អភិបាលខេត្តប៉ៃលិន ប្រគល់សម្ភារៈសុខភាពអនាម័យ ជូនគ្រួសារក្រីក្រ ៧៣៨គ្រួសារ
ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព…
ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព…
ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សម្ភារៈសុខភាពអនាម័យ ជូនគ្រួសារក្រីក្រ ចំនួន ៧៣៨គ្រួសារ នៃគម្រោងពន្លឿនការស្តារឡើងវិញ នូវជីវភាព រស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះ ក្រោយវិបត្តិកូវីដ-១៩ (ហៅកាត់ ACRP) ដែលប្រារព្ធឡើងនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្ររបស់ក្រសួងផែនការ គឺជាឆ្អឹងខ្នង នៃមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ដែលប្រើប្រាស់ជាប្រភពទិន្នន័យគោល សម្រាប់កម្មវិធីជាតិជំនួយសង្គមនានា សំដៅសម្រេចបានអាទិភាពមួយ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺការផ្តោតលើការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ហើយកិច្ចការនេះ គឺជាការចាំបាច់ដែលទាមទារ ឱ្យមានកិច្ចសហការជាបន្តបន្ទាប់ ក្នុងចំណោមរដ្ឋាភិបាល វិស័យឯកជន និងអង្គការជាតិ និងអន្តរជាតិ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា គ្រួសារដែលបានទទួលផលពីប្រព័ន្ធគាំពារសង្គមជាប្រចាំ និងគម្រោងខាងលើបន្ថែមទៀត នឹងអាចចាប់យកឱកាសនេះដើម្បីពង្រឹង និងអភិវឌ្ឍខ្លួនឱ្យរួចផុតពីភាពក្រីក្រ ដោយប្រើប្រាស់ធនធានដែលទទួលបានពីគម្រោងទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានផ្តាំផ្ញើដល់គ្រួសារដែលបានទទួលផល សូមយកចិត្តទុកដាក់ ក្នុងការស្វែងយល់ និង ចាប់យកបច្ចេកទេសនានា ដែលមានបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនាពេលខាងមុខ ។
នៅក្នុងឱកាសនោះផងដែរ លោកស្រីបាន ស្រីមុំ ក៏បានថ្លែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជា និងកម្មវិធី UNDP ដែលបានរៀបចំគម្រោងពន្លឿនការស្តារឡើងវិញ នូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ តាមរយៈការផ្តល់ទ្រព្យសកម្ម ដែលជាគម្រោងដ៏សំខាន់មួយ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការប្តេជ្ញាចិត្តយូរអង្វែង ចំពោះការអភិវឌ្ឍរបស់កម្ពុជា ។
សូមបញ្ជាក់ផងដែរថា ដោយមានការគាំទ្រពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកម្មវិធី UNDP បានរៀបចំពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខភាពអនាម័យជូនគ្រួសារក្រីក្រនេះឡើង ដើម្បីបន្តរួមចំណែកអនុវត្តកម្មវិធីនយោបាយ បន្តកាត់បន្ថយភាពក្រីក្រនៅកម្ពុជា លើកកម្ពស់គុណភាពជីវិត និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយគម្រោងនេះ បានប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីកំណត់គ្រួសារគោលដៅក្នុងការជ្រើសរើសគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌មានសុពលភាពចំនួន ៥.៥០០គ្រួសារ ក្នុងនោះ ២.៥០០គ្រួសារ ត្រូវទទួលបានទ្រព្យសកម្ម ដូចជា មាន់ ពូជបន្លែ និងសម្ភារៈកសិកម្ម និង ៣.០០០គ្រួសារទៀត ត្រូវទទួលបានសម្ភារៈសុខភាពអនាម័យ និងសម្ភារៈផ្សេងៗទៀត សម្រាប់ខេត្តគោលដៅចំនួន៥ រួមមាន ខេត្តកំពង់ឆ្នាំង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ