ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនច្បារ​ដ៏​ធំ​បំផុត​មួយ នៅ​រាជធានី​ភ្នំពេញ​នឹង​បដិសន្ធិ​ឡើង នៅ​ក្នុង​ពេល​ខាង​មុខ​បន្ថែម​លើ​សួនច្បារ និង​រុក្ខ​សួន ដែល​មាន​ស្រាប់​ប្រមាណ​ជា​ជាង​១២០​កន្លែង ។ នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​អោយ​បង្កើន​រៀបចំ​សួន​នៅ​ទូ​ទាំង​ប្រទេស ។ តើ​ហេតុ​អ្វី? ផែនការ​កសាង​សួនច្បារ​សាធារណៈ​ថ្មី​មួយ​បន្ថែម​ទៀត​នេះ​ត្រូវ​បាន​បង្ហើប​ដោយ​សម្តេច​ធិ​បតី…

សួនច្បារ​ដ៏​ធំ​បំផុត​មួយ នៅ​រាជធានី​ភ្នំពេញ​នឹង​បដិសន្ធិ​ឡើង នៅ​ក្នុង​ពេល​ខាង​មុខ​បន្ថែម​លើ​សួនច្បារ និង​រុក្ខ​សួន ដែល​មាន​ស្រាប់​ប្រមាណ​ជា​ជាង​១២០​កន្លែង ។ នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​អោយ​បង្កើន​រៀបចំ​សួន​នៅ​ទូ​ទាំង​ប្រទេស ។ តើ​ហេតុ​អ្វី?

ផែនការ​កសាង​សួនច្បារ​សាធារណៈ​ថ្មី​មួយ​បន្ថែម​ទៀត​នេះ​ត្រូវ​បាន​បង្ហើប​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៥ នៅ​ក្នុងអំឡុងពេល​អញ្ជើញ​សម្ភោ​ធ​ស្ពាន​អាកាស​មរតក​តេ​ជោ​កម្ពុជា នៅ​តំបន់​ក្បាលថ្នល់ ។

បើ​តាម​អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​បាន​បង្ហើប​បាន​ឲ្យ​ដឹង​ថា ផ្ទៃដី​ដែល​នឹង​ត្រូវ​រក្សា​ទុក ដើម្បី​កសាង​សួនច្បារ សាធារណៈ​ដ៏​ធំ​បំផុត​នេះ គឺ​មាន​ទំហំ​ប្រមាណ​ជា​៧០​ហិ​កតា ដែល​គ្រោង​នឹង​សាងសង់ ដើម្បី​បម្រើ​ជា​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សម្រាក លំហែ ហាត់ប្រាណ និង​ចំណាយ​ពេលវេលា​ដ៏​មាន​សុខដុម​នី​យ​កម្ម​ជាមួយ​ក្រុម​គ្រួសារ ។

សួនច្បារ​សារ​ធា​ណៈ​ថ្មី​មួយ​កន្លែង​នោះ គឺ​មា​នទី​តាំងនៅ​តំបន់​ទំនប់​កប់​ស្រូវ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​ស្ថិត​នៅ​ប៉ែក​ខាងជើង​ឈាង​ខាងលិច​នៃ​រាជធានី​ភ្នំពេញ ដែល​ទីនោះ​នឹង​ក្លាយជា​កន្លែង​សម្រាប់ ប្រជាពលរដ្ឋ​អាច​កម្សាន្ត ហាត់ប្រាណ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។

នាយក​រដ្ឋមន្ត្រី ក៏​បាន​បន្ត​ថា ដី​នោះ​មាន​តម្លៃ​ប្រមាណ​ជា​៧០​លាន​ដុល្លា​ជាង ហើយ​ក៏​មាន​គម្រោង​ស្នើរ​ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​ផ្សេង​ៗ ប៉ុន្តែ​សម្តេច​បាន​ប្រកាស​ថា ទីនោះ គឺ​សម្រាប់​តែ​គម្រោង​អភិវឌ្ឍ​បន្ថែម​លើ​សួនច្បារ​សាធារណៈ​ប៉ុណ្ណោះ ។សម្តេច​ធិ​បតី ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បង្កើន​ការ​ដាំ​ដើមឈើ​ជា​ច្រើន នៅ​តាម​សួនច្បារ​សាធារណៈ ដើម្បី​កាត់​បន្ថយកម្ដៅ​ក្នុង​រាជធានី ។

បន្ថែម​ពីលើ​រាជធានី​ភ្នំពេញ​ដែល​បាន​រៀបចំ​ដី​សម្រាប់​សួនច្បារ​សាធារណៈ​ដ៏​ធំ​នេះ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ជំរុញ​ឱ្យ​ខេត្ត​ផ្សេង​ទៀត ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​អភិវឌ្ឍ​សួន​សាធារណៈ​នៅ​ក្នុង​ទីក្រុង​របស់​ពួក​គេ​សម្រាប់​ការ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ ហើយ​ក៏​បាន​អបអរ​ចំពោះ​សមិទ្ធផល​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​សួន​កម្សាន្ត សាធារណៈ​ដែល​បាន​ដាក់​ចេញ​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្ត​កែប តាកែវ ជាដើម ។

មក​ដល់​ពេល​នេះ រាជធានី​ភ្នំពេញ ដែល​មាន​ទំហំ​ប្រមាណ​ជា​៦៧៨ គីឡូ​ម៉ែត្រការ៉េ មាន​សួនច្បារ​សាធារណៈ​សរុប​ប្រមាណ​ជា​ជាង​១២០​កន្លែង ហើយ​ការ​ដែល​រាជធានី​ភ្នំពេញ​នឹង​កសាង​សួនច្បារ​ដ៏​ធំ​មួយ​កន្លែង​ទៀត ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា វា​ពិតជា​ទស្សនៈវិស័យ​មួយ​ដ៏​ត្រឹមត្រូវ​នៅ​ក្នុង​ការ​បង្កើត​លំហរ​សាធារណៈ​មួយ​សម្រាប់​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាជន ។

ការ​បង្កើន​សួនច្បារ គឺ​មាន​សារសំខាន់​ណាស់ សម្រាប់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា ។ វា​មិន​ត្រឹមតែ​អាច​ជួយ​ដល់​សុខភាព និង​ការ​កម្សាន្ត​លំហែ​របស់​ប្រជាជន​តាម​រយ​:​ការ​ហាត់ប្រាណ និង​ការ​ជួបជុំ​កម្សាន្ត​នោះ​ទេ វា​ថែម​ទាំង​អាច​ជួយ​ដល់​យុវជន និង​យុវតី ងាក​ចេញពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀ​.​ន​ផង​ដែរ នៅ​ពេល​ដែល​ពួក​គេ​មាន​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​ការ​ហាត់ប្រាណ និង​កម្សាន្ត​សប្បាយ​តាម​សួន​សាធារណ​:​ដោយ​អាច​ធ្វើ​អោយ​ពួក​គេ​ងាក​ចេញពី​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀ​.​ន ។

លោក ទុំ ចេតនា ជា​ប្រជាពលរដ្ឋ​វ័យ​៤៦​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រាជធានី​ភ្នំពេញ មាន​សួន ច្បារ​សាធារណៈ​ច្រើន​មែន ប៉ុន្តែ​រុក្ខ​សួន​ដូច​ជា តំបន់​រមណី​ដ្ឋា​ន​វត្ត​ភ្នំ​ដូច​ជា​មិន​មាន​ឡើយ ។ ដូច្នេះ​ប្រ​សិន បើ​កម្ពុជា​អាច​ពិចារណា​អភិវឌ្ឍន៍​តំបន់​បៃតង នៅ​តំបន់​ដែល​មាន​គម្រោង​ស្រាប់​នោះ គឺ​ពិតជា​ប្រសើរ ។

លោក​បាន​បញ្ជាក់​ថា «​សព្វថ្ងៃ​ទិដ្ឋភាព​បៃតង​ដូច​ជា នៅ​រមណី​ដ្ឋា​ន​វត្ត​ភ្នំ ដូច​ជា មិន​មាន​កន្លែង​ផ្សេង​ទេ នៅ​រាជធានី ដូច្នេះ​បើ​អាច​ពិចារណា​យក​តាម​រូបភាព​រមណី​ដ្ឋា​ន​បុរាណ និង​ប្រវត្តិសាស្ត្រ​មួយ​នេះ​គឺ​ល្អ​»​។

ដោយឡែក លោក ទេព ចាន់​តា​ណា ក៏​ជា​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ក៏​បាន​បង្ហាញ​ការ​ស្វាគមន៍ ហើយ​ពោល​ថា នៅ​ពេល​បច្ចុប្បន្ន​បើ​អាជ្ញាធរ​រៀបចំ​សួនច្បារ ពោល គឺ​កន្លែង​លំហរ​បៃតង​សាធារណៈ​បាន​កាន់តែ​ច្រើន គឺ​កាន់តែ​ប្រសើរ ។

លោក​បាន​បន្ត​ថា ដី​ឥឡូវ​ថ្លៃ ដូច្នេះ​ហើយ​មនុស្ស​ចេះ​តែ​រំកិល​ព្រំដែន​របស់​ខ្លួន​ចូល​ទៅ​ដែន​ធម្មជាតិ នាំ​ឲ្យ​គម្រប​បៃតង​រិច​រិល ប៉ុន្តែ​បើ​យើង​ពិចារណា​រៀបចំ​វា​ឲ្យ​កើត​នៅ​កណ្តាល​រាជធានី​វា​ពិតជា​ប្រសើរ​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ