រាជធានីភ្នំពេញ ៖ បុរសម្នាក់អាយុជាង៣០ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខវាយ បណ្តាលឲ្យបែកក្បាលឈាមហូរស្រោចពេញខ្លួន រត់ពីម្តុំផ្សារនាគមាស ទៅដេកនៅផ្សារដើមគ ផ្អើលអាជីវករនឹងសន្តិសុខផ្សារ ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ ។
ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥ នៅចំណុចផ្សារដើមគ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអាជីវករនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញបុរសម្នាក់រត់ពីម្តុំផ្សារនាគមាស មកដេកនៅផ្សារដើមគ ដោយឃើញមានឈាមហូរស្រោចពេញខ្លួន មិនដឹងមូលហេតុនោះឡើយ ។
តាមប្រភពដដែលបានបន្តថា ពេលបុរសរងគ្រោះមកដល់ដំបូង បានសុំទឹកបងប្អូនអាជីវករនៅកន្លែងកើតហេតុហូបដែរ តែបងប្អូនអាជីវករលក់ដូរខាងលើ មិនហ៊ានយកទឹកអោយហូបភ្លាមៗទេខ្លាចពេលហូបទៅ ក្រែងមានបញ្ហាដល់អាយុជីវិត ។ បន្ទាប់មកបុរសរងគ្រោះបាននិយាយប្រាប់ថាត្រូវគេវាយ ដោយមិនដឹងមូលហេតុ បណ្តាលឲ្យបែកក្បាលចំផ្នែកខាងឆ្វេងឈាមហូរស្រោចពេញខ្លួន។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មកសន្តិសុខផ្សារដើមគ នឹងអាជីវករនៅផ្សារបានទាក់ទងទៅនគរបាលប៉ុស្តិ៍ភ្លាមៗដើម្បីហៅរថយន្តសង្គ្រោះ តែចាំរថយន្តសង្គ្រោះយូរពេក ទើបកំលាំងនគរបាលប៉ុស្តិ៍បានហៅម៉ូតូសណ្តោងរ៉ឺម៉កដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកម្ពុជាចិនព្រះកុសមៈភ្លាមៗ ។
ករណីហឹង្សាខាងលើ នគរបាលប៉ុស្តិ៍មិនទាន់បានសួរជនរងគ្រោះនៅឡើយទេ រង់ចាំព្យាបាលបានធូរស្រាលសិន ទើបសួរនាំ ដើម្បីចាត់ការតាមនីតិវិធីបន្តនៅពេលក្រោយទៀត ៕

ចែករំលែកព័តមាននេះ