ទីក្រុងកៀវ៖ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ថ្លែងថាលោកខកចិត្តយ៉ាងខ្លាំង មិនគួរណាស្ថានទូតអាមេរិកនៅអ៊ុយក្រែនស្ងាត់មាត់ដូចគេចុក មិនហ៊ានរិះគន់ការវាយប្រហាររបស់រុស្ស៊ីទៅលើសួនកុមារមួយកន្លែងដែលស្ថិតនៅក្នុងស្រុកកំណើតរបស់លោកផ្ទាល់ បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច១៨នាក់ (ប្រភពខ្លះថាស្លាប់១៩នាក់)។ ការវាយប្រហារទៅលើទីក្រុងគ្រីវយីរី (Kryvyi Rih) នោះមានសភាពខ្លាំងក្លា និងផ្ដាច់ផ្ដិលជីវិតមនុស្សដ៏ច្រើនមិនធ្លាប់មានចាប់តាំងពីដើមឆ្នាំ២០២៥។
មួយរយៈចុងក្រោយនេះ លោកហ្សេឡិនស្គីមិនសូវហ៊ានប្រើសម្ដីធំដាក់របបដឹកនាំរបស់លោកត្រាំទេចាប់តាំងពីមានបញ្ហាប្រកែកគ្នាតឹងសរសៃកនៅសេតវិមានកាលពីដើមខែមីនា។ ប៉ុន្តែលើកនេះ លោកឆ្លៀតបង្ហោះសារនយោបាយនៅលើបណ្ដាញអ៊ិចថាស្ថានទូតប្រទេសមួយចំនួននៅទីក្រុងកៀវបានប្រកាសថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីកាលពីយប់ថ្ងៃសុក្រ និងបានបញ្ចេញឈ្មោះប្រទេសរុស្ស៊ីចំៗតែម្ដងថាជាអ្នកដៃដល់នៅក្នុងរឿងនេះ។
លោកកត់សម្គាល់ថាទូតអាមេរិកនៅទីក្រុងកៀវក៏និយាយពាក់ព័ន្ធនឹងព្រឹត្តិការណ៍នោះដែរ ប៉ុន្តែពួកគេមិនបានបញ្ចេញឈ្មោះប្រទេសរុស្ស៊ីទេ។ លោកសរសេរថា «គួរឱ្យស្ដាយ ការឆ្លើយតបពីសំណាក់ស្ថានទូតអាមេរិកចំពោះការវាយប្រហារនោះធ្វើឱ្យលោកខកចិត្តណាស់។ ប្រទេសដ៏ធំមួយ ប្រជាជនដ៏ខ្លាំងពូកែ ប៉ុន្តែបែរជាបញ្ចេញប្រតិកម្មដ៏កម្សោយទៅវិញ»។
លោកថា «សូម្បីតែឈ្មោះប្រទេសរុស្ស៊ីក៏មិនហ៊ាននិយាយផងនៅពេលពិពណ៌នាអំពីព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់មីស៊ីលនោះ»។ ក្រោយមក នៅក្នុងការថ្លែងសុន្ទរកថាពេលរាត្រី លោកហ្សេឡិនស្គីកោតសរសើរអ្នកដែលហ៊ាននិយាយការពិតច្បាស់ៗ និងត្រង់ៗឥតបញ្ឆិតបញ្ឆៀង។ លោកហ្សេឡិនស្គីថាអ្វីដែលខុសឆ្គង និងគ្រោះថ្នាក់បំផុតនោះគឺនៅពេលឃើញនឹងភ្នែកហើយថារុស្ស៊ីបាញ់មីស៊ីលស្លាប់កុមារជាច្រើននាក់ ប៉ុន្តែអ្នកខ្លះ (សំដៅលើទូតអាមេរិក) សុខចិត្តនៅស្ងៀមធ្វើគធ្វើថ្លង់។
លោកហ្សេឡិនស្គីយល់ថាស្ថានទូតអាមេរិកធ្វើអីចឹងធ្វើឱ្យរុស្ស៊ីរឹតតែបានចិត្ត និងបន្តផ្ទុះអាវុធទៀត។ រុស្ស៊ីមិនទាន់ចង់ដោះស្រាយបញ្ហាតាមមធ្យោបាយការទូតទេ។ លោកថាការប្រកាន់ឥរិយាបថបែបខ្សោយបែបនេះមិនអាចបញ្ចប់សង្គ្រាមបានឡើយ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែន លោកប្រ៊ីតហ្គែត ប្រ៊ីង (Bridget Brink) បានបង្ហោះសារនៅលើបណ្ដាញអ៊ិច។ ប៉ុន្តែក្នុងនាមជាអ្នកការទូត លោកប្រើភាសាបែបការទូត មិនអាចបំផ្លោងវោហារសាស្ត្រដូចអ្នកនយោបាយបានទេ។ លោកមានចិត្តស្លុតរន្ធត់ចំពោះការវាយប្រហារក្បែរសួនកុមារ និងភោជនីយដ្ឋាននៅទីក្រុងគ្រីវយីរី។ លោកថាដោយសារមូលហេតុនេះហើយដែលយើងត្រូវតែបិទបញ្ចប់សង្គ្រាមឱ្យបាន៕
ចែករំលែកព័តមាននេះ