ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ​៖ ​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន ត្រូវ​ចាត់វិធានការ​ចំពោះ​បុគ្គល​ណា ​ទារ​កម្រៃ​សេវា​ក្រៅផ្លូវការ ពី​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​មក​លេង​បុណ្យចូលឆ្នាំ​ថ្មី

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​ស្នើ​ និង​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ ជាមួយ​ប្រទេស​ថៃ ត្រូវ​បង្ការ ទប់ស្កាត់ និង​ចាត់វិធានការ​ចំពោះ​បុគ្គល​ណា​ដែល​ទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ ពី​ប្រជាពលរដ្ឋ​ខ្មែរ​…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​ស្នើ​ និង​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ ជាមួយ​ប្រទេស​ថៃ ត្រូវ​បង្ការ ទប់ស្កាត់ និង​ចាត់វិធានការ​ចំពោះ​បុគ្គល​ណា​ដែល​ទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ ពី​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ពេល​ឆ្លង​ដែន ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី នា​ពេល​ខាង​មុខ​នេះ ​។

តាម​រយៈ​លិខិត​របស់​ក្រសួងមហាផ្ទៃ ផ្ញើ​ជូន អភិបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ នា​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៥​នេះ បានឱ្យ​ដឹង​ថា ដើម្បី​លើកកម្ពស់​ការ​គ្រប់គ្រង និង​ជួយ​សម្របសម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចេញចូល ឆ្លង​ដែន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឱ្យ​ប្រព្រឹត្ត ​ទៅ​ដោយ​រលូន ក្រសួង មហាផ្ទៃ បាន​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ​កិច្ចការ មួយ​ចំនួន ដូច​ជា ​៖ ត្រូវ​ពិនិត្យ និង​វាយតម្លៃ​ នូវ​ស្ថានភាព​រួម​ នៃ​ការ​ចេញចូល​ឆ្លង​ដែន​ក្នុងអំឡុងពេល​មុន​និង ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដើម្បី​ចាត់វិធានការ​ឱ្យ​បាន​សម​ស្រប​ដើម្បី ធានា​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​នីមួយ​ៗ​ឱ្យ​បាន​ល្អ​ប្រសើរ ​។

ក្រសួង​បាន​បន្ដ​ថា ត្រូវ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា កុំឱ្យ​មានការ​កកស្ទះ​នៅ​ទីស្នាក់ការ ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន ដោយ​អាច​ធ្វើការ​បង្កើន​ចំនួន​មន្ត្រី​ប្រថាប់ត្រា​ ផ្តល់​ទិដ្ឋាការ​ចេញ ចូល​ឆ្លង​ដែន ឬ​អាច​ពិភាក្សា​ជាមួយ​ភាគី​ថៃ​ ដើម្បី​បន្ថែម​ម៉ោង​ចេញចូល​ឆ្លង​ដែន​ទៅ​តាម ស្ថានភាព​ជាក់ស្តែង​ ។

លិខិត​របស់់​ក្រសួងមហាផ្ទៃ​ គូសបញ្ជាក់​ថា «​ត្រូវ​បង្ការ ទប់ស្កាត់ និង​ចាត់វិធានការ​ចំពោះ​បុគ្គល​ណា​ ដែល​ទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ពេល​ឆ្លង​ដែន​។ ត្រៀម​រៀបចំ​កងកម្លាំង​មាន​សមត្ថកិច្ច​ក្នុង​ការ​ជួយ​អន្តរាគមន៍ និង​ជួយ​សម្របសម្រួល​ដល់ ការ​ឆ្លង​ដែន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ដាក់​ចេញ​នូវ​វិធានការ​ដោះស្រាយ​តាម​ករណី ជាក់ស្តែង​ចំពោះ​បញ្ហា ឬ​បាតុភាព​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ