សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សុខសន្តិភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន និងបន្តថែទាំយ៉ាងរឹងមាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវមនុញ្ញផល…
រាជធានីភ្នំពេញ ៖ សុខសន្តិភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន និងបន្តថែទាំយ៉ាងរឹងមាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវមនុញ្ញផល…
រាជធានីភ្នំពេញ ៖ សុខសន្តិភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន និងបន្តថែទាំយ៉ាងរឹងមាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវមនុញ្ញផល និងសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាជាហូរហែ ។
នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សមិទ្ធផលថ្មីមួយទៀតហើយលើដីរាជធានីភ្នំពេញ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ពានអាកាស«មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ ។
ពិធីសម្ពោធសមិទ្ធផលថ្មីរាជធានីភ្នំពេញ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ស្ពានអាកាសមរតកតេជោ ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ។
តាមការគ្រោងទុក ស្ពានអាកាសនេះ ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ប៉ុន្តែជាក់ស្តែងអាស្រ័យដោយមានការខិតខំប្រឹងប្រែងស្ថាបនាទាំងថ្ងៃទាំងយប់ ធ្វើឱ្យការដ្ឋាននេះប្រើរយៈពេលសាងសង់ត្រឹមតែ ៣០ខែប៉ុណ្ណោះ ។
ក្នុងនោះ ដោយមានគោលការណ៍អនុញ្ញាតពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរបានប្រើប្រាស់ជាបណ្តោះអាសន្ន នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តក្នុងគម្រោង ដែលបានស្ថាបនារួចជាបន្តបន្ទាប់ រួមមាន ៖ លើកទី១ ដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាសជាន់ទី២ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ និងលើកទី២ ស្ពានអាកាសជាន់ទី១ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។
ស្ពានអាកាសមរតកតេជោ បានចំណាយថវិកាសាងសង់អស់ចំនួន ៣៦ ៧៧៥ ០០០ដុល្លារ ជាកញ្ចប់ថវិកាបានពីមូលនិធិអភិវឌ្ឍកោះនរា និងថវិកាមួយផ្នែកដែលនៅសល់ពីការអនុវត្តគម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់ ដំណាក់កាលទី២ ។ ស្ពាននេះ គឺជាស្ពានអាកាសទី១ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
ស្ពានអាកាសមរតកតេជោ ជាស្ពានអាកាសមានកម្ពស់២ជាន់ និងមានផ្លូវខ្វាត់ខ្វែងច្រើនជាងគេ បើធៀបនឹងស្ពានអាកាសចំនួន៧ ដែលដាក់ឱ្យប្រើប្រាស់រួចហើយនោះ ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញ ដែលធ្លាប់បានគេប្រសិទ្ធនាមជាទីក្រុងខ្មោចក្នុងរបបខ្មែរក្រហមនោះ បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ដ៏រស់រវើកនាពេលបច្ចុប្បន្ន ក្រោមម្លប់នៃសុខសន្តិភាព កើតចេញពីនយោបាយឈ្នះ=ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។ រាជធានីភ្នំពេញ ទទួលបានកំណើនប្រជាពលរដ្ឋ និងការធ្វើចរាចរណ៍យ៉ាងឆាប់រហ័សបំផុត ។
កំណើនប្រជាពលរដ្ឋ និងការធ្វើចរាចរណ៍ ធ្វើឱ្យរាជធានីភ្នំពេញជួបការកកស្ទះចរាចរណ៍ខ្លាំង ជាពិសេសចំណុចផ្លូវប្រសព្វ ។ ដើម្បីដោះស្រាយការកកស្ទះនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងនីតិកាលកន្លងទៅ បានសាងសង់ស្ពានអាកាសជាបន្តបន្ទាប់ ។
មកដល់ពេលបច្ចុប្បន្ន ស្ពានអាកាសចំនួន៨ហើយក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់ ។ ស្ពានអាកាសទាំង៨រួមមាន៖ ស្ពានអាកាសក្បាលថ្នល់(២៤ មិថុនា ២០១០) ស្ពានអាកាស៧មករា(៦ មករា ២០១២) ស្ពានអាកាសស្ទឹងមានជ័យ(៣១ កក្កដា ២០១៤) ស្ពានអាកាស៥មករា(៥ មករា ២០១៦) ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា«ស្ពានអាកាសផ្សារដីហ៊ុយ»(២ កក្កដា ២០១៨) ស្ពានអាកាសរង្វង់មូលចោមចៅ(៣១ មីនា ២០២២) ស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥(៣១ ខែឧសភា ឆ្នាំ២០២៣) និងស្ពានអាកាសមរតកតេជោ សម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ។
ក្រៅពីស្ពានអាកាសទាំង៨នេះ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ស្ពានអាកាសភ្លោះតម្លៃជាង ១៦លានដុល្លារនេះ ត្រូវបានបើកការដ្ឋានសាងសង់ដោយសម្តេចមហាបវរធិបតី កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ៕
ចែករំលែកព័តមាននេះ