ។​

សម្តេច​បវរ​ធិ​បតី​បាន​ថ្លែង​ដូច្នេះ​ថា «​ខ្ញុំ​សូម​ជម្រាប​ដល់​អ្នក​ដែល​យល់​ពី​សេដ្ឋកិច្ច​កិច្ច​ច្បាស់​ដូច​ថ្ងៃ​(​សម រ​ង្ស៊ី​) ៩៧​ភាគរយ​មិនមែន​ជា​អត្រាពន្ធ​ដែល​កម្ពុជា​យក​លើ​ទំនិញ​អា​មេ​រិ​ក​នាំ​ចូល​កម្ពុជា​នោះ​ទេ គឺ​គេ​ហៅ​ថា​អត្រា​ឱនភាព ឬ​លម្អៀង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ។​សំណួរ​ថា តើ​កម្ពុជា​ដាក់​ពន្ធ​ប៉ុន្មាន​ទៅ​លើ​ទំនិញ​អា​មេ​រិ​ក ? នៅ​ឆ្នាំ​២០០៤ កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) គឺ​យើង​បាន​ប្តេជ្ញា​ចិត្ត​រួច​ហើយ គឺ​ទំនិញ​ទាំងអស់​មិន​ថា ពី​អា​មេ​រិ​ក ឬ​ប្រទេស​ផ្សេង​ទេ មិន​ឱ្យ​លើស​ពី​៣៥​ភាគរយ​ឡើយ ហើយ​ទំនិញ​កម្ពុជា​យើង​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក បង់ពន្ធ​ជា​មធ្យម ១១​ភាគរយ ។


សម្តេច​បវរ​ធិ​បតី​បន្ថែម​ទៀត​ថា «​មិនមែន​ជា​ការ​ពិត​ទេ ដែល​ថា​ខ្មែរ​ដាក់​ពន្ធ​លើ​ទំនិញ​អា​មេ​រិ​ក ៩៧​ភាគរយ ហើយ​ការ​ដាក់​ពន្ធ​ទៅ​វិញ​ទៅ​មក​មិនមែន​តែ​យើង​ទេ អា​មេ​រិ​ក​ក៏​ដាក់​ពន្ធ​លើ​ទំនិញ​យើង​ដែរ ។ ពន្ធ​របស់​យើង​លើ​ទំនិញ​អា​មេ​រិ​ក មាន​ផលិតផល​ជាង ១៨៦៨​បន្ទាត់​ពន្ធ (១​បន្ទាត់​ពន្ធ​អាច​មាន​ផលិតផល​ច្រើន​មុខ​)​ក្នុង​នោះ​មាន​២១០​បន្ទាត់​ពន្ធ ដែល​ទំនិញ​អា​មេ​រិ​ក​នាំ​ចូល​មក​កម្ពុជា ដោយ​រួច​ពន្ធ​(​ពន្ធ​សូន្យ​)​ពន្ធ​ដែល​យើង​ដាក់​អា​មេ​រិ​ក​ខ្ពស់​បំផុត​ត្រឹម ៣៥​ភាគរយ ហើយ​ជា​ពន្ធ​មធ្យម​មាន​ត្រឹមតែ ២៩,៤​ភាគរយ​ប៉ុណ្ណោះ មិនមែន ៩៧​ភាគរយ​ទេ​» ។

​សម្តេច​បវ​ត​ធិ​បតី​បាន​ថ្លែង​ឱ្យ​ដឹង​ទៀត​ថា ពាក់ព័ន្ធ​នឹង​រឿង​ពន្ធ​របស់​អា​មេ​រិ​ក​នេះ កម្ពុជា​បាន​គិតគូរ​តាំង​តែ​ពី​ជាង ២​ខែ​មុន​មក​ម្ល៉េះ ដោយ​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើ​សេណា​រី​យ៉ូ​ផ្សេង​ៗ អំពី​ការ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​នៃ​កម្រិត​អត្រាពន្ធគយ​របស់​អា​មេ​រិ​ក គ្រាន់តែ​តែ​រង់ចាំ​មើល តើ​អា​មេ​រិ​ក​ដាក់​ពន្ធ​លើ​កម្ពុជា​ដែរ ឬ​លើ​តែ​ប្រទេស​ដៃគូ​សេដ្ឋកិច្ច​ធំ​ៗ​របស់​ខ្លួន​ប៉ុណ្ណោះ ។​ក្រោយមក ទើបតែ​នៅ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៥ ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៥​នៅ​កម្ពុជា អា​មេ​រិ​ក​ប្រកាស​ដាក់​ពន្ធ​លើ​ប្រទេស​ទាំងអស់​ជិត ២០០​ប្រទេស ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ដែរ ទើប​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ប្រជុំ​ជា​បន្ទាន់ ដាក់​ចេញ​នូវ​សកម្មភាព​ឆ្លើយ​តប ។


ពាក់ព័ន្ធ​នឹង​ការងារ​ចរចា​អំពី​បញ្ហា​ពន្ធ​នេះ​ជាមួយ​សហរដ្ឋអាមេរិក សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា ជំហាន​ដំបូង​កម្ពុជា​ទម្លាក់​ចំនួន ១៩​បន្ទាត់​ពន្ធ ដែល​ស្មើនឹង​ប្រមាណ ៨៥​មុខទំនិញ​របស់​អា​មេ​រិ​ក ពី ៣៥​ភាគរយ មក​នៅ​ត្រឹម ៥​ភាគរយ​ប៉ុណ្ណោះ ដែល​ជា​ជំហាន​ទី​១ ហើយ​សម្រាប់​ជំហាន​ទី​២ នៅ​ពេល​អា​មេ​រិ​ក​បើកភ្លើង​ខៀវ ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា នឹង​ហោះ​ទៅ​អា​មេ​រិ​ក​ចរចា​ភ្លាម​ៗ ។​សម្តេច​បវរ​ធិ​បតី​ញ្ជា​ក់​ទៀត​ថា «​សូម​ជម្រាប​ទៅ​ជនរួមជាតិ​បងប្អូន​ទាំងអស់​ថា ទោះបីជា​ខ្ញុំ​មិន​ចាំបាច់​មាន​អ្វី​ត្រូវ​ចេញ​តាម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ មិន​បាន​ន័យ​ថា ខ្ញុំ​មិន​បាន​ធ្វើការ​នេះ​ទេ ហើយ​រយៈពេល​៤១​ម៉ោង ឬ​៣៧​ម៉ោង គឺ​យើង​គិត​ល្អិតល្អន់​ណាស់ ទាំង​ជំហាន​១ និង​ជំហាន​២ ។​

យើង​បាន​រៀបចំ​ក្រុមការងារ​ជា​ជំហាន​២ រួច​ទៅ​ហើយ ដោយ​បង្កើត​ក្រុមការងារ​មួយ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់​ថុ​ល និង​លោក​ជំទាវ ចម និម្មល ត្រៀម​បើ​ចាំបាច់​ហោះ​ទៅ​ធ្វើការ​ចរចា បើ​អា​មេ​រិ​ក​បើកភ្លើង​ខៀវ​ភ្លាម​» ។​ចំពោះ​ការ​លើក​ឡើង​របស់​អ្នកនយោបាយ ដែល​ចង់ឱ្យ​សម្តេច​ចេញ​ទៅ​ចរចា​ដោយ​ផ្ទាល់ នោះ សម្តេច​បវរ​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា «​បើ​ការ​ចរចា​ពន្ធ​នេះ ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ​ចូលរួម​ចរចា ខ្ញុំ​នឹង​ចូល​ចរចា​ជាមួយ​នេះ​ជា​សម​ភាគី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ