រាជធានីភ្នំពេញ ៖ អំពើឃាតកម្មមួយដែលបានកាលឡើងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចអូរចម្លងស្នេហ៍ ភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្តកិច្ចជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាឃាតករ ទៅដល់ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ទាក់ទិននិងការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានសមត្តកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេន ណាយ ភេទប្រុស អាយុ ៤៤ឆ្នាំ ។
នៅថ្ងៃទី០១ ដើមខែមេសា ឆ្នាំ២០២៥ មានករណីប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ ដោយសង្ស័យជាករណីឃាតកម្ម ដែលជនរងគ្រោះមានឈ្មោះ ផន សីហា ហៅកិប ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ក្រោយកើតមានអំពើឃាតកម្មនោះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនី យ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានចុះទៅសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ ។
លុះនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង៤០ នាទី កម្លាំងជំនាញបានឃាត់ធ្វើការជនសង្ស័យដូចមានឈ្មោះខាងលើ នៅត្រង់ចំណុចភូមទំនប់ចាស់ ឃុំបេង ស្រុកបន្ទាយបអំពិល ខេត្តឧត្តរមានជ័យ ។ ពេលឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃកើតហេតុ(មិនចាំថ្ងៃ) ខ្លួននិងជនរងគ្រោះបានផឹកស៊ីជាមួយគ្នា ដោយបានទាស់ពាក្យសម្តីជាមួយគ្នា បន្ទាប់ មកខ្លួនក៏បានយកម៉ាលេត វាយទៅលើក្បាលជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ។
ជនសង្ស័យបានសារភាពបន្តថា នៅពេលដឹងថា ខ្លួនវាយទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ហើយ ខ្លួនបានចេញដំណើរពីខេត្តបាត់ ដំបង ទៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីគេចខ្លួនតាមការប្រមាញ់ពីសំណាក់សមត្តកិច្ច ប៉ុន្តែការគេចខ្លួននោះបានត្រឹមមួយសប្តារិ៍ ក៏ត្រូវសមត្តកិច្ចក្របួចតែម្តង ។
ជនសង្ស័យត្រូវបានសមត្តកិច្ចនាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ នឹងបន្តនីតិវិធី ៕



ចែករំលែកព័តមាននេះ