ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ត្រៀម​ខាត​១៧​ពាន់​លាន​ដុល្លា​រ​លើ​ការ​នាំ​ឡាន​ទៅ​លក់​នៅ​អា​មេ​រិ​ក

5 ថ្ងៃ មុន

ទី​ក្រុង​តូក្យូ៖ ​ប្រទេស​ជប៉ុន​អាច​នឹង​ខាត​បង់​​​ប្រាក់​១៧​ពាន់​លាន​ដុល្លារ​ដោយ​សារ​ការ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​នាំ​ចេញ​រថ​យន្ត​ទៅ​លក់​នៅ​អាមេរិក​។ នេះ​បើ​យោង​តាម​វិទ្យា​ស្ថាន​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​​ (ICT)​សរុប​របាយ​ការណ៍​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​រថ​យន្ត​នាំ​ចូល​ទាំង​អស់​​មិន​ថា​តែ​ប្រទេស​ជប៉ុន​ អឺរ៉ុប ឬ​កាណា​ដា​នោះ​ទេ​។ ប្រធាន​វិទ្យា​ស្ថាន​ខាង​លើ​នេះ​គឺ​លោក​​ស្រី​ជូ​លា ស្ប៉ាយ (Julia…

ទី​ក្រុង​តូក្យូ៖ ​ប្រទេស​ជប៉ុន​អាច​នឹង​ខាត​បង់​​​ប្រាក់​១៧​ពាន់​លាន​ដុល្លារ​ដោយ​សារ​ការ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​នាំ​ចេញ​រថ​យន្ត​ទៅ​លក់​នៅ​អាមេរិក​។ នេះ​បើ​យោង​តាម​វិទ្យា​ស្ថាន​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​​ (ICT)​សរុប​របាយ​ការណ៍​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​រថ​យន្ត​នាំ​ចូល​ទាំង​អស់​​មិន​ថា​តែ​ប្រទេស​ជប៉ុន​ អឺរ៉ុប ឬ​កាណា​ដា​នោះ​ទេ​។

ប្រធាន​វិទ្យា​ស្ថាន​ខាង​លើ​នេះ​គឺ​លោក​​ស្រី​ជូ​លា ស្ប៉ាយ (Julia Spies) ថ្លែង​ថា​គ្រាន់​តែ​ចាប់​ផ្ដើម​អនុវត្ត​​​២៥%​ដែល​ចូល​ជា​ធរ​មាន​កាល​ពី​ម្សិល​មិញ​​​ ប្រទេស​ជប៉ុន​ត្រៀម​ខាត​លុយ​១៧​ពាន់​លាន​ដុល្លារ​។ ក្រៅ​ពី​ការ​សម្រេច​យក​ពន្ធ​លើ​រថ​យន្ត​ រដ្ឋា​ភិ​បា​ល​របស់​លោក​ត្រាំ​ក៏​ត្រៀមដំឡើង​ពន្ធ​ទៅ​លើ​គ្រឿង​បន្លាស់​រថ​យន្ត​ផង​ដែរ​ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា​ត​ទៅ​។​

​​ក្រុ​ម​ហ៊ុន​ផលិត​​រថ​យន្ត​ត្រូវ​បង់​ពន្ធ​នាំ​ចូល​រហូត​ដល់​​ទៅ​ជាង​៤៦០​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទូទាំង​ពិភព​លោក​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​វិភាគ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​។ ស្លូវ៉ាគី ជប៉ុន​ និង​ហុង​ឌុយ​រ៉ាស់​ (Honduras) ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រៀម​ចំណាយ​ច្រើន​ទៅ​លើ​ការ​ដំឡើង​ពន្ធ​នាំ​ចូលរថ​យន្ត​ទៅ​លក់​នៅ​​អាមេរិក​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​ពាណិជ្ជ​កម្ម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។ អាមេរិក​ទិញ​រថ​យន្ត​ពី​ប្រទេស​ទាំង​នេះ​នៅ​ក្នុង​បរិមាណ​ច្រើន​ៗ​។​

វិទ្យា​ស្ថាន​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ (ITC) ថ្លែង​បន្ត​ទៀត​ថា​ប្រទេស​ជប៉ុន​ប្រហែល​ជា​ត្រូវ​​រក​ទី​ផ្សារ​រថ​យន្ត​របស់​ខ្លួន​នៅ​ប្រទេស​ដទៃ​ទៀត​ហើយ​ទើប​បាន​។ លោក​ស្រី​ជូលា​​ស្ប៉ាយ​ថ្លែង​ថា​ដោយ​សារ​អាមេរិក​ជា​ទី​ផ្សារ​ដ៏​ធំ​របស់​ជប៉ុន​ ដូច​នេះ​ទោះ​បី​ប្រទេស​ជា​ច្រើន​ផ្គុំ​ចូល​គ្នា​ដូច​ជា​ចិន អាល្លឺម៉ង់​ ហ្វ៊ីលីពីន និង​ថៃ​ខំ​ទិញ​ឡាន​របស់​ជប៉ុន​ក៏​នៅ​តែ​មិន​អាច​ជំនួស​អាមេរិក​បាន​ឡើយ​។

ទំហំ​លក់​ចេញ​រថ​យន្ត​នៅ​អាមេរិក​កាល​ពី​ឆ្នាំ​២០២៤​សឹង​តែ​ពាក់​កណ្ដាល​ជា​ប្រភេទ​រថ​យន្ត​នាំ​ចូល​ (មិន​មែន​ផលិត​នៅ​អា​មេ​រិក​)។ អាមេរិក​ជា​ប្រទេស​នាំ​ចូល​រថ​យន្ត​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក​ព្រោះ​ជន​ជាតិ​អាមេរិក​ត្រូវ​ការ​ឡាន​ជា​ចាំ​បាច់​​ដោយ​សារ​​មនុស្ស​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​លើ​ចម្ងាយ​ផ្លូវ​រាប់​រយ​គីឡូ​ម៉ែត្រ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្លូបល​ដេ​តា (GlobalData)​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ