ទីក្រុងតូក្យូ៖ ជប៉ុនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយនៅលើពិភពលោកក៏មិនអាចទប់ឈ្នះនឹងនយោបាយដំឡើងពន្ធរបស់លោកត្រាំបានដែរ។ ជាពិសេស វិស័យផលិតរថយន្តរបស់ជប៉ុនអាចនឹងរងគ្រោះមិនស្ទើរទេជាមួយពន្ធ២៥%។ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុនត្រៀមដាក់ចេញវិធានការឆ្លើយតបចំពោះបញ្ហានេះ។ ប្រភពខ្លះថាជប៉ុននឹងបង្ហាញលោកត្រាំនូវ «ដំណោះស្រាយមួយកញ្ចប់» ដើម្បីបញ្ចុះបញ្ចូលឱ្យលោកត្រាំស្លាប់ចិត្ត ឬដើម្បីស្អំចិត្តរបស់លោកយោគយល់អធ្យាស្រ័យ។
នាយករដ្ឋមន្ត្រីជប៉ុន លោកអ៊ីស៊ីបា ត្រៀមទាក់ទងតាមទូរស័ព្ទទៅលោកត្រាំក្នុងពេលឆាប់ៗនេះ។ នៅក្នុងស្ថានភាពនេះ ជប៉ុនយល់ថាខ្លួនមិនអាចធ្វើខ្លាំងដាក់ត្រាំបានឡើយ។ សូម្បីតែប្រទេសដែលជាសម្ព័ន្ធមិត្តដែកជាមួយគ្នាក៏លោកត្រាំមិនទាន់បង្ហាញសញ្ញាបន្ធូរបន្ថយនៅឡើយដែរ។ ត្រាំថាលោកត្រូវតែអនុវត្តការយកពន្ធដូចដែលបានប្រកាសកាលពីសប្ដាហ៍មុន។
ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់លោកត្រាំថ្លែងថារហូតមកដល់ពេលនេះ ប្រទេសជាង៥០បានបោះដៃទៅសេតវិមានដើម្បីស្នើសុំចរចាគ្នាឱ្យមានកិច្ចព្រមព្រៀង។ ប៉ុន្តែលោកត្រាំហាក់ដូចជាមិនទាន់មានអារម្មណ៍ចង់ចរចាគ្នាទេ។ លោកថាគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសណាទាំងអស់លុះត្រាឱនភាពពាណិជ្ជកម្មចិន-អាមេរិកត្រូវបានដោះស្រាយរួចរាល់សិន។
ក្រុមហ៊ុនធំៗរបស់ជប៉ុនបានទៅវិនិយោគយ៉ាងច្រើននៅអាមេរិក។ ប៉ុណ្ណឹងហើយនៅតែមិនទាន់ស្កប់ចិត្តរបស់លោកត្រាំនៅឡើយទេ។ កាលពីសប្ដាហ៍មុន លោកប្រកាសដំឡើងពន្ធ២៤%ទៅលើប្រទេសជប៉ុនដើម្បីទូទាត់ឱ្យជញ្ជីងពាណិជ្ជកម្មថ្លឹងថ្លៃស្មើគ្នា។ លោកអ៊ីស៊ីបាជឿថាជប៉ុនត្រូវតែជូនកាដូសម្រាប់លោកត្រាំសម្រាប់កំដរដៃ។ កាដូនេះក៏មិនមែនតូចតាចនោះទេ។
លោកអ៊ីស៊ីបាថ្លែងបន្តទៀតថានៅក្នុងចំណោមសួយសាអាករដែលជប៉ុនត្រៀមបញ្ជូនទៅឱ្យលោកត្រាំនោះក៏អាចមានការបោះទុនវិនិយោគ១កញ្ចប់ធំនៅក្នុងគម្រោងសាងសង់បំពង់បង្ហូរឧស្ម័ននៅរដ្ឋអាឡាស់ស្កាផងដែរ។ លោកត្រាំធ្លាប់បង្ហើបប្រាប់លោកអ៊ីស៊ីបាកាលជួបគ្នានៅសេតវិមានខែកុម្ភៈថាជប៉ុននឹងក្លាយជាដៃគូនៅក្នុងគម្រោងវិនិយោគដ៏ធំនៅអាឡាស់ស្កា។
នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនដើម្បីទប់បង្ហៀរនៃការធ្លាក់ចុះដុនដាបនៃទីផ្សារមូលប័ត្ររបស់ខ្លួន។ កាលពីព្រឹកមិញ គ្រាន់តែបើកទ្វារទីផ្សារមូលប័ត្រភ្លាម តម្លៃភាគហ៊ុននីកេរបស់ជប៉ុនធ្លាក់ចុះជិត៨%ភ្លាមមួយរំពេច។ ក្រុមអ្នករកស៊ីខាងទិញ-លក់ភាគហ៊ុនលែងត្រូវការរក្សាទុកភាគហ៊ុនរបស់ខ្លួនតទៅទៀតហើយ។
ពួកគេសុខចិត្តលក់ចោលទាំងខាតខ្លះ ចំណេញខ្លះគ្រាន់បើជាងខាតកាន់តែខ្លាំងនៅពេលភាគហ៊ុនចេះតែធ្លាក់ថ្លៃជាបន្តបន្ទាប់។ ពួកគេងាកទៅរករូបិយប័ណ្ណអ្វីផ្សេងដែលមានសុវត្ថិភាពជាងនេះដូចជាមាសជាដើម។ នៅក្នុងប្រវត្តិសាស្ត្រពិភពលោកមានតែមាសទេជាទ្រព្យសម្បត្តិដែលគេទទួលស្គាល់ជាទូទៅ និងមានតម្លៃគ្រប់សម័យកាល។ សូម្បីតែលុយដុល្លាររបស់អាមេរិកក៏មិនដល់មាសដែរ។ ខាងលើនេះជាការដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េ៕
ចែករំលែកព័តមាននេះ