ខេត្តព្រៃវែង ៖ កូនក្រមុំវ័យ29ឆ្នាំម្នាក់បានគាំងបេះដូងស្លាប់ភ្លាមៗក្នុងកម្មវិធីសែនគូស្រកររបស់ខ្លួន ធ្វើឲ្យសាច់ញាតិបងប្អូន និងភ្ញៀវដែលកំពុងផឹក ស៊ីសប្បាយក្នុងកម្មវិធីសែនគូស្រករថ្មីនេះ ផ្អើលពេញរោងកម្មវិធី។
ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅវេលាម៉ោងជិត8យប់ថ្ងៃទី7 មេសា នៅក្នុងកម្មវិធីសែនព្រេនគូស្រករថ្មីមួយ ដែលស្ថិតក្នុងភូមិទួលរកា ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែកខេត្តព្រៃវែង។
កូនក្រមុំដែលបានគាំងបេះដូងស្លាប់ ក្នុងកម្មវិធីមង្គលរបស់ខ្លួននេះមានឈ្មោះ អ៊ុក ចន្ធី អាយុ 29 ឆ្នាំ មានទីលំនៅក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំណែកកូនកំលោះមានឈ្មោះ ជួប ដាវីត អាយុ 22 ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងឃុំរកាស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កូនក្រមុំនិងកូនកំលោះបានទាក់ទងស្រឡាញ់គ្នាជាច្រើនខែ រហូតកូនក្រមុំបានរត់មកនៅផ្ទះកូនកំលោះអស់រយៈពេល 2 ខែ ដោយខ្លាចសាច់ញាតិជិតខាងនិយាយនិន្ទា ទើបមេបាខាងប្រុសរៀបចំធ្វើពិធីសែនព្រេនឱ្យអ្នកទាំងពីរតែម្ដងទៅ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅយប់មុនកើតហេតុ ក្រោយពីបញ្ចប់កិច្ចសែនព្រេនរួចសព្វគ្រប់ហើយ ទាំងបងប្អូនសាច់ញាតិ និងភ្ញៀវចូលរួមទាំងអស់ក៏បាននាំគ្នាចូលហូបចុកផឹកស៊ីសប្បាយរីករាយជាធម្មតា ដោយកូនកំលោះកូនក្រមុំបានឈរទទួលភ្ញៀវនៅខាងមុខរោងទៅតាមធម្មតា ប៉ុន្តែទទួលភ្ញៀវបានមួយសន្ទុះ កូនក្រមុំក៏ចូលទៅក្នុងបន្ទប់ប្ដូរសំលៀកបំពាក់ ស្រាប់តែធ្វើទុក្ខគាំងបេះដូង ទន់ដៃទន់ជើង ដោយសាច់ញាតិបងប្អូនជួយចាប់រឹតយ៉ាងណាក៏មិនធូរ ទើបនាំគ្នាដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យស្រុកភ្លាមៗ និងធ្វើឲ្យផ្អើលភ្ញៀវពេញរោងកម្មវិធី។
តាមប្រភពដដែលនេះបានបន្តថា ពេលបញ្ជូនមកដល់មន្ទីរពេទ្យ កូនក្រមុំរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ទើបក្រុមគ្រួសារសាច់ញាតិនាំត្រឡប់ទៅផ្ទះវិញ ហើយបានប្ដូរពីរោងកម្មវិធីផឹកស៊ីសែនព្រេន ទៅជាកម្មវិធីបុណ្យសពវិញតែម្ដង ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះបានបញ្ជាក់ប្រាប់អ្នកសារព៌តមានថា ជនរងគ្រោះ កាលនៅពីអាយុ12ឆ្នាំ ធ្លាប់បានធ្វើកាវះបេះដូងម្តងរួចហើយ ៕


អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ