រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចឲ្យអភិបាលរាជធានីភ្នំពេញរៀបចំដីនៅតំបន់ទំនប់កប់ស្រូវជាង៧០ហិកតា ដើម្បីរៀបចំជាសួនសាធារណៈជាកន្លែងលំហែកាយដល់ប្រជាពលរដ្ឋ ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖«លូវនៅរាជធានីភ្នំពេញ ខ្ញុំឲ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ត្រៀមជាង៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឲ្យអ្នកក្រុងភ្នំពេញកម្សាន្ត ។
មានអ្នកគេវាយតម្លៃថា តំបន់នឹងមួយការ៉េ១ពាន់ដុល្លារ អីញ្ចឹងជាង ៧០ហិកតាបានជាង៧០លានដុល្លារ ។ កន្លែងនេះយើងទុកជាកន្លែងសាធារណៈសម្រាប់អ្នករាជធានីភ្នំពេញ ហើយថ្ងៃក្រោយអ្នកនៅតាមបណ្តាខេត្តក៏អាចមកលេងបាន» ។
សម្តេចមហាបវរធិបតី បានលើកឡើងថា កន្លែងដែលនឹងរៀបចំនេះក៏អាចរៀបចំការប្រគុំតន្ត្រីនៅថ្ងៃសៅរ៍ អាទិត្យ ដើម្បីសប្បាយរីករាយ ។ ពេលនេះ ឯកឧត្តម ឃួង ស្រេង កំពុងរៀបចំដាំដើមឈើរាប់ពាន់ដើម ដើម្បីដាំនៅទីនោះ ។ នៅពេលថ្ងៃខាងមុខនៅចំកណ្តាលក្រុងធំៗត្រូវតែមានទីធ្លាទូលំទូលាយជាសាធារណៈសម្រាប់ជូនប្រជាពលរដ្ឋកម្សាន្ត ។
ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី ក៏បានឲ្យដឹងនៅតាមបណ្តាខេត្តខ្លះ សម្តេចបានឲ្យយោបល់ទុកដី១០០ហិកតា ឬ២០០ហិកតាសម្រាប់រៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ ។ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ៖« អីញ្ចឹងត្រូវរកដីទុកឲ្យហើយទៅសម្រាប់រៀបចំកន្លែងសាធារណៈសម្រាប់ឲ្យប្រជាពលរដ្ឋ ដែលនៅតាមខេត្តនីមួយៗ ។ នេះហើយជាការប្រកួតប្រជែងរបស់ខេត្តនីមួយៗ«…» ការរៀបចំកន្លែងសារធាណៈកាន់តែច្រើនកាន់តែល្អ» ។
សម្តេចមហាបវរធិបតី ក៏បានគាំទ្រចំពោះការអភិវឌ្ឍរបស់ខេត្តកែប ដែលរៀបចាក់ខ្សាច់ ដើម្បីរៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋកម្សាន្តផងដែរ ។ ការធ្វើបែបនេះក៏ជាកន្លែងសម្រាប់ទាក់ភ្ញៀវទេសចរណ៍នៅក្នុងខេត្ត និងមកពីក្រៅប្រទេសផងដែរ ។
សម្តេចមហាបវរធិបតី ក៏បានចាត់ទុកការរៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋនៅហ្នឹងកន្លែងជាអ្វីដែលជាគិតគូរសំខាន់ពីសំណាក់រាជរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ