ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តសៀមរាប បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ ក្រុង/ស្រុកទាំង១៣នៃខេត្តសៀមរាប ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ជាពិសេស លោក ប្រាក់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យកម្លាំងនគរបាលជំនាញ ចុះសហការធ្វើការចាប់ម៉ូតូបង្ហោះ និង បំពង់ស៊ីម៉ាំង៣០០ និងភ្លើងរថយន្ត២៥ ចង្កៀងមុខ៣ ចង្កៀងក្រោយ៦ ភ្លើងមូល១២ អំពូលភ្លើង ១០៣ តាមដងផ្លូវ ដែលបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ដើម្បីដោះចេញយកមកកម្ទេចចោលក្នុងក្រុងសៀមរាបកុំឱ្យមានតទៅទៀត ។

បើតាមប្រភពព័ត៌មានកម្លាំងនគរបាលជំនាញបានប្រាប់នៅព្រឹកថ្ងៃទី៨ មេសា ឆ្នាំ២០២៥នេះថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឱ្យកម្លាំងជំនាញ នៃស្នងការនគរបាលខេត្តសៀមរាប ចុះសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រុង /ស្រុក ទាំង១៣ នៃខេត្តសៀមរាប ចំណុះឱ្យស្នងការនគរបាលខេត្តសៀមរាប ចុះចាប់ម៉ូតូតូបង្ហោះ និង បំពង់ស៊ីម៉ាំងឮៗតាមដងផ្លូវ ដើម្បីដោះចេញយកមកកម្ទេចចោលនៅកណ្តាលក្រុងសៀមរាប ។

ប្រភពបានបញ្ជាក់ទៀតថា បំពង់ស៊ីម៉ាំង និងភ្លើងរថយន្ត ចង្កៀងមុខ ចង្កៀងក្រោយ ភ្លើងមូល
អំពូលភ្លើងដែលដកហូតបាន ក្រុង / ស្រុក ទាំង១៣ រួមមាន កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដកហូតបានបំពង់ស៊ីម៉ាំង១៤៣ និងភ្លើងរថយន្ត២៥ ចង្កៀងមុខ២ ចង្កៀងក្រោយ៦ ភ្លើងមូល១២អំពូលភ្លើង៤ ។

កម្លាំងនគរបាលក្រុងសៀមរាប ដកហូតបានបំពង់ស៊ីម៉ាំងមាន២៥ ។ ក្រុងរុនតាឯក តេជោសែន គ្មាន ។ ស្រុកអង្គរធំដកហូត បានបំពង់ស៊ីម៉ាំង៣ ។ ស្រុកសូទ្រនិគម ដកហូតបាន បំពង់ស៊ីម៉ាំង៣ ។ ស្រុកអង្គរជុំដកហូតបាន បំពង់ស៊ីម៉ាំង៣៧ ចង្កៀងមុខ១ ។ ស្រុកស្វាយលើ ដកហូតបាន បំពង់ស៊ីម៉ាំង ៨ ។ ស្រុកវ៉ារិន ដកហូតបាន បំពង់ស៊ីម៉ាំង១៥ ។ ស្រុកពួកដកហូតបាន បំពង់ស៊ីម៉ាំង ៣៣ ។ ស្រុកជីក្រែង ដកហូតបាន បំពង់ស៊ីម៉ាំង៦ ។ ស្រុកក្រឡាញ់ ដកហូតបាន បំពង់ស៊ីម៉ាំង៩ អំពូលភ្លើង៩៩ ។ស្រុក ស្រីស្នំគ្មាន ។ ស្រុកបន្ទាយស្រី ដកហូតបាន បំពង់ស៊ីម៉ាំង ១ ។ ស្រុកប្រាសាទបាគង ដកហូតបាន បំពង់ស៊ីម៉ាំង ១៧ ។

បច្ចុប្បន្ន កម្លាំងជំនាញទាំង១៣ ក្រុង-ស្រុក ក្នុងនោះ មានក្រុងសៀមរាប និងស្រុកចំនួន១០ដែលដកហូតបានបំពង់ស៊ីម៉ាំង សរុប៣០០ និងភ្លើងរថយន្ត មានចំនួន២៥ និងចង្កៀងមុខចំនួន៣ និងចង្កៀងក្រោយ៦ និងភ្លើងមូលចំនួន១២ និងអំពូលភ្លើងមានចំនួន១០៣ ត្រូវបានសមត្ថកិច្ចជំនាញប្រមូលយកមកកិនកំទេចចោលទាំងព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប ៕


ចែករំលែកព័តមាននេះ