ទីក្រុងប៉េកាំង៖ ពេលនេះប្រទេសពី៥០-៧០បានបោះដៃទៅសេតវិមានដើម្បីស្នើសុំការចរចាសម្របសម្រួលគ្នាក្រោយពេលលោកត្រាំប្រកាសដំឡើងដ៏ខ្ពស់មិនធ្លាប់មាន លើកលែងតែប្រទេសរុស្ស៊ីដែលលោកថាកំពុងជាប់ដៃធ្វើសង្គ្រាម។ ប៉ុន្តែប្រទេសចិនប្រកាន់ជំហរដាច់ខាតមិនលុតជង្គង់សូមអង្វរអាមេរិកទេ។ ចិនថាខ្លួននឹងតស៊ូនៅក្នុងសង្គ្រាមពាណិជ្ជកម្មនេះរហូតដល់តំណក់ឈាមចុងក្រោយ។
រដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកការដំឡើងពន្ធនេះជា «ការជំរិតយកផលប្រយោជន៍ស្រស់ៗតែម្ដង»។ សង្គ្រាមពាណិជ្ជកម្មនេះកំពុងតែឆាបឆេះខ្លាំងនៅទ្វីបអាស៊ី និងអឺរ៉ុប ខណៈដែលអ្នកវិនិយោគខាងទិញ-លក់ភាគហ៊ុននៅផ្សារមូលប័ត្រសម្រុកលក់ហ៊ុនរបស់ខ្លួនទោះខាតខ្លះចំណេញខ្លះគ្រាន់បើជាងតម្លៃហ៊ុនដែលចុះថោកកាន់តែខ្លាំងទៅៗធ្វើឱ្យខាតក៏កាន់តែខ្លាំង។
មិនទាន់មានសញ្ញាថាសង្គ្រាមនេះនឹងធូរស្បើយឡើងវិញនៅពេលណាទេខណៈដែលប្រទេសមហាអំណាចសេដ្ឋកិច្ចចិនប្រកាសថាបើត្រាំចង់លេងល្បែងនយោបាយនេះ ខ្លួនអាចកំដររហូតដល់ទីបញ្ចប់។ ប្រទេសចិនប្រកាសច្បាស់ៗដូច្នេះបន្ទាប់ពីលោកត្រាំកាលពីយប់មិញបានព្រមានដំឡើងពន្ធទំនិញចិនរហូតដល់ជាង១០០%។ ការព្រមានរបស់ត្រាំធ្វើឡើងបន្ទាប់ពីប្រទេសចិនដំឡើងពន្ធ៣៤%ទៅលើទំនិញរបស់អាមេរិក។
ដូច្នេះឃើញថាអាមេរិក និងចិនចាប់ផ្ដើមប្រឡូកនៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងចាប់ផ្ដើមវាយប្រហារគ្នាទៅវិញទៅមកជាបណ្ដើរៗហើយ។ រហូតមកដល់ពេលនេះ មានតែចិនទេដែលហ៊ានធ្វើខ្លាំងដាក់អាមេរិកនៅក្នុងបញ្ហាដំឡើងពន្ធ។ ក្រៅពីនេះបណ្ដាប្រទេសនៅទ្វីបអាស៊ីដូចជាជប៉ុន កូរ៉េខាងត្បូង វៀតណាម ឥឡូវនេះឮថាឥណ្ឌូណេស៊ី១ទៀតក៏ត្រៀមធ្វើសម្បទានផងដែរដើម្បីជាថ្នូរនឹងការសម្របសម្រួលគ្នា។
សូម្បីតែសហភាពអឺរ៉ុបក៏ចាប់ផ្ដើមបន្ទន់ឥរិយាបថផងដែរនៅក្នុងបញ្ហានេះ។ ប្រទេសចិនចាត់ទុកថាការដំឡើងពន្ធរបស់លោកត្រាំជាការប្រព្រឹត្តកំហុសឆ្គងម្ដងហើយម្ដងទៀត (ខុសត្រួតលើខុស)។ ក្រសួងពាណិជ្ជកម្មចិនប្រកាសថា «បើអាមេរិកចិត្តសឿងនៅតែប្រកាន់ខ្ជាប់ទៅតាមគំនិតរបស់ខ្លួន ចិននឹងតស៊ូរហូតដល់ទីបញ្ចប់»។
ដោយសារបារម្ភថាសង្គ្រាមនេះគ្មានផលចំណេញ ប៉ុន្តែនឹងធ្វើឱ្យខាតបង់ទាំងសងខាង សហភាពអឺរ៉ុបតាមរយៈប្រធានគណៈកម្មអឺរ៉ុប លោកស្រីឡីយេន (Leyen) បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោកលីឆៀង (Li Qiang) ដើម្បីស្នើសុំឱ្យចិនខិតខំចរចាគ្នាជាមួយអាមេរិកដើម្បីស្វែងរកដំណោះស្រាយ។ លោកស្រីសង្កត់ធ្ងន់ថាចាំបាច់ត្រូវតែគាំទ្រប្រព័ន្ធពាណិជ្ជកម្មដែលមានស្រាប់៕
ចែករំលែកព័តមាននេះ