រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញការដំឡើងពន្ធនាំចូល ដែលសហរដ្ឋអាមេរិកដាក់ចេញជាមួយកម្ពុជានាពេលថ្មីៗនេះ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិត នៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ។
សម្តេចបវរធិបតី ថ្លែងថា ភ្លាមៗបន្ទាប់ពី ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសពីការដំឡើងពន្ធគយ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរ និងរៀបចំដោះស្រាយភ្លាមៗជាជំហាន នៅក្នុងជួររាជរដ្ឋាភិបាល មុននឹងបញ្ជូនលិខិតមួយចំពោះមុខទៅកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ។ ដោយបញ្ជាក់ឡើងវិញជាថ្មីទៀត សម្តេចបវរធិបតីបានថ្លែងថា កម្ពុជាមិនដែលដាក់ពន្ធនាំចូលរបស់សហរដ្ឋអាមេរិក រហូតដល់៩៧%នោះទេ ផ្ទុយទៅវិញ ពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកមកកម្ពុជាខ្ពស់បំផុតត្រឹម ៣៥% ខណៈដែលជាមធ្យមមានត្រឹម ២៩,៤% ប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងករណីដំឡើងពន្ធនេះដែរ សម្តេចបវរធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់រយៈពេល៤១ម៉ោង និងដាក់ផែនការអនុវត្តត្រឹម ៣៧ម៉ោង ដើម្បីបញ្ចប់កិច្ចការចំពោះមុខ ដោយបានផ្ញើលិខិតមួយទៅរដ្ឋបាលលោកដូណាល់ ត្រាំ ។ ផ្ទុយពីការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួន ដែលចោទរាជរដ្ឋាភិបាលកម្ពុជាមិនមានចំណាត់ការភ្លាមៗ លើបញ្ហាខាងលើនេះ ដោយសម្តេចបវរធិបតីថ្លែងថា កិច្ចការខ្លះមិនចាំបាច់បង្ហោះផ្សព្វផ្សាយនោះទេ តែត្រូវអនុវត្តភ្លាមៗតែម្តង ។
សម្តេចបវរធិបតីបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំក្រុមការងារជាជំហាន២រួចហើយ ដោយត្រៀមលក្ខណៈប្រគល់ភារកិច្ចឱ្យក្រុមការងារមួយ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បើចាំបាច់ត្រៀមចេញដំណើរទៅសហរដ្ឋអាមេរិកធ្វើការចរចា» ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «កម្ពុជាត្រៀមឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដើម្បីដឹកនាំការចរចានេះ ព្រោះវាជាសារៈសំខាន់ ថាជាការឱ្យតម្លៃខ្ពស់នៅក្នុងការចរចា ដើម្បីផលប្រយោជន៍ជាតិ ។
ការចាត់តាំងមន្ត្រីចូលចរចា គឺស្មើនឹងការឱ្យតម្លៃ ថា តើសំខាន់ប៉ុនណា ? បើយើងមិនឱ្យតម្លៃ យើងត្រឹមចាត់តាំងប្រធានយកដ្ឋានមួយក៏បានដែរ ឬមួយអនុរដ្ឋលេខាធិការ ឬរដ្ឋលេខាធិការ តែនេះយើងចាត់ដល់ឧបនាយករដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល ក្រៅពីនាយករដ្ឋមន្ត្រី អស់ពីណាធំជាងឧបនាយករដ្ឋមន្ត្រីហើយ» ។ បន្ថែមលើនេះ សម្តេចបវរធិបតី ក៏បានឆ្លើយតបទៅនឹងក្រុមប្រឆាំងមួយចំនួន ដែលតាំងខ្លួនធ្វើជាអ្នកចេះ បើជ្រុលជាមើលងាយសមត្ថភាពរបស់សម្តេចទៅហើយ សូមឱ្យចំណាំច្បាស់ជាងសម្តេចផង ។
ក្នុងន័យនេះដែរ សម្តេចបវរធិបតីបានសង្កេតឃើញថា អ្នករិះគន់សម្តេច និងតាំងខ្លួនជាបណ្ឌិតសេដ្ឋកិច្ច ប៉ុន្តែបានប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ដើម្បីរៀបចំផែនការឱ្យទៅវិញ ។ សូមជម្រាបថា ការប្រកាសត្រៀមមន្ត្រីជាន់ខ្ពស់របស់កម្ពុជាទៅចរចាជាមួយសហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នៅកម្ពុជាធ្វើសន្និសីទសារព័ត៌មាន ស្តីពីការបញ្ជាក់ការឆ្លើយតបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លើការដំឡើងពន្ធជាសកលប្រមាណ៦០ប្រទេសជុំវិញពិភពលោក ដែលលោកត្រាំ ហៅថា «ទិវារំដោះ» ក្នុងនោះក៏មានកម្ពុជាផងដែរ ត្រូវបានកំណត់ពន្ធនាំចូល ៤៩% បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ រកឃើញថា គម្លាតរវាងការនាំទំនិញពីកម្ពុជាចូលទៅកាន់សហរដ្ឋអាមេរិក មានរហូតដល់ ៩៧% ៕
ចែករំលែកព័តមាននេះ