ទីក្រុងហាណូយ៖ វៀតណាមប្រឈមនឹងការខាតបង់ដ៏ធំក្នុងនាមជាប្រទេសនាំទំនិញទៅលក់នៅអាមេរិកដ៏ច្រើនសន្ធឹកសន្ធាប់ ហើយបែរជាត្រូវលោកត្រាំប្រកាសដំឡើងពន្ធដ៏ខ្ពស់កប់ពពករហូតដល់៤៦%។ ដូចនេះ មិនខុសពីប្រទេសដទៃទៀតនោះទេ ថ្នាក់ដឹកនាំវៀតណាមកំពុងរិះរកវិធីបន្ធូរបន្ថយសម្ពាធដ៏ធ្ងន់នេះតាមរយៈការចរចា និងសម្រុះសម្រួលគ្នា។
អាមេរិកថ្លែងថារហូតមកដល់ពេលនេះ ប្រទេសចន្លោះពី៥០-៧០បានបោះដៃទៅសេតវិមានដើម្បីស្នើសុំការចរចាគ្នា។ កាលពីម្សិលមិញ ជប៉ុនប្រកាសថាខ្លួនត្រៀមធ្វើកាដូដ៏ធំមួយសម្រាប់លោកត្រាំដើម្បីទទួលបានការបន្ធូរបន្ថយពន្ធ។ ថ្ងៃនេះ វៀតណាមក៏ត្រៀមធ្វើសម្បទានទៅអាមេរិកផងដែរ។ វៀតណាមត្រៀមទិញផលិតផលពីអាមេរិកឱ្យបានច្រើនថែមទៀត។ ក្នុងនោះក៏មានគម្រោងទិញទំនិញសម្រាប់បម្រើឱ្យវិស័យការពារជាតិផងដែរ។
វៀតណាមស្នើសុំឱ្យអាមេរិកទុកពេល៤៥ថ្ងៃដើម្បីសម្របសម្រួលគ្នា។ នេះបើតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោកផាំមិញជិញនៅក្នុងសេចក្ដីប្រកាសរបស់លោក។ ចំពោះយន្តហោះដឹកអ្នកដំណើរដែលក្រុមហ៊ុនអាកាសចរណ៍នានារបស់វៀតណាមបានកុម្ម៉ង់ទិញរួចហើយនោះក៏ត្រូវរដ្ឋាភិបាលវៀតណាមស្នើសុំឱ្យពន្លឿនការដឹកជញ្ជូនផងដែរ។
វៀតណាមចំណេញពីអាមេរិកមិនស្ទើរទេក្នុងមួយឆ្នាំតាមរយៈការនាំទំនិញទៅលក់នៅអាមេរិកក្នុងនាមជាទីផ្សារធំបំផុតរបស់ខ្លួន។ កាលពីឆ្នាំ២០២៤ ទំហំនាំចេញរបស់វៀតណាមលើសអាមេរិក១២៣ពាន់លានដុល្លារ។ សេចក្ដីថ្លែងការណ៍របស់វៀតណាមរៀបរាប់បន្តទៀតថាខ្លួនកំពុងស្វះស្វែងរកការចរចាគ្នាជាមួយអាមេរិកដើម្បីធ្វើឱ្យជញ្ជីងពាណិជ្ជកម្មថ្លឹងថ្លៃស្មើគ្នា និងនៅស្ថិតស្ថេរយូរអង្វែងស្របទៅតាមការស្វែងរកផលប្រយោជន៍ជាតិទាំងសងខាង។
ថ្ងៃនេះ នៅទីផ្សារមូលប័ត្ររបស់វៀតណាម តម្លៃភាគហ៊ុនធ្លាក់ចុះ៦,២៦%។ នៅចំពោះមុខនៃការយកពន្ធដ៏ខ្ពស់នេះ វៀតណាមព្យាករថាស្ថានភាពសេដ្ឋកិច្ចជាតិរបស់ខ្លួននឹងធ្លាក់ចុះ។ នៅពេលអាមេរិកមិនទាន់យកពន្ធផង សេដ្ឋកិច្ចវៀតណាមនៅត្រីមាសទីមួយចាប់ពីដើមខែមករាដល់ចុងខែមីនាថយចុះបាត់ទៅហើយ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕
ចែករំលែកព័តមាននេះ