ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទៅ​ស្រោច​ទឹក​រំដោះគ្រោះមុន​ចូល​ឆ្នាំ ទៅ​មិន​ទាន់​ដល់​ឆេះ​ឡានបាត់​

1 អាទិត្យ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បើករថយន្ត​ព្រូស​ចេញពីផ្ទះក្នុង​បំណង​ទៅ​ស្រោច​ទឹក​រំដោះគ្រោះ​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ប៉ុន្តែ​ខណៈ​កំពុង​ធ្វើ​ដំណើរ​ស្រាប់តែ​រលត់​ម៉ាស៊ីន​នៅ​តាម​ផ្លូវ ហើយ​ក៏​មាន​ផ្សែងហុយ​ចេញពី​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត ។ បន្តិច​ក្រោយមក ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ឡើង បណ្ដាល​ឲ្យ​រថយន្ត​ខូចខាត​ខ្ទេច​ទាំងស្រុង​នៅ​សល់​តែ​គ្រោង​ដែក​ក្លាយទៅ​ជា​ដែក​អេ​ត​ចាយ ប៉ុន្តែ​ស្ត្រី​អ្នកបើកបរបាន​បើកទ្វារ​រត់​ចេញ​ក្រៅ​ទាន់…

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បើករថយន្ត​ព្រូស​ចេញពីផ្ទះក្នុង​បំណង​ទៅ​ស្រោច​ទឹក​រំដោះគ្រោះ​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ប៉ុន្តែ​ខណៈ​កំពុង​ធ្វើ​ដំណើរ​ស្រាប់តែ​រលត់​ម៉ាស៊ីន​នៅ​តាម​ផ្លូវ ហើយ​ក៏​មាន​ផ្សែងហុយ​ចេញពី​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត ។

បន្តិច​ក្រោយមក ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ឡើង បណ្ដាល​ឲ្យ​រថយន្ត​ខូចខាត​ខ្ទេច​ទាំងស្រុង​នៅ​សល់​តែ​គ្រោង​ដែក​ក្លាយទៅ​ជា​ដែក​អេ​ត​ចាយ ប៉ុន្តែ​ស្ត្រី​អ្នកបើកបរបាន​បើកទ្វារ​រត់​ចេញ​ក្រៅ​ទាន់ មិន​មាន​រង​របួស​អ្វី​ឡើយ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្នក​ភូមិ​និយាយ​ថា មុន​កើតហេតុ​ឆេះ​រថយន្ត​នេះ ពួក​គាត់​ឃើញ​បើកបរ​តាម​ផ្លូវ​បេតុង​ខាងលើ ហើយ​ខណៈ​កំពុង​ធ្វើ​ដំណើរ​ស្រាប់តែ​ឈប់និង​មាន​ផ្សែងហុយ​ទ្រលោម​ចេញពី​ផ្នែក​ខាងក្រោយ ។ ពេល​នោះ ស្ត្រី​អ្នកបើកបរ​បាន​បើកទ្វារ​ចេញ​មក​ក្រៅ និង​ស្រែកហៅ​ពួក​គាត់​ឲ្យ​ជួយ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​បាន​ទៅ​ជួយ​ផង ស្រាប់តែ​មាន​ភ្លើង​ឆេះ​រថយន្ត​នោះ​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ ។

ភ្លាម​ៗ ពួក​គាត់​បាន​ផ្ដល់​ព័ត៌មាន​ទៅ​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ទៅ​ជួយអន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​បាន​ទៅ​ដល់​ជា​បន្តបន្ទាប់​ចំនួន​២​គ្រឿង ប៉ុន្តែ​បាញ់​ទឹក​អស់​១​រថយន្ត​ភ្លើង​ក៏​រលត់​ទៅ​វិញ ។

យ៉ាងណា​ក៏​ដោយ រថយន្ត​ត្រូវ​ភ្លើង​ឆេះ​ក្លាយជា​ដែក​អេ​ត​ចាយ​អស់​ទៅ​ហើយ ។ បើ​តាម​ស្ត្រី​ជា​ម្ចាស់​រថយន្ត​និយាយ​ថា គាត់​បើករថយន្ត​ព្រូស ស៊េរី​ឆ្នាំ​២០០៧​នេះ​ចេញពីផ្ទះ​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​បំណង​ទៅ​ស្រោច​ទឹក​រំដោះគ្រោះ​មុន​ចូល​ឆ្នាំ​ថ្មី ប៉ុន្តែ​អត់​ប្រាប់​ថា​ទៅ​ស្រោច​ទឹក​នៅ​វត្ត​ឬ​នៅ​គ្រូមន្តអាគម​ណា​នោះ​ទេ ។ នៅពេល​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​រលត់​ម៉ាស៊ីន ហើយ​ក៏​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពី​ផ្នែក​ខាងក្រោយ​ឡើង​ខ្មួលខ្មាញ់​ទៅ​ហើយ ។

ភ្លាម​ៗ​នោះ គាត់​បាន​បើកទ្វារ​ចេញ​ស្រែកហៅ​គេ​ឲ្យ​ជួយ​ដែរ តែ​បន្តិច​ក្រោយមក​ស្រាប់តែ​មានអណ្ដាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ខ្ទេច​បែប​នេះ​តែ​ម្ដង ដោយ​ពុំ​ដឹង​ថា​បណ្ដាល​មក​ពី​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ