ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្នុង​ឱកាស​ដែល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជិត​មក​ដល់ វា​ពិតជា​ប្រពៃ​ណាស់ ក្រុមប្រឆាំង​នឹង​រាជរដ្ឋាភិបាល​នៅ​ក្រៅប្រទេស​បាន​សម្រេច​សុំ​មក​រួបរួម​គ្នា ដើម្បី​បន្ត​លើកកម្ពស់ និង​ជំរុញ​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រទេស ។ លោក សម សេរី ដែល​ជា​ប្រធាន​រណ​សិ​រ្យ​រំដោះជាតិ​ខ្មែរ…

នៅ​ក្នុង​ឱកាស​ដែល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជិត​មក​ដល់ វា​ពិតជា​ប្រពៃ​ណាស់ ក្រុមប្រឆាំង​នឹង​រាជរដ្ឋាភិបាល​នៅ​ក្រៅប្រទេស​បាន​សម្រេច​សុំ​មក​រួបរួម​គ្នា ដើម្បី​បន្ត​លើកកម្ពស់ និង​ជំរុញ​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រទេស ។

លោក សម សេរី ដែល​ជា​ប្រធាន​រណ​សិ​រ្យ​រំដោះជាតិ​ខ្មែរ និង​រដ្ឋាភិបាល​ជាតិខ្មែរ​និរទេស​បាន​ប្រកាស​រំលាយ​ចោល​នូវ រណ​សិ​រ្យ​ដោះ​ជាតិខ្មែរ និង​រដ្ឋាភិបាល​ជាតិខ្មែរ​និរទេស​នោះ​ចោល ។

ការ​ប្រកាស​រំលាយ​ចោល​នូវ​ចលនា​ប្រឆាំង​នៅ​ក្រៅប្រទេស​នេះ ត្រូវ​បាន លោក សម សេរី អះអាង​ថា ធ្វើ​ឡើង​ក្នុង​ស្មារតី​រួម​សាមគ្គី​ការពារ​សន្តិភាព ដើម្បី​កុំ​ឲ្យ​កម្ពុជា​មាន​បញ្ហា​នយោបាយ ហើយ​រួម​គ្នា​ជា​ធ្លុង​មួយ​ជួយ​រក​ច្រក ដើម្បី​ពង្រឹង​ការងារ​ជាតិ ។

ក្រោយ​ពេល​ដែល​លោក សម សេរី បាន​ប្រកាស​បែប​នេះ​លោក​ក៏​ទទួល​បានការ​លើកលែងទោស​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​នាម​ជា​ប្រមុខរដ្ឋ​ស្តីទី​បាន​ចេញ​ព្រះរាជក្រឹត្យ ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៥ ត្រាស់​បង្គាប់​លើកលែងទោស​ឱ្យ​ទណ្ឌិត​ឈ្មោះ សម សេរី ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​លើ​សំណុំរឿង​មួយ​ចំនួន​។

លោក សម សេរី អតីត​ប្រធាន​រណ​សិ​រ្យ​រំដោះជាតិ​ខ្មែរ និង​រដ្ឋាភិបាល​ជាតិខ្មែរ​និរទេស​បាន​ប្រកាស​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្លែង​ថា ចាប់ពី​ពេល​នេះ​ទៅ​ប្រទេស​ខ្មែរ​លែង​មាន​វិបត្តិ​នយោបាយ​ទៀត​ហើយ ។ លោក សម សេរី បាន​បញ្ជាក់​ថា លោក​ពិតជា​រំភើប​រីករាយ​ដែល​ទទួល​បាន​លើកលែងទោស​ជា​ផ្លូវការ​ដោយ​ប្រមុខរដ្ឋ​ស្តីទី​ដែល​បាន​ប្រកាស​លើកលែងទោស​ដល់​រូប​លោក និង​សមាជិក​ទាំងអស់ ។

ក្នុង​ឱកាស​នោះ លោក​ក៏​បាន​ប្រកាស​អរគុណ​ដល់​ប្រទេស​ដា​ណឺ​ម៉ាក សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​មិត្តភក្តិ អន្តរជាតិ​ទាំងអស់​ដែល​បាន​ជួយ និង​គាំទ្រ​រូប​លោក ជា​ពិសេស​បងប្អូន​ខ្មែរ ដែល​បាន​គាំទ្រ​កន្លង​មក ។ លោក​បាន​លើក​ឡើង ចាប់ពី​ពេល​នេះ​ទៅ ប្រទេស​ខ្មែរ​លែង​មាន​វិបត្តិ​នយោបាយ​ទៀត​ហើយ និង​មាន​សុខ​សន្តិភាព​រីក​ចម្រើន​ជា​លំដាប់ ។

លោក សម សេរី គឺជា​មេដឹកនាំ​ក្រុម​មួយ​ដែល​រស់នៅ​ក្រៅប្រទេស ហើយ​តែងតែ​ធ្វើ​ចលនា​ប្រឆាំង​រាជរដ្ឋាភិបាល​ខ្មែរ​ជា​ច្រើន​ឆ្នាំ​កន្លង​ម ក ។ នា​ពេល​កន្លង​ទៅ​ក្រុម​របស់​លោក សម សេរី មួយ​ចំនួន​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​ផង​ដែរ ។លោក សម សេរី កន្លង​មក​ត្រូវ​បាន​តុលាការ​កម្ពុជា​សម្រេច​ធ្វើការ​កាត់ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​រហូត​ដល់​ចំនួន​៩​ឆ្នាំ​ពី​បទ​ភេរវកម្ម​កាលពី​ឆ្នាំ​២០១៣ តែ​លោក​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ។ លោក​ធ្លាប់​ត្រូវ​បាន​គេ​ដឹង​ថា មានការ​ពាក់ព័ន្ធ​នឹង​គោលបំណង​ដាក់​គ្រាប់បែក​បំផ្ទុះ​នៅ​ម្ដុំ​វត្ត​ភ្នំ និង​ក្នុង​ខេត្តសៀមរាប កាលពី​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៨ ។

រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​កន្លង​មក គឺ​តែង​ប្រុង​ប្រយ័ត្ន និង​តាមដាន​សកម្មភាព​របស់​លោក​ជា​ប្រចាំ ទោះជា​លោក​ស្ថិត​នៅ​ក្រៅប្រទេស​ក៏​ដោយ ។ រដ្ឋាភិបាល​បាន​ចាត់​ទុក​លោក​ថា ជា​មនុស្ស​ម្នាក់​ដែល​មាន​បំណង​បង្ក​អសន្តិសុខ និង​ចលាចល​ដល់​សង្គម​កម្ពុជា ហើយ​ធ្លាប់​ចាត់​ទុក​លោក​ជន​ប្រឆាំង​ដ៏​រំខាន​មួយ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ប្រទេស ។

សរុប​ទៅ​ទោះបីជា​ចលនា​ប្រឆាំង​នៅ​ក្រៅប្រទេស​មួយ​ភាគ​នៅ​មិន​ទាន់​អាច​មក​រួមរស់​ជាមួយនឹង​សង្គម និង​នយោបាយ​នៅ​កម្ពុជា​បាន​ទាំងមូល ប៉ុន្តែ​នេះ​ក៏​ចាត់​ទុក​ថា គឺជា​ជោគជ័យ​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី ធ្វើ​សមាហរណកម្ម​សង្គម​នយោបាយ​នៅ​ក្នុង​ប្រទេស​មួយ​ផ្នែក​ទៀត ដើម្បី​រួបរួម​គ្នា​បន្ត​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ហើយ​នាំ​គ្នា​រិះរក​គ្រប់​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​តែ​កើត​មាន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​អាច​បន្ត​ដំណើរការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​វិជ្ជមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ