រាជធានីភ្នំពេញ ៖ ការនាំចូលរថយន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងការបង្កើតឱកាសការងារ និងការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងចូលរួមកាត់បន្ថយការបំពុលបរិស្ថាន នៅក្នុងប្រទេសកម្ពុជា នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការនេះ បន្ទាប់ពីក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះបញ្ជីយានយន្តអគ្គិសនី ដែលឈានដល់ចំនួនសរុប ២.២៥៣គ្រឿង ពោលគឺកើនឡើង ៦២០% បើធៀបនឹងឆ្នាំ២០២៣ មានត្រឹមតែ ៣១៣គ្រឿងប៉ុណ្ណោះ។ តួលេខដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការកើនឡើង នៃការយល់ដឹងរបស់អ្នកប្រើប្រាស់ និងចំណូលចិត្តសម្រាប់ជម្រើសយានយន្ត ប្រកបដោយនិរន្តរភាពនៅកម្ពុជា។ កំណើនដ៏ច្រើននេះ បង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាន ឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតងនៅក្នុងប្រទេសកម្ពុជា ។
ថ្លែងនារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្នុងពិធីចុះហត្ថលេខា ដើម្បីនាំចូលរថយន្តអគ្គិសនីទំនើប ចូលមកប្រទេសកម្ពុជា លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ការនាំចូលរថយន្តអគ្គិសនីនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការជំរុញអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើន ។
លោកបានលើកឡើងថា ក្រសួងសាធារណការ និងដឹកជញ្ជូន មានការរីករាយយ៉ាងក្រៃលែង ដែលបានឃើញការរូកចម្រើន នៃវិស័យដឹកជញ្ជូនរបស់យើង តាមរយៈការនាំចូលរថយន្តអគ្គិសនីបែបទំនើប ដែលបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ និងគុណភាពខ្ពស់។ រថយន្តនេះ ជាផលិតផលរបស់ក្រុមហ៊ុនអន្តជាតិដ៏ល្បីល្បាញ នឹងមិនត្រឹមតែផ្តល់ជម្រើសថ្មីដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការប្រើប្រាស់ប្រកបដោយផាសុខភាព និងសុវត្ថិភាពប៉ុណ្ណោះទេ វាថែមទាំងជួយលើកកម្ពស់ស្តង់ដា នៃការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាផងដែរ .។
លោក ប្រូស លី នាយកគ្រប់គ្រងតំបន់អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាង៦,៨% ប្រាំឆ្នាំបន្តគ្នា ភាពរីកចម្រើ នៃកម្រិតជីវភាពប្រជាជនថ្នាក់កណ្តាល ចំនួន២.៥លាននាក់ និងទីផ្សារយានយន្ត ដែលកំពុងពង្រឹងខ្លួន ១២% ជារៀងរាល់ឆ្នាំ។ ប៉ុន្តែលើសពីស្ថិតិនេះ គឺជីវចល នៃទីក្រុងភ្នំពេញ ដែលមាន ៦៥% នៃប្រជាជនមានអាយុក្រោម៣០ឆ្នាំ។ ទាំងអស់នេះ គឺជាអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលស្វែងរកយានយន្ត ដែលបញ្ចូលបច្ចេកវិទ្យាទំនើប ។
អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងថា ការមកដល់ នៃរថយន្តម៉ាក LYNK & CO នឹងរួមចំណែកដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការដឹកជញ្ជូនបៃតង និងនិរន្តរភាព។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា “ថ្ងៃនេះ ជាពេលវេលាដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ ក្រុមហ៊ុនរបស់យើងទេ ប៉ុន្តែក៏សម្រាប់ដំណើរឆ្ពោះទៅកាន់បរិស្ថានស្អាត និងអនាគតប្រកបដោយនិរន្តរភាពរបស់កម្ពុជាផងដែរ” ៕





ចែករំលែកព័តមាននេះ