ទីក្រុងតេអេរ៉ង់៖ ថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បញ្ជាក់ថាអ៊ីរ៉ង់ និងអាមេរិកពិតជាមានគម្រោងជួបគ្នានៅប្រទេសអូម៉ង់នៅថ្ងៃសៅរសប្ដាហ៍នេះពិតមែន។ ប៉ុន្តែផ្ទុយពីការលើកឡើងរបស់លោកត្រាំដែលថានេះជាការជួបគ្នាដោយផ្ទាល់ អ៊ីរ៉ង់ថានេះជាគម្រោងជួបគ្នាកម្រិតខ្ពស់ដោយប្រយោល។ ទោះបីជួបគ្នាដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដី បញ្ហាសំខាន់គឺអ៊ីរ៉ង់យល់ព្រមសន្ទនាគ្នាបន្ទាប់ពីសភាពការណ៍ហាក់ដូចជាពោរពេញដោយភាពគ្រោះថ្នាក់។
ដោយសារអ៊ីរ៉ង់នៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទោះបីនៅក្នុងបុព្វហេតុស៊ីវិលដូចការអះអាងរបស់ទីក្រុងតេអេរ៉ង់ក៏ដោយ ក៏ប៉ុន្តែបញ្ហានេះធ្វើអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក (ជាពិសេស អ៊ីស្រាអែល) គ្មានចិត្តស្ងប់ទាល់តែសោះ។ ពួកគេមិនអាចជឿទុកចិត្ត១០០%បានទេ។ កាលពីជំនាន់កូរ៉េខាងជើងក៏ដូចគ្នាដែរ។ អាមេរិកធ្លាប់ដាក់ការសង្ស័យតាំងពីទសវត្សទី៩០មកម៉្លេះ។ ប៉ុន្តែទីក្រុងព្យុងយ៉ាងប្រកែកជាហូរហែ។ ដល់ពេលផលិតបាន និងបាញ់សាកល្បងអាវុធនេះរួចមក ព្យុងយ៉ាងថាខ្លួនមានសិទ្ធិផលិត។
ដូច្នេះ ដើម្បីកុំឱ្យជ្រុលក្បាលក្រពើដូចករណីកូរ៉េខាងជើង អាមេរិក និងអ៊ីស្រាអែលយល់ថាខ្លួនត្រូវតែទប់ស្កាត់ឱ្យខាងតែបាន។ នៅក្នុងគម្រោងជួបគ្នាលើកនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បង្ហោះសារនៅលើបណ្ដាញអ៊ិចថាអ៊ីរ៉ង់ និងអាមេរិកនឹងជួបគ្នានៅអូម៉ង់នៅថ្ងៃសៅរ៍ដើម្បីសន្ទនាគ្នាកម្រិតខ្ពស់ដោយប្រយោល។ លោកយល់ថានេះជាឱកាសដ៏ល្អកម្ររកបានសម្រាប់ស្ទាបស្ទង់ចិត្តគ្នាទៅវិញទៅមក។ គ្រាប់បាល់កំពុងស្ថិតនៅក្នុងដៃរបស់អាមេរិក។
កាលពីមុននេះ នៅពេលជួបគ្នាជាមួយលោកណឺតាន់យ៉ាហ៊ូនៅសេតវិមាន លោកត្រាំក៏បានបង្ហើបឱ្យដឹងពីគម្រោងជួបគ្នានេះផងដែរ។ គេរំពឹងថាលោកស្ទីវវីតខូស (Steve Witkoff) ដែលជាប្រេសិតពិសេសរបស់លោកត្រាំទទួលបន្ទុកខាងកិច្ចការមជ្ឈិមបូព៌ានឹងដឹកនាំគណៈប្រតិភូទៅជួបគ្នានៅអូម៉ង់។ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថារដ្ឋាភិបាលរបស់ខ្លួននៅតែប្រកាន់ជំហរដដែលគឺថាសន្ទនាគ្នាដោយប្រយោល។ ជំហរនេះតបទៅនឹងការផ្ញើលិខិត១ច្បាប់របស់លោកត្រាំជូនអគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់។ ខាងលើនេះការដកស្រង់ប្រភពពីទស្សនាវដ្ដីញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ